គ្រួសាស្រ្តីមេម៉ាយ ដែលមានជីវីភាពខ្វះខាតនៅឃុំគោកឃ្មុំ ស្រុកថ្មគោល ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា
03-10-2025 22:56
(បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍ណែនាំរបស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មគោល ដឹកនាំដោយលោក តេង គឹមស៊ាន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល បាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទៅផ្តល់ជូនលោកស្រី យ៉ែម ផារ៉េត ហៅត្រប់ អាយុ៤០ឆ្នាំជាស្ត្រីមេម៉ាយចិញ្ចឹមកូន៣នាក់ ស្រី១នាក់ ភូមិកៀនកេស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះ លោក តេង គឹមស៊ាន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់លោល សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច និងសូមថែទាំសុខភាពឲ្យបានល្អ។
ជាមួយគ្នានេះ លោកប្រធានអនុសាខាស្រុក បានគូសបញ្ជាក់ថា «បើទោះបីជាបងប្អូនមានជីវភាពលំបាកយ៉ាងណាក៏ដោយ ក៏សូមខិតខំជម្នះការលំបាក តស៊ូ ជំរុញដល់កូនរបស់ខ្លួនឲ្យ
ទៅសាលារៀន ទទួលបានការអប់រំ មានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ»។
សូមបញ្ជាក់ថា ដើម្បីជួយសម្រាលការលំបាកដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក បាននាំយកអំណោយផ្តល់ជូនរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនរួមមាន៖ អង្ករចំនួន៤៥គីឡូក្រាម, ទឹកសុទ្ធ ចំនួន១កេស, មីចំនួន ២កេស, ទឹកត្រីចំនួន២យួរ, ទឹកស៊ីអុីវ ចំនួន២យួរ, ត្រីខចំនួន១យួរ, ប្រេងឆា១យួរ, សម្លៀកបំពាក់កូនក្មេង២ឈុត និងថវិកាចំនួន១៥ម៉ឺនរៀល៕










