ជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសជាច្រើន ខឹងសម្បារជនជាតិចិនដែលប្រមាថជាតិសាសន៍ខ្លួននៅកន្លែងធ្វើការ នាំឲ្យផ្ទុះប្រតិកម្មតវ៉ានៅក្រុងព្រះសីហនុ, អាជ្ញាធរ និងសមត្ថកិច្ចចុះអន្ដរាគមន៍សម្របសម្រួល
05-10-2025 14:19
(ព្រះសីហនុ)៖ ជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសជាច្រើននាក់ បាននាំគ្នាតវ៉ាប្រឆាំងដោយខឹងសម្បារជាមួយជនជាតិចិនដែលប្រើពាក្យប្រមាថជាតិសាសន៍ខ្លួននៅកន្លែងធ្វើការក្នុងអគារមួយ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផ្អើលប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះអន្ដរាគមន៍ដើម្បីសម្របសម្រួល។
ករណីនេះកើតឡើងនៅយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ រវាងបុគ្គលិកជនជាតិប៉ាគីស្ថាន និងបុគ្គលិកជនជាតិចិន ដោយការប្រើពាក្យអសុរោះពាក់ព័ន្ធនឹងសាសនា តែត្រូវថៅកែជនជាតិចិន បានធ្វើការសម្របសម្រួលឲ្យបុគ្គលិកជនជាតិចិន ធ្វើការសូមទោសបុគ្គលិកជនជាតិប៉ាគីស្ថាន។ ក្នុងនោះបុគ្គលិកជនជាតិប៉ាគីស្ថាន បានស្នើសុំលាឈប់ពីការងារ ហើយក៏ទទួលបានការឯកភាពពីថៅកែផងដែរ។
ប៉ុន្តែក្រោយមកក៏មានបុគ្គលិកជាជនជាតិប៉ាគីស្ថាន និងបង់ក្លាដេស ដែលធ្វើការងារនៅកន្លែងផ្សេងទៀត កើតទុក្ខ មិនសុខចិត្ត ដោយមិនទទួលយកការសូមទោស ហើយក៏ប្រមូលផ្ដុំគ្នាធ្វើការតវ៉ា បង្កជាហិង្សា។
ករណីនេះ ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ដល់ទីតាំង និងបានធ្វើការនាំខ្លួន បុគ្គលិកជនជាតិប៉ាគីស្ថាន បង់ក្លាដេសចំនួន៥៧នាក់ និងថៅកែ ព្រមទាំងបុគ្គលិកជនជាតិចិន២នាក់ ទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចាត់ការតាមនីតិវិធី៕




