ប្រកាសក្រុមការងារចលនាកសាងសមាជិកគណបក្សខេត្តស្វាយរៀង ចំនួន៨រូបបន្ថែមទៀត ដើម្បីពង្រឹងការងារបក្សឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

05-10-2025 15:05

(ស្វាយរៀង)៖ លោក រស់ ឆាយ សមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណៈចាត់តាំងគណបក្សខេត្ត និងលោក គង់ ម៉ាស់ ទីប្រឹក្សាសម្ដេចតេជោហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែតុលាឆ្នាំ២០២៥ បានអញ្ជើញប្រកាសក្រុមការងារចលនាកសាងសមាជិកគណបក្សខេត្តស្វាយរៀងចំនួន៨រូបបន្ថែម ដើម្បីពង្រឹងការងារបក្សឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ក្នុងឱកាសនោះ លោក គង់ ម៉ាស់ បានថ្លែងថាគណបក្សប្រជាជនកម្ពុជា មានប្រភពពីចលនាតស៊ូរបស់ប្រជាជន បានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជានជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារជំនះគ្រប់ឧបសគ្គ និនងហ៊ានធ្វើពលិកម្មឥតរួញរានៅគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រ ដើម្បី ប្រទេសកម្ពុជា បានឋិតស្ថេរគង់វង្ស និងរីកចម្រើនក្នុង ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម។

បើតាមលោក គង់ ម៉ាស់ បានបញ្ជាក់បន្ថែមថា ចាប់ពីទទួលបានការចាត់តាំងក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀងមក ក្រុមការងារចលនាកសាងសមាជិកគណបក្សខេត្ត បានចុះធ្វើការយ៉ាងសស្រាក់សស្រាំ ស្វាហាប់ និងមុះមុតទាំង៨ស្រុក ក្រុង ទូទាំងខេត្តស្វាយរៀង ដែលនៅក្នុងនោះរួមមាន បេក្ខជនក្រុម ប្រឹក្សាខេត្ត, បេក្ខជនក្រុមប្រឹក្សាស្រុក ក្រុង, បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់, សកម្មជនក្នុងរចនាសម្ព័ន្ធគណបក្ស, ភ្នាក់ងារគណបក្សនយោបាយ និងអ្នកគាំទ្រមកពីគណក្សដទៃសរុបបានចំនួន៩១៤នាក់។

លោក រស់ ឆាយ បានថ្លែងអំណរគុណដល់ក្រុមការងារចលនាកសាងសមាជិកគណបក្សខេត្តទាំងអស់ដែលបានចូលរួមយ៉ាងសកម្មចុះមូលដ្ឋាន ដើម្បីកៀងគរសមាជិកគណបក្សនយោបាយនានា ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបន្តថា ការប្រកាសសមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សខេត្តនាពេលនេះ គឺជាការបំពេញកម្លាំងបន្ថែមទៀត ដើម្បីឲ្យការងារកសាងសមាជិកបក្សកាន់តែរលូនទៅមុខ និងសូមស្នើដល់ក្រុមការងារចលនាកសាងសមាជិកគណបក្សទាំងអស់ ត្រូវខិតខំធ្វើការងារកសាងសមាជិកបក្សនេះ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យសមាជិកគណបក្សនយោបាយនានា មានជំនឿជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ៕