វិភាគអន្តរជាតិ៖ ហេតុអ្វីម៉ាឡេស៊ីចង់ឱ្យលោក ដូណាល់ ត្រាំ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន?

03-10-2025 21:34

(ហុងកុង)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បានជំរុញឱ្យនាយករដ្ឋមន្ត្រីសព្វថ្ងៃ លោក Anwar Ibrahim លុបចោលការអញ្ជើញលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចូលរួម កិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងគូឡាឡាំពួ នៅខែតុលានេះ ក្នុងបរិបទដែលប្រជាជនម៉ាឡេស៊ីកំពុងមានទស្សនៈអវិជ្ជមានចំពោះសហរដ្ឋអាមេរិកជុំវិញការគាំទ្រដល់អ៉ីស្រាអែលនៅក្នុងសង្រ្គាមហ្កាហ្សា។ ក្នុងសុន្ទរកថា ជាវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមកាលពីខែកញ្ញាកន្លងទៅ លោក Mahathir បាននិយាយថាសហរដ្ឋអាមេរិកនៅតែបន្តផ្ដល់លុយ ផ្ដល់អាវុធទៅឱ្យអ៉ីស្រាអែលយកទៅកាប់សម្លាប់រង្គាល ប្រជាជនប៉ាឡេស្ទីន។ លោកអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានចោទប្រកាន់ផងដែរថាលោក ត្រាំ បានគាំទ្រដោយបើកចំហ និងបណ្ដោយឱ្យមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រព្រឹត្តដោយអ៉ីស្រាអែលលើ ប្រជាជនប៉ាឡេស្ទីន។

តែយ៉ាងណាក៏ដោយ នៅឯព្រឹត្តិការណ៍មួយក្នុងទីក្រុង Sabah កាលពីថ្ងៃទី២៧ ខែកញ្ញា លោក Anwar បានការពារការសម្រេចចិត្តរបស់លោកអញ្ជើញលោក ត្រាំ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅគូឡាឡាំពួ ដោយនិយាយថាម៉ាឡេស៊ីនឹងប្រើប្រាស់កិច្ចប្រជុំកំពូលនេះដើម្បីបង្ហាញការព្រួយបារម្ភចំពោះសោកនាដកម្មលើប្រជាជនប៉ាឡេស្ទីន និងស្ថានការណ៍ក្នុងតំបន់ហ្កាហ្សា។ លោក Anwar បានប្រកាសកាលពីថ្ងៃទី៣១ ខែកក្កដាថាលោក ត្រាំ នឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃ២៦ ដល់ថ្ងៃទី២៨ ខែតុលា ក្នុងទីក្រុងគូឡាឡាំពួ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំង២។ លោកស្រី Joanne Lin Weiling ជាមន្ត្រីជាន់ខ្ពស់ និងជាសហអ្នកសម្របសម្រួលនៃមជ្ឈមណ្ឌលសិក្សាពីអាស៊ានមកពីវិទ្យាស្ថាន ISEAS Yusof Ishak មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី យល់ថាការសម្រេចចិត្តរបស់ម៉ាឡេស៊ី គឺស្របទៅនឹងការអនុវត្តរបស់អាស៊ានដែលចាត់ទុកប្រទេសទាំងអស់ជាដៃគូសន្ទនា។ លោកស្រីបន្ថែមថាក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ីមានទំនួលខុសត្រូវក្នុងការអញ្ជើញគ្រប់ប្រមុខរដ្ឋ ឬរដ្ឋាភិបាលដែលជាដៃគូ របស់ប្លុក ហើយការបដិសេធធ្វើបែបនេះជាការអនុវត្តផ្ទុយទៅនឹងគោលការណ៍របស់ប្លុក។ «ខណៈគេអាចយល់បានពីអារម្មណ៍របស់ប្រជាជននៃប្រទេសមួយចំនួនក្នុងតំបន់ចំពោះជំហររបស់វ៉ាស៊ីនតោនលើសង្រ្គាមហ្កាហ្សា វត្តមានលោក ត្រាំនឹងផ្ដល់ឱ្យអាស៊ាននូវឱកាសដើម្បីទំនាក់ទំនងដោយផ្ទាល់ជាមួយរូបលោក»។ នេះជាការកត់សម្គាល់របស់លោកស្រី Lin។

សម្រាប់អ្នកជំនាញរូបនេះ វត្តមានរបស់លោក ត្រាំ ជាគូសបញ្ជាក់ពីការរក្សាតុល្យភាពទំនាក់ទំនងរបស់អាស៊ានជាមួយបណ្ដាប្រទេសមហាអំណាច។ ម្យ៉ាង ក្នុងនាមជាប្រធានអាស៊ាន លោកស្រី Lin បាននិយាយថា ម៉ាឡេស៊ីមិនមែនសម្លឹងឃើញការគាំទ្រលោក ត្រាំទេ តែផ្តោតលើការរក្សាឱ្យបាននូវតួនាទីស្នូលរបស់អាស៊ាន និងចៀសវាងកុំឱ្យការសម្រេចចិត្តលើកិច្ចការតំបន់អាស៊ីអាគ្នេយ៍ត្រូវប្រគល់ទៅឱ្យអ្នកដទៃ។ បើតាមលោកស្រី Lin បើទោះជាលោក ត្រាំ​មានគោលនយោបាយគាំពារនិយមក៏ដោយ វត្តមានរបស់ប្រធានាធិបតីអាមេរិកក្នុងកិច្ចប្រជុំកំពូលអាស៊ានមានតម្លៃជាយុទ្ធសាស្ត្រសម្រាប់តំបន់ទាំងមូល។ ពីព្រោះវាផ្ដល់ឱ្យអាស៊ាននូវឱកាស យ៉ាងកម្រដើម្បីបញ្ជូនសារបង្ហាញពីសាមគ្គីភាពលើពាណិជ្ជកម្ម វិនិយោគ និងភាពធន់សេដ្ឋកិច្ច ដែលនេះជាការក្រើនរំឮកសហរដ្ឋអាមេរិកពីសារៈសំខាន់ក្នុងការចូលរួមជាមួយអាស៊ាន។ ក្នុងន័យនេះ សាររបស់អាស៊ាន នោះគឺ «អាស៊ាននៅតែជាដៃគូមិនអាចខ្វះបាននៅក្នុងពាណិជ្ជកម្មពិភពលោក ហើយសហរដ្ឋអាមេរិកអាចនឹងបាត់បង់ឥទ្ធិពលទៅឱ្យចិន បើហ៊ានតែដកខ្លួនចេញពីអាស៊ាន»។

ទីក្រុងវ៉ាស៊ីនតោនបានដំឡើងពន្ធគយបដិការលើទំនិញនាំចូលពីបណ្ដាប្រទេសជាសមាជិកអាស៊ាន ក្នុងអត្រាចាប់ពី១០ ដល់៤០ភាគរយ ក្នុងនោះសិង្ហបុរីជាប់ពន្ធ១០ភាគរយ រីឯឡាវ និងមីយ៉ាន់ម៉ាជាប់ពន្ធ៤០ភាគរយ។ តាមស​ន្ទស្សន៍ Southeast Asia Influence Index របស់វិទ្យាស្ថាន Lowy ចេញផ្សាយកាលពីខែកញ្ញា ចិនទទួលបានពិន្ទុ ៦៥.៣ ក្នុងចំណោមពិន្ទុ១០០ ពោលគឺឈ្នះសហរដ្ឋអាមេរិកដែលទទួលបាន ៦៤.៤ពិន្ទុ ក្នុងនាមជាប្រទេសមានឥទ្ធិពលបំផុតក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ានជាច្រើនរួមមាន កម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ តាមសន្ទស្សន៍នេះ ចិនក៏បាននាំមុខសហរដ្ឋអាមេរិកក្នុងនាមជាទីផ្សារនាំចេញសម្រាប់ អាស៊ានផងដែរ ដោយតំណាង២០ភាគរយនៃការនាំចេញរបស់ប្លុកអាស៊ាន ធៀបទៅនឹង១៦ភាគរយរបស់សហរដ្ឋអាមេរិក។ លោក Azmi Hassan ជាអ្នកវិភាគគោលនយោបាយការបរទេសម៉ាឡេស៊ីម្នាក់ យល់ថា ពិតណាស់ ការអញ្ជើញលោក ត្រាំ នឹងបង្កឱ្យមានការមិនពេញចិត្តនៅក្នុងចំណោមប្រជាជនម៉ាឡេស៊ី តែលោក Anwar នឹងប្រឹងប្រែងចាប់យកឱកាសតាមដែលអាចធ្វើទៅបាន។ អ្នកវិភាគរូបនេះបន្តទៀតថា អំឡុងកិច្ចប្រជុំ APEC ក្នុងទីក្រុង San Francisco កាលពីឆ្នាំ២០២៣ លោក Anwar បានលើកឡើងពីសំណុំរឿងហ្កាហ្សាជាមួយអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ ដូច្នេះប្រាកដណាស់ នៅគូឡាឡាំពួ លោក Anwar ក្នុងនាមជាប្រធានាអាស៊ាន នឹងលើកឡើងពីបញ្ហានេះម្ដងទៀត ជាពិសេសអំឡុងកិច្ចប្រជុំកំពូលអាស៊ានបូកសហរដ្ឋអាមេរិក។ ដោយកត់សម្គាល់ថាបញ្ហាពាណិជ្ជកម្ម និងពន្ធគយក៏នឹងត្រូវលើកយកទៅពិភាក្សាដែរ លោក Azmi បាននិយាយថាសមាជិកអាស៊ានទាំងអស់ក្នុងនោះរួមមានទាំងសិង្ហបុរី សុទ្ធតែមិនពេញចិត្តនឹងគោលនយោបាយពន្ធគយរបស់លោក ត្រាំនោះទេ។ ដូច្នេះកិច្ចប្រជុំអាស៊ាននឹងក្លាយជាឱកាសមួយដើម្បីពន្យល់ពី សារៈសំខាន់របស់អាស៊ានជាជាងការប្រឈមមុខដាក់គ្នាជាមួយលោក ត្រាំ។

ដោយឡែក សម្រាប់លោក Oh Ei Sun ជាអ្នកជំនាញម្នាក់មកពីមជ្ឈមណ្ឌល Pacific Research Centre of Malaysia ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន មានតែម៉ាឡេស៊ី និងឥណ្ឌូណេស៊ីប៉ុណ្ណោះដែលបង្ហាញការគាំទ្រដល់បុព្វហេតុប៉ាឡេស្ទីន។ និយាយដូចនេះ ការអញ្ជើញលោក ត្រាំ មិនមែនជាបញ្ហាចោទចំពោះប្រទេសជាសមាជិកដទៃទៀតឡើយ។ លោកបន្ថែមថាលោក ត្រាំ ជាមនុស្សម្នាក់ដែលអាចប្រែប្រួលបានគ្រប់ពេល តែមានពេលខ្លះ លោកក៏ជាមនុស្សម្នាក់ងាយនឹងបញ្ចុះបញ្ចូលផងដែរ ជាពិសេសក្នុងកិច្ចចរចាដោយផ្ទាល់។ បានន័យថាប្រសិនបើសំណើដែលអាចផ្ដល់ផលប្រយោជន៍ទាំងសហរដ្ឋអាមេរិក និងអាស៊ាន ត្រូវបានស្នើឡើង នោះវាមានឱកាសអាចទៅរួចថាពន្ធគយកម្រិតខ្ពស់អាចនឹងត្រូវបានបញ្ចុះឱ្យទាបជាងមុន៕