នាយកប្រតិបត្តិ SDF: ភាពជោគជ័យក្នុងការអភិវឌ្ឍជំនាញនៅកម្ពុជា ជាភាពជោគជ័យរបស់យើងទាំងអស់គ្នា ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់
06-10-2025 09:08
(ភ្នំពេញ)៖ លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានលើកឡើងថា ភាពជោគជ័យក្នុងការអភិវឌ្ឍជំនាញនៅកម្ពុជា គឺជាភាពជោគជ័យរបស់យើងទាំងអស់គ្នា ក្នុងប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលពោរពេញដោយជំនាញ សំដៅចូលរួមប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ ក្រោមពាក្យស្លោកថា “ជំនាញខ្ពស់ ចំណូលខ្ពស់”។
ការលើកឡើងរបស់លោកនាយកប្រតិបត្តិ ធ្វើឡើងក្នុងសិក្ខាសាលា “ការលើកកម្ពស់ភាពជាដៃគូជាមួយវិស័យឯកជន” នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។
សិក្ខាសាលានេះសហការរៀបចំដោយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និង អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (DGTVET) ដែលមានការអញ្ជើញចូលរួមពីលោក សា កិន្នវីឌី អគ្គនាយករង អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រី ឱក ម៉ាលីកា តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), លោក ម៉ារ សុភា មន្ត្រីជាន់ខ្ពស់ផ្នែកសង្គម នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB), និងតំណាងមកពីគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទាំងថ្នាក់ខេត្ដ និងរាជធានីសរុបចំនួន ៥១ នាក់។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង រួមមាន៖ ១) ផ្លាស់ប្តូរបទពិសោធល្អៗរវាង SDF និងគ្រឹះស្ថាន TVET ក្នុងការកសាងទំនាក់ទំនងល្អជាមួយវិស័យឯកជន ដើម្បីរួមគ្នាអភិវឌ្ឍជំនាញឱ្យតម្រូវ នឹងតម្រូវការអាជីវកម្មរបស់វិស័យឯកជន; ២) ចែករំលែកបទពិសោធស្តីពីវិធីសាស្ត្រ និងឧបករណ៍ក្នុងការធ្វើទីផ្សារឌីជីថល ដើម្បីបង្កើនភាពជាដៃគូជាមួយវិស័យឯកជន; ៣) ណែនាំពីកម្មវិធីថ្មីៗ និងដំណើរការក្នុងការដាក់សំណើគម្រោងបណ្តុះបណ្តាល លើប្រព័ន្ធគ្រប់គ្រងគម្រោងថ្មី (PMS) របស់ SDF, បង្ហាញពីនីតិវិធីក្នុងការវាយតម្លៃសំណើគម្រោងបណ្តុះបណ្តាល និងការត្រួតពិនិត្យដំណើរការបណ្តុះបណ្តាល ព្រមទាំងរបៀបរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។ល។ បន្ថែមពីនេះ SDF ក៏បានចែករំលែកយុទ្ធសាស្ត្រផ្សព្វផ្សាយ ទាំងតាមរយៈប្រព័ន្ធឌីជីថល និងដោយផ្ទាល់ និងការប្រមូលមតិកែលម្អ ដើម្បីលើកកម្ពស់គុណភាពកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងន័យជួយពង្រឹងសមត្ថភាពគ្រឹះស្ថានបណ្តុះបណ្តាល ក្នុងការទាក់ទាញសិស្សនិស្សិត សិក្ខាកាម និងដៃគូវិស័យឯកជន បានកាន់តែច្រើនឡើង។
ថ្លែងក្នុងមតិស្វាគមន៍ លោក សា កិន្នវីឌី អគ្គនាយករង អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះ SDF ដែលបាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍជំនាញនៅកម្ពុជា ដែលស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺបញ្ចកោណទី១ “ការអភិវឌ្ឍ មូលធនមនុស្ស” ។
លោកស្រី ឱក ម៉ាលីកា តំណាង AFD ក៏បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់ SDF ក្នុងការជួយបំពេញលើតម្រូវការជាក់ស្ដែងនៃការអភិវឌ្ឍជំនាញក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ បន្ថែមពីលើការគាំទ្ររបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធតាមរយៈយន្ដហិរញ្ញប្បទាន និងកម្មវិធីគាំទ្រថ្មីៗប្រកបដោយភាពច្នៃប្រឌិតរបស់ SDF។
លោក ម៉ារ សុភា តំណាង ADB ក៏បានកោតសសើរអំពីសមិទ្ធផលសំខាន់ៗដែល SDF សម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលលើសពីការអភិវឌ្ឍជំនាញ តែថែមទាំងការជំរុញភាពជាដៃគូរវាងវិស័យឯកជន រដ្ឋាភិបាល និងពលរដ្ឋ លើសពីនេះ គឺការកសាងទំនាក់ទំនងល្អជាមួយដៃគូអភិវឌ្ឍន៍ទាំងក្នុងតំបន់ និងអន្តរជាតិ ដែលនេះឆ្លុះបញ្ចាំងពីគំរូល្អមួយ ក្នុងចាប់យកឱកាសសំយោគបទពិសោធល្អៗរបស់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន មករៀបចំជាកម្មវិធីអភិវឌ្ឍន៍ជំនាញ ដែលអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្មនៅកម្ពុជា។
ថ្លែងក្នុងសិក្ខាសាលានេះដែរ លោកនាយកប្រតិបត្តិ SDF បានឱ្យដឹងថា សិក្ខាសាលាថ្ងៃនេះ រៀបចំឡើងក្នុងន័យផ្ដល់ជាគោលគំនិត ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន ជាមួយនឹងគ្រឹះស្ថាន TVET ក៏ដូចជាផ្លាស់ប្តូរបទពិសោធល្អៗ ក្នុងការលើកកម្ពស់ភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីបង្កើនឱកាសសិក្សាពីតម្រូវការជំនាញជាក់ស្តែង ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍជំនាញ ដែលត្រូវនឹងតម្រូវការពិតប្រាកដរបស់វិស័យឯកជន និងអាចឆ្លើយតបបានទាំងស្រុងទៅនឹងតម្រូវការជំនាញ ក្នុងទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត។
ក្រោយបញ្ចប់សិក្ខាសាលានាថ្ងៃនេះ SDF នឹងបន្តគាំទ្រគ្រឹះស្ថាន TVET ទាំងជំនួយហិរញ្ញវត្ថុ ទាំងការកសាងបណ្តាញទំនាក់ទំនងល្អ និងជំនួយបច្ចេកទេស ជាពិសេសតាមរយៈការធ្វើទីផ្សារឌីជីថល (Digital Marketing) សម្រាប់ការផ្សារភ្ជាប់ភាពជាដៃគូជាមួយវិស័យឯកជន និងការលើកកម្ពស់ការផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលរបស់គ្រឹះស្ថានខ្លួន៕
















