ប្រគល់-ទទួល អគារសិក្សាថ្មីមួយខ្នង ក្នុងអនុវិទ្យាល័យពោធិ៍សាត់ តម្លៃ៧ម៉ឺនដុល្លារ ជាអំណោយរបស់មហាឧបាសក ឃៀង ជា និងមហាឧបាសិកា ទឹម តុន ព្រមទាំងបុត្រ
05-10-2025 15:58
(ពោធិ៍សាត់)៖ អគារសិក្សាថ្មីមួយខ្នង មាន៥បន្ទប់ ដែលទើបសាងសង់រួច ប្រកបដោយសោភ័ណភាព និងគុណភាពខ្ពស់ ស្ថិតក្នុងបរិវេណអនុវិទ្យាល័យពោធិ៍សាត់ ប្រើប្រាស់ថវិកាអស់៧ម៉ឺនដុល្លារ ជាអំណោយដ៏ថ្លៃថ្លា របស់មហាឧបាសក ឃៀង ជា និងមហាឧបាសិកា ទឹម តុន ព្រមទាំងបុត្រ ត្រូវបានប្រគល់ជូន គណៈគ្រប់គ្រងអនុវិទ្យាល័យពោធិ៍សាត់ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥នេះ បានចាត់ចែងបន្តប្រើប្រាស់ ក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្សជំនាន់ក្រោយ ឱ្យមានសមត្ថភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន។
ពិធីប្រគល់-ទទួល អគារសិក្សាខាងលើ ស្ថិតក្រោមអធិបតីភាព លោក លឹម ចន្ទថៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រង អនុ និងវិទ្យាល័យពោធិ៍សាត់ ដោយបានការចូលរួមពី លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោកអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់, ក្រុមគ្រួសារ មហាឧបាសក ឃៀង ជា និងមហាឧបាសិកា ទឹម តុន, លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមួយចំនួនទៀត។
លោក ហេង រួន នាយកអនុវិទ្យាល័យពោធិ៍សាត់ បានជម្រាបជូនថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក លឹម ចន្ទថៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងសាលា សមិទ្ធផលដែលអនុវិទ្យាល័យពោធិ៍សាត់ ទទួលបានរួមមានអគារសិក្សា ចំនួន២ខ្នង មាន១០បន្ទាប់ ដែលក្នុងនោះអគារសិក្សាមួយខ្នង ដែលត្រូវប្រគល់-ទទួលនាពេលនេះ ប្រើប្រាស់ថវិកាសាងសង់អស់៧ម៉ឺនដុល្លារ ជាអំណោយដ៏ថ្លៃថ្លារបស់ មហាឧបាសក ឃៀង ជា និងមហាឧបាសិកា ទឹម តុន ព្រមទាំងបុត្រ និងចៅៗ។
អគារសិក្សានេះ ចាប់ផ្តើមសាងសង់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ដោយបំពាក់នូវគ្រឿងបរិក្ខាសព្វគ្រប់បែបយ៉ាង មានទាំងតុ កៅអី ក្ដារខៀន អំពូលភ្លើង និងកង្ហារ ប្រកបដោយសោភ័ណភាពស្រស់ស្អាត និងសំណង់មានគុណភាពខ្ពស់។
លោក ឃៀង សុជីវ័ន្ត សមាជិកក្រុមប្រឹក្សាខេត្ត និងជាបុត្រាបង្កើត មហាឧបាសក ឃៀង ជា និងមហាឧបាសិកា ទឹម តុន បានថ្លែងឱ្យដឹងថា មាតាបិតារបស់លោក តែងតែឱ្យតម្លៃខ្ពស់លើការងារអប់រំ ដោយហេតុថា កាលនៅក្មេង ឪពុកម្តាយយើងបានលះបង់បញ្ជូនកូនទៅឆ្ងាយពីផ្ទះ ដើម្បីឱ្យយើងទទួលបានការអប់រំល្អ សម្រាប់អនាគតដ៏ល្អប្រសើរ។
លោកបន្តថា មាតារបស់លោក ធ្លាប់ធ្វើជាគ្រូបង្រៀន ហើយការបង្រៀន តែងតែនៅជិតបេះដូងរបស់គាត់ជានិច្ច។ ម្ល៉ោះហើយបន្ទាប់ពី បិតារបស់លោក គឺមហាឧបាសក ឃៀង ជា បានទទួលមរណភាព មាតាលោក ព្រមទាំងកូនៗ បានសម្រេចចិត្តប្រើប្រាស់ថវិកាសន្សំក្នុងគ្រួសារ ដើម្បីសាងសង់សាលារៀននេះឡើង ដោយហេតុចង់ផ្តល់អំណោយដល់សហគមន៍ និងបង្កើតឱកាសសម្រាប់កុមារ ឱ្យក្លាយខ្លួនជាពលរដ្ឋល្អក្នុងសង្គម រួមចំណែកជាវិជ្ជមានដល់គ្រួសារ សហគមន៍ និងប្រទេសជាតិជាទីស្រលាញ់។
លោក លឹម ចន្ទថៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រង អនុ និងវិទ្យាល័យពោធិ៍សាត់ បានឧទ្ទិសកុសលផលបុណ្យ ជូនចំពោះ មហាឧបាសក ឃៀង ជា និងថ្លែងអំណរគុណ ដល់មហាឧបាសិកា ទឹម តុន ព្រមទាំងបុត្រ និងចៅៗ ដែលបានសាងសង់អគារសិក្សាដ៏ថ្មីស្រឡាង និងធ្វើពិធីប្រគល់ជូនគណៈគ្រប់គ្រងសាលានាពេលនេះ អាចប្រើប្រាស់ជាបណ្ដោះអាសន្ន មុននឹងឈានបើកសម្ពោធជាផ្លូវការ នាពេលឆាប់ៗខាងមុខ។
លោកបន្តថា អគារសិក្សាថ្មីមួយខ្នងនេះ នឹងក្លាយជាកន្លែងសិក្សា ប្រកបដោយវិន័យ និងការបំផុសគំនិតអប់រំល្អ ដល់កូនចៅជំនាន់ក្រោយ ឱ្យមានសមត្ថភាពខ្ពស់ ក្លាយជាមនុស្សពេញលេញ ដើម្បីរួមចំណែកដឹកនាំ និងអភិវឌ្ឍប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានោះ ក្នុងនាមប្រធានគណៈកម្មការគ្រប់គ្រងសាលា លោក លឹម ចន្ទថៃ ក៏បានប្តេជ្ញាថែទាំសមិទ្ធផលថ្មីនេះ ឱ្យបានប្រើប្រាស់យូរអង្វែង។
ក្នុងឱកាសនោះ តាមរយៈបុត្រ និងចៅៗ របស់មហាឧបាសក ឃៀង ជា និងមហាឧបាសិកា ទឹម តុន ក៏បានផ្តល់សៀវភៅសិក្សា ចំនួន១ពាន់ក្បាល សម្រាប់ចែកជូនដល់សិស្សក្រីក្រ និងសិស្សចូលរួម ២០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ៥ក្បាល និងថវិកា២ម៉ឺនរៀល ដោយឡែកលោកគ្រូ អ្នកគ្រូ ២០នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ព្រមទាំងទទួលលិខិតថ្លែងអំណរគុណ របស់បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕




















































