វត្តស្វាយសៀមថ្មី ក្នុងទឹកដីខេត្តព្រះត្រពាំង (ត្រាវិញ) ប្រទេសវៀតណាម នៅតែបន្តថែរក្សា និងបង្រៀនភាសាខ្មែរ ភាសាបាលី និងគាថា ធម្មបទ ជាច្រើនទៀតជូនដល់កូនខ្មែរនៅទីនោះ
05-10-2025 16:19
(វៀតណាម)៖ វត្តស្វាយសៀមថ្មី ដែលជាវត្តខ្មែរ ស្ថិតនៅក្នុងខេត្តព្រះត្រពាំង បច្ចុប្បន្នជាខេត្តត្រាវិញ ប្រទេសវៀតណាម នៅតែបន្តការបណ្ដុះបណ្ដាលភាសាខ្មែរ, ភាសាបាលី, ប្រែធម្មបទ, ព្រះគាថា, ព្រះអភិធម្ម, ពុទ្ធប្រវត្តិ, ពុទ្ធសាសនា, តែងសេចក្តី, វេយ្យាករណ៍ខ្មែរ, សរសេរតាមអាន និងវេយ្យាករណ៍បាលី ភាសាអង់គ្លេស គណិតវិទ្យា ជូនដល់កូនខ្មែរនៅទីនោះរហូតដល់សព្វថ្ងៃ។
តួយ៉ាងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥នេះ វត្តស្វាយសៀមថ្មី ដែលដឹកនាំដោយព្រះតេជគុណ ថាច់ ញឹក ចៅអធិការវត្តស្វាយសៀមថ្មី បានរៀបចំកម្មវិធីប្រឡងឆមាស ដើម្បីប្រគេនជូនដល់ព្រះសង្ឃ និងសិស្សានុសិស្ស ថ្នាក់ពុទ្ធិសិក្សាបឋមភូមិ ឆ្នាំទី១, ទី៣ និងទី៤ សរុបចំនួន៩៤នាក់ លើវិញ្ញាសារ៖ វេយ្យារណ៍បាលី, ប្រែធម្មបទ, ព្រះគាថា, ព្រះអភិធម្ម, វេយ្យាករណ៍ខ្មែរ, ភាសាខ្មែរ, សរសេរតាមអាន, តែងសេចក្តី, ពុទ្ធប្រវត្តិ, ព្រះពុទ្ធសាសនា, ភាសាអង់គ្លេស និងគណិតវិទ្យា។
ជាការកត់សម្គាល់មិនត្រឹមតែវត្តស្វាយសៀមថ្មីទេ ដែលមានបង្រៀនមុខវិទ្យាភាសាខ្មែរ និងចំណេះដឹងអំពីសាសនា វប្បធម៌ខ្មែរ ប៉ុន្តែគ្រប់វត្តអារាមទូទាំងខេត្តព្រះត្រពាំង (ត្រាវិញ) តែម្តង ដែលគណៈមន្ត្រីសង្ឃខេត្ត បានអនុញ្ញាត្តិ និងចង្អុលបង្ហាញ ដើម្បីចាត់ចែងការបង្រៀន និងប្រឡង ប្រគេនជូនដល់ ព្រះសង្ឃ និងសិស្សានុសិស្សផ្នែកខាងពុទ្ធិកសិក្សា៕






















































