វិភាគអន្តរជាតិ៖ តើអ៉ីស្រាអែលសម្រេចបានអ្វីខ្លះក្នុងសង្រ្គាម២ឆ្នាំជាមួយហាម៉ាស នៅហ្កាហ្សា?

06-10-2025 20:11

(បែរឡាំង)៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ អ៉ីស្រាអែល និងពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង ដោយក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀតក្នុងតំបន់ហ្កាហ្សាបានឆ្មក់វាយប្រហារចូល ភាគខាងត្បូងអ៉ីស្រាអែល សម្លាប់មនុស្សជិត ១២០០នាក់ និងចាប់ខ្លួនមនុស្ស ២៥១នាក់ជាចំណាប់ខ្មាំងត្រឡប់ចូលទៅក្នុងទឹកដីហ្កាហ្សាវិញ។ មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី៨ ខែតុលា អ៉ីស្រាអែលបានបើក ការវាយប្រហារសងសឹកលើតំបន់ហ្កាហ្សា ហើយសង្រ្គាមបានអូសបន្លាយមកដល់ពេលឥលូវនេះ។ សង្រ្គាមរបស់អ៉ីស្រាអែលជាមួយក្រុមហាម៉ាសនៅហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងហោច ៦៦ ០០០នាក់ ក្នុងនោះមាន ៨០ភាគរយត្រូវបានវាយតម្លៃថាជាជនស៊ីវិលប៉ាឡេស្ទីន និងជាង ១៦៩ ០០០នាក់រងរបួស។ នេះបើតាមក្រសួងសុខាភិបាលគ្រប់គ្រងដោយហាម៉ាសក្នុងតំបន់ហ្កាហ្សា ខណៈទីភ្នាក់ងារអន្តរជាតិ ជាច្រើនជឿថាចំនួនអ្នកស្លាប់ពិតបា្រកដអាចមានច្រើនជាងនេះទៅទៀត។

អង្គការអន្តរជាតិសម្រាប់ការចំណាកស្រុក បានរាយការណ៍ថា ៩០ភាគរយនៃផ្ទះសម្បែងក្នុងតំបន់ហ្កាហ្សាត្រូវបានកម្ទេច ឬរងការខូចខាតដែលធ្វើឱ្យប្រជាជនប៉ាឡេស្ទីន ១.៩លាននាក់ ក្នុងចំណោមប្រជាជនសរុប នៅហ្កាហ្សារត់ភៀសខ្លួនពីផ្ទះសម្បែង។ មួយវិញទៀត ដោយសារតែការបិទខ្ទប់ហ្កាហ្សាទាំងស្រុងរបស់អ៉ីស្រាអែល ទឹកដីមួយផ្នែកធំនៃដែនដីប៉ាឡេស្ទីនបាន និងកំពុងប្រឈមនឹងគ្រោះទុរភិក្សធ្ងន់ធ្ងរដែលបានសម្លាប់ ជីវិតមនុស្សយ៉ាងហោច ៤៥០នាក់ ក្នុងមាន១៥០នាក់ជាកុមារ។

* តើអ៉ីស្រាអែលសម្រេចបានអ្វីខ្លះក្នុងសង្រ្គាមជាមួយហាម៉ាស ២ឆ្នាំមកនេះ?
នៅបន្ទាប់ពីការវាយប្រហារថ្ងៃទី៧ ខែតុលា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានកំណត់គោលដៅ ២ធំៗនៃសង្រ្គាមក្នុងតំបន់ហ្កាហ្សា នោះគឺនាំចំណាប់ខ្មាំងទាំងអស់ត្រឡប់ទៅ អ៉ីស្រាអែលវិញ និងកម្ទេចក្រុមហាម៉ាស។ ២ឆ្នាំក្រោយមក អ៉ីស្រាអែលមិនទាន់អាចសម្រេចបានគោលដៅណាមួយនៅឡើយទេ។ ក្នុងចំណោមចំណាប់ខ្មាំង ២៥១នាក់ ដែលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង មាន១៤០នាក់ ត្រូវបានដោះលែងដោយម៉ាសជាថ្នូរទៅនឹងការដោះលែងប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ដែលជាប់ឃុំនៅអ៉ីស្រាអែល។ ចំណែក សាកសពចំណាប់ខ្មាំងជាច្រើននាក់ត្រូវបានប្រគល់ទៅឱ្យអ៉ីស្រាអែល វិញ។ តាមរដ្ឋាភិបាលអ៉ីស្រាអែល បច្ចុប្បន្នមានចំណាប់ខ្មាំង ៤៨នាក់កំពុងជាប់ឃុំនៅហ្កាហ្សា ហើយក្នុងនោះមានតែ២០នាក់ប៉ុណ្ណោះត្រូវបានជឿថានៅរស់រានមានជីវិត។ ក្រុមហាម៉ាសនៅតែបន្តមានវត្តមានក្នុងតំបន់ ហ្កាហ្សា បើទោះជាអ្នកប្រយុទ្ធជាច្រើនរបស់ខ្លួនត្រូវបានសម្លាប់ក្នុងសង្រ្គាម២ឆ្នាំមកនេះក៏ដោយ។ អ៉ីស្រាអែលបានសម្លាប់មេដឹកនាំហាម៉ាសជាបន្តបន្ទាប់ មានដូចជាលោក Ismail Haniyeh និងលោក Yahya Sinwar។ តែមកទល់នឹងពេលនេះ ក្រុមហាម៉ាសនៅតែអាចបន្តធ្វើប្រតិបត្តិការរបស់ខ្លួនបានដដែលនៅហ្កាហ្សា។

* សត្រូវរបស់អ៉ីស្រាអែលត្រូវបានធ្វើឱ្យចុះខ្សោយ
ការប្រយុទ្ធគ្នាមិនមែនមានតែនៅហ្កាហ្សាទេក្នុងពេល ២ឆ្នាំមកនេះ។ ក្រុមហេសបូឡាមានមូលដ្ឋាននៅលីបង់ និងក្រុមហ៊ូទីនៅយេម៉ែន បានបង្ហាញសាមគ្គីភាពជាមួយក្រុមហាម៉ាស នៅពេលសង្រ្គាមហ្កាហ្សាផ្ទុះឡើង ដំបូង។ ទាំងហាម៉ាស ហេសបូឡា និងហ៊ូទី ត្រូវបានរាយការណ៍ថាទទួលបានការគាំទ្រទាំងហិរញ្ញវត្ថុ និងសម្ភារៈពីអ៉ីរ៉ង់។ អ៉ីស្រាអែលបានធ្វើសកម្មភាពយោធាប្រឆាំងចលនាប្រដាប់អាវុធទាំង៣នេះជាមួយការតាម សម្លាប់មេដឹកនាំរបស់ពួកគេម្ដងម្នាក់ៗ ក្នុងនោះអ៉ីស្រាអែលបានសម្លាប់មេដឹកនាំហេសបូឡា លោក Hassan Nasrallah ក្នុងការវាយប្រហារមួយលើទីក្រុងបេរូត ហើយការវាយប្រហារតាមផ្លូវអាកាសលើ ភាគខាងត្បូងលីបង់ បានធ្វើឱ្យក្រុមហេសបូឡាកាន់តែទន់ខ្សោយ។ កងទ័ពអាកាសអ៉ីស្រាអែលក៏បានបើកការវាយប្រហារលើអ៉ីរ៉ង់ផងដែរដោយបង្កការខូតខាតដល់រោងចក្រនុយក្លេអ៊ែរជាច្រើន។ មិនតែប៉ុណ្ណោះ ការសម្លាប់មេដឹកនាំហាម៉ាស លោក Ismail Haniyeh ក្នុងរដ្ឋធានីតេហេរ៉ង់បានឱ្យធ្វើអ៉ីរ៉ង់អាម៉ាសយ៉ាងខ្លាំង ស្របពេលការដួលរលំរបបរបស់អតីតប្រធានាធិបតីស៊ីរី លោក Bashar Assad កាលពីចុង ឆ្នាំ២០២៤ បានធ្វើឱ្យអ៉ីរ៉ង់បាត់បង់សម្ព័ន្ធមិត្តដ៏សំខាន់មួយក្នុងតំបន់ ក្នុងពេលដែលអ៉ីស្រាអែលមានអំណាចយោធាកាន់តែធំនៅមជ្ឈិមបូព៌ា។

* អ៉ីស្រាអែលរងការចោទប្រកាន់ថាប្រព្រឹត្តអំពើប្រល័យពូជសាសន៍
ការទម្លាក់គ្រាប់បែកមិនរើសមុខរបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សាជំរុញឱ្យមានការថ្កោលទោសពីអន្តរជាតិ។ ក្នុងពេល ២ឆ្នាំមកនេះ អ៉ីស្រាអែលបានទម្លាក់គ្រាប់បែកមិនរើសមុខឱ្យតែទើសមុខមិនថាជាមន្ទីរពេទ្យ សាលារៀននោះទេដោយសម្លាប់មនុស្សជាង ៦៦០០០នាក់ក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ ហើយសូម្បីតែអ្នកកាសែត អ្នកធ្វើការងារមនុស្សធម៌ និងបុគ្គលិកផ្ដល់ជំនួយក៏មិនរួចខ្លួនដែរ។ ជាច្រើនដង អ៉ីស្រាអែល មានចេតនារាំងខ្ទប់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា។ សកម្មភាពទាំងនេះបានជំរុញឱ្យមានការថ្កោលទោស និងការចោទប្រកាន់ថាអ៉ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងប្រជាជនប៉ាឡេស្ទីន។ គណៈកម្មសិទ្ធិមនុស្សឯករាជ្យមួយរបស់អង្គការសហប្រជាជាតិ រួមទាំងអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួនក៏បានចោទប្រកាន់ដែរថាអ៉ីស្រាអែល កំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍។ តែរដ្ឋាភិបាលលោក Netanyahu បានទាត់ចោលការចោទប្រកាន់នេះដោយអះអាងថាគ្មានភស្តុតាង ហើយថាអ៉ីស្រាអែលមានសិទ្ធិស្វ័យការពារខ្លួន។

កាលពីខែធ្នូ ឆ្នាំ២០២៣វិញ អាហ្វ្រិកខាងត្បូងបានប្ដឹងអ៉ីស្រាអែលឡើងតុលាការអន្តរជាតិ ICJ ដោយចោទអ៉ីស្រាអែលរំលោភបំពានលើអនុសញ្ញា UN ស្ដីពីអំពើប្រល័យពូជសាសន៍។ នៅខែវិច្ឆិកា ឆ្នាំ២០២៤ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់លោក គឺលោក Yoav Gallant ក្រោមបទចោទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ រដ្ឋាភិបាលអ៉ីស្រាអែល និងអ្នកគាំទ្ររបស់ខ្លួនបានច្រានចោលដីកា ICC ក្នុងនោះហុងគ្រីបានប្រកាសដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ។

* ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនកើនឡើង
ស្ថានការណ៍ដ៏មហន្តរាយនៅក្នុងតំបន់ហ្កាហ្សាបានជំរុញសន្ទុះនៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ មុនការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មានប្រទេស១៤០ នៅជុំវិញពិភពលោកដែលបានទទួលស្គាល់ រដ្ឋប៉ាឡេស្ទីន។ ២ឆ្នាំក្រោយមក មានប្រទេស ២០បន្ថែមទៀតបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងនោះរួមមាន បារាំង ចក្រភពអង់គ្លេស អេស្ប៉ាញ អូស្ត្រាលី និងកាណាដា។ តាមរយៈការទទួលនេះ បណ្ដារដ្ឋាភិបាល នៃប្រទេសទាំងនេះបានបង្ហាញការគាំទ្ររបស់ពួកគេចំពោះដំណោះស្រាយរដ្ឋ២ គឺរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ និងអ៉ីស្រាអែល។ ព្រមពេលជាមួយគ្នា ជាការឆ្លើយតបទៅនឹងសង្រ្គាមនៅហ្កាហ្សា បណ្ដាប្រទេសជាច្រើន បានបញ្ឈប់ការនាំចេញអាវុធរបស់ពួកគេទៅឱ្យអ៉ីស្រាអែល ខណៈប្រទេសខ្លះដូចជាកូឡុំប៊ី អាហ្វ្រិកខាងត្បូង និងម៉ាឡេស៊ីបានដាក់ទណ្ឌកម្មលើអ៉ីស្រាអែល។

* ការបែកបាក់ក្នុងសង្គមអ៉ីស្រាអែល
នៅអ៉ីស្រាអែល មានការខ្វែងគំនិតគ្នាថាតើសង្រ្គាមនៅហ្កាហ្សាគួរតែបន្ត ឬបញ្ឈប់ និងត្រូវបញ្ឈប់ដោយរបៀបណា? ក្រុមអ្នកនយោបាយស្ដាំនិយមជ្រុលដូចជារដ្ឋមន្ត្រីសន្តិសុខជាតិអ៉ីស្រាអែល លោក Itamar Ben-Gvir និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich ប្រកាន់ជំហរចង់ឱ្យអ៉ីស្រាអែលបន្តធ្វើសង្រ្គាមជាមួយហាម៉ាស និងបានប្រកាសគាំទ្រជាសាធារណៈពីការបញ្ចូលតំបន់ West Bank ជាទឹកដីរបស់ អ៉ីស្រាអែល ដើម្បីកម្ទេចក្ដីស្រមៃចង់បង្កើតរដ្ឋរបស់ប៉ាឡេស្ទីន។ នៅម្ខាងទៀត មានក្រុមអ្នកដែលបានចំណាយពេលរាប់ខែមកហើយ ក្នុងការអំពាវនាវឱ្យមានបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ ពួកគេ បានធ្វើបាតុកម្មតវ៉ាស្ទើរជាប្រចាំសប្ដាហ៍ដើម្បីទាមទារឱ្យមានដំណោះស្រាយមួយតាមរយៈកិច្ចចរចា ហើយភាគច្រើនក្នុងចំណោមពួកគេបាននិយាយថាពួកគេមានអារម្មណ៍ថាត្រូវបានរដ្ឋាភិបាលបោះបង់ចោល។

គួរបញ្ជាក់ថា បើតាមការស្ទង់មតិមួយចេញផ្សាយកាលពីខែកក្កដាកន្លងទៅ ប្រជាជនអ៉ីស្រាអែលលើស ៦០ភាគរយគាំទ្របទឈប់បាញ់នៅហ្កាហ្សា៕