អគ្គលេខាធិការអាស៊ានស្វាគមន៍អនុប្រធានាធិបតីស្វីស នៅទីក្រុងហ្សាការតា

03-10-2025 19:54

(ហ្សការតា)៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សការតា សាធារណរដ្ឋឥណ្ឌូណេស៊ី, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Guy Parmelin អនុប្រធានាធិបតី សមាជិកសហព័ន្ធ និងជារដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច អប់រំ និងស្រាវជ្រាវរបស់ស្វីស។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈជុំវិញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពេលបច្ចុប្បន្ន រវាងអាស៊ាន និងស្វីស ព្រមទាំងបានរិះរកវិធីដែលអាចធ្វើទៅបាន ដើម្បីពង្រឹងភាពជាដៃគូសន្ទនាតាមវិស័យអាស៊ាន-ស្វីស រួមទាំង តាមរយៈការអនុវត្តសេចក្តីប្រកាសរួមអាស៊ាន-សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាដើម៕