ក្រុមគ្រួសារសពលោក ងួន ពៅ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ថ្លែងអំណរគុណអភិសន្ដិបណ្ឌិត ស សុខា និងនាយឧត្ដមសេនីយ៍ សេង យូអ៊ាន់ ដែលបានចូលរួមរំលែកទុក្ខ

05-10-2025 19:23

(ភ្នំពេញ)៖ ក្រុមគ្រួសារសពលោក ងួន ពៅ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាព លោក ងួន ពៅ។

អភិសន្ដិបណ្ឌិត ស សុខា និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិ នៃ ក្រសួងមហាផ្ទៃ បានផ្ញើសាររំលែកមរណទុក្ខ ជូនលោក ងួន ស៊ុយ និងក្រុមគ្រួសារ ដោយមានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះមរណភាព លោក ងួន ពៅ។

អភិសន្ដិបណ្ឌិត ស សុខា បានសរសេរថា «ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ ក្រៀមក្រំនេះជាមួយលោក និងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងនូវប្អូនបង្កើត និងសាច់ញាតិ ជាទីស្រលាញ់ដ៏ជ្រាលជ្រៅរបស់បងបង្កើត និង ក្រុមគ្រួសារ»

លោកបន្ដថា លើសពីនេះ ក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបមានស្នាដៃច្រើនរាប់មិនអស់ ក្នុងការចូលរួមចំណែកកសាងសមិទ្ធផលទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយក៏ជាការបាត់បង់នូវ ពុទ្ធសាសនិកមួយរូប ដែលធ្លាប់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននៅក្នុងព្រះពុទ្ធសាសនា។

អភិសន្ដិបណ្ឌិត ស សុខា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ងួន ពៅ បានទៅកាន់ឋានបរមសុខក្នុង សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា លោក ងួន ពៅ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលត្រូវជាប្អូនបង្កើត លោក ងួន ស៊ុយ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៣៖៥៥នាទីព្រឹក ក្នុងជន្មាយុ៥១ឆ្នាំ ដោយរោគាពាធ៕