ទីប្រឹក្សាសម្ដេចតេជោ ចុះទទួលភ្នាក់ងារ និងសកម្មជនគាំទ្រ គណបក្សភ្លើងទៀន ២៧រូប នៅស្រុកសាមគ្គីមុនីជ័យ ប្រកាសលាលែងពីបក្ស និងគោរពស្នើសម្ដេចតេជោ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

06-10-2025 08:09

(កំពង់ស្ពឺ)៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់សម្ដេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារ និងសកម្មជនគាំទ្រ គណបក្សភ្លើងទៀនចំនួន២៧រូប នៅឃុំជំពូព្រឹក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានប្រកាសលាលែងនិងឈប់គាំទ្របក្សរបស់ខ្លួន សូមគោរពស្នើ សម្ដេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីទទួលសកម្មជនបក្សប្រឆាំងបានធ្វើឡើងក្រោមវត្តមានលោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារស្នូលរបស់ក្រុមចលនាកសាងសមាជិកបក្សស្នាក់ការកណ្ដាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងក្រុមការងារចលនាកសាងសមាជិកបក្សខេត្ត នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។

ភ្នាក់ងារ និងសកម្មជនគាំទ្រ គណបក្សភ្លើងទៀន ចំនួន២៧រូប បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ស្ពឺ ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ។ពីព្រោះពួកគាត់ទាំងអស់គ្នា លែងជឿលើនយោបាយគណបក្សប្រឆាំងទៀតហើយ ជាពិសេស ទណ្ឌិតក្បត់ជាតិ សម រង្សុី គឺជាអ្នកនយោបាយបំផ្លាញ់សេដ្ឋកិច្ចរាស្រ្ត និងគាំទ្រយ៉ាងពេញទំហឹង ដល់រាជរដ្ឋាភិបាលបង្កើតច្បាប់ដកសញ្ជាតិបុគ្គលណាដែលឃុបឃិតជាមួយបរទេសបំផ្លាញ់ជាតិខ្មែរ។

ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀននៅមូលដ្ឋានទាំងនេះ បានសម្តែងការសោកស្តាយជាខ្លាំងនូវកំហុសឆ្គង ចំពោះជាតិ មាតុភូមិនាពេលកន្លងទៅ ព្រោះតែលង់ជឿចំពោះកាអូសទាញរបស់ជនក្បត់ជាតិ សម រង្ស៉ី ក៏ដូចជាក្រុមប្រឆាំងជ្រុលនិយម ចាប់ពីពេលនេះតទៅ ពួកគេឈប់លង់ជឿតាមការញុះញង់ និងអូសទាញរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងបក្ខពួកទៀតហើយ។

ភ្នាក់ងារ និងសកម្មជនគាំទ្រនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានអះអាងថា សកម្មភាពនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មានតែបំភ្លេចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនោះឡើយ ដោយយើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោស ប្រទេសសៀម បានឈ្លានពានអធិបតេយ្យភាពបូរណៈភាពទឹកដីប្រទេសកម្ពុជា ពហិការមិនប្រើប្រាស់ទំនិញគ្រប់ប្រភេទ និងគោរពជឿជាក់ជឿជាក់លើ សម្ដេចតេជោ និងរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ លោក លោកស្រី ក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។ ពេលនេះលោក លោកស្រី បានមើលឃើញច្បាស់ដោយឥតសង្ស័យថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា ។

ជាកិច្ចស្វាគមន៍ លោក ទី ប៊ុនថេង បាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានគណបក្ស ជូនក្រុមគ្រួសារលោក លោកស្រីដែលបានប្រកាសដាច់ខ្លួនចេញពីគណបក្សរបស់ខ្លួនមកសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពជាដែលមានវត្តមាននាឱកាសនេះ។ ការរក្សាបានការអភិវឌ្ឍជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើអាយុជីវិតរបស់ប្រជាជន ជាពិសេស គឺការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ដោយសំបូរសប្បាយ ពីដំណាក់កាលមួយទៅដំណាក់កាលទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ន។ ទោះគណបក្ស ប្រជាជនមិនល្អឥតខ្ចោះ តែអាចពឹងពាក់ និងជួយគ្នាបានគ្រប់កាលៈទេសៈ ហើយគណបក្សប្រជាជននឹងខិតខំបន្តក្នុងការថែរក្សា និងធានាឲ្យបាននូវផល ប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិ។

លោក ទី ប៊ុនថេង បានលើកឡើងថា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នា ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនប្រជាជន មិនដូចគណបក្សប្រឆាំងមួយចំនួន គឺមានតែការមានការញុះញង់បំផ្លាញផលប្រយោជន៍ជាតិ និងចង់បង្ករអស្ថេរភាពសង្គមជាតិ៕