វេទិកាយុវជនសន្តិភាពផ្លូវចិត្ត រយៈពេល ២ថ្ងៃ នៅកូរ៉េខាងត្បូង បានបញ្ចប់ដោយជោគជ័យ
05-10-2025 21:42
(គូមី)៖ វេទិកាយុវជនសន្តិភាពផ្លូវចិត្ត រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ២០២៥ នៅវត្តខ្មែរគូមី ទីក្រុងគូមី សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានប្រព្រឹត្តទៅចប់សព្វគ្រប់ហើយ ខណៈបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលរួមស្តាប់ និងសួរឆ្លើយ ជាមួយព្រះមន្រ្តីសង្ឃ ចំនួន៤ព្រះអង្គ។ កម្មវិធីនេះ តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករក្រៃលែង។
ព្រះសិរីកោសល សុំ សុខា សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជារដ្ឋ បាននិមន្តសម្របសម្រួលក្នុងកម្មវិធីនេះ ជាមួយព្រះវាគ្មិន ចំនួន៤ព្រះអង្គផ្សេងទៀត រួមមាន៖
*ព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រះវិន័យធរគណរាជធានីភ្នំពេញ និងជាឧត្តមទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ។
*ព្រះវិជ្ជាកោវិទ សាន ភារ៉េត សមាជិកថេរសភា និងជាឧត្តមទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ។
*ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ សមាជិកថេរសភា និងជាព្រះប្រធានអង្គការពុទ្ធសាសនាដើម្បីអប់រំនៅកម្ពុជា។
*ព្រះភិក្ខុ ជយរក្ខិតោ រិន សារ៉ូ។
ព្រះសិរីកោសល សុំ សុខា មានសង្ឃដីកាឲ្យដឹងថា រយៈពេល ២ថ្ងៃនេះ ក៏មានប្រជាពុទ្ធបរិស័ទ្ធ បងប្អូន ពលករពលការិនី សិស្សនិស្សិត និងអ្នករៀបការមានស្វាមីកូរ៉េខាងត្បូង បានចូលរួម ទាំងពីធីសាសនាផង មានរាប់បាត្រ និងធ្វើបុណ្យប្រាក់សាមគ្គីកសាងវត្តនៅទីនោះផង ជាពិសេសនោះគឺចូលរួមវេទិកាយុវជនសន្តិភាពផ្លូវចិត្ត។
ព្រះអង្គមានសង្ឃដីកាបន្តថា ពិធីនេះ បានបញ្ជ្រាបអំពីការរស់នៅប្រកបដោយសីលធម៌ គុណធម៌ និងសច្ចធម៌ ហើយក៏បានចូលរួមជួយពន្យល់ប្រជាពុទ្ធបរិស័ទ្ធ បងប្អូន ពលករពលការិនី សិស្សនិស្សិត និងអ្នករៀបការមានស្វាមីកូរ៉េខាងត្បូង បានយល់ពីការប្រព្រឹត្តនូវទង្វើប្រចាំថ្ងៃរៀងៗខ្លួន ថាអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ។
នេះក៏ជាវេទិកា បានជួយដាស់តឿន ដាស់អារម្មណ៍ ដាស់ស្មារតី ជួយលើកទឹកចិត្តបងប្អូនរស់នៅទីនេះដែលឆ្ងាយពីគ្រួសារ ឪពុកម្តាយ និងបងប្អូន ឲ្យបានទទួលភាពកក់ក្តៅតាមរយៈការសម្តែងធម៌។ ពិធីនេះ មិនមែនជារបៀបព្រះសង្ឃទេសនាទេ តែជារបៀបសួរនិងឆ្លើយ បានន័យថា អ្នកចូលរួមទាំងអស់មានពេលសួរ៕











































