វិភាគអន្តរជាតិ៖ ខណៈបារាំងធ្លាក់ចូលក្នុងវិបត្តិនយោបាយ តើលោក Macron ដើរដល់ផ្លូវទាល់ឬ?
07-10-2025 21:22
(ប៉ារីស)៖ ភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu លាលែងចេញពីតំណែងកាលពីថ្ងៃទី៦ ខែតុលា ក្រោយឡើងកាន់អំណាចបានត្រឹម២៨ថ្ងៃ លោកប្រធានាធិបតី Emmanuel Macron ត្រូវបានគេប្រទះឃើញកំពុងដើរនៅមាត់ទន្លេ Seine ដោយនិយាយទូរស័ព្ទជាមួយនរណាម្នាក់។ ថាតើលោក Macron និយាយទូរស័ព្ទជាមួយនរណា ឬជជែកគ្នាពីអ្វី មិនទាន់មានការទម្លាយឱ្យដឹងនៅឡើយទេ? ប៉ុន្តែខណៈលោក Macron កំពុងប្រឈមនឹងជម្រើសដ៏លំបាក ការចោទសួរបានចាប់កក្រើកឡើងវិញជាថ្មីថាតើលោក ម៉ាក្រុងដែលនឹងត្រូវផុតអាណត្តិ នៅឆ្នាំ២០២៧ អាចបន្តកាន់តំណែងរហូតដល់ចប់អាណត្តិដែរឬក៏យ៉ាងណា ហើយថាតើលោកនឹងត្រូវធ្វើដូចម្ដេចតទៅទៀត?
ខាងក្រោមនេះជាជម្រើសចំនួន៤ដែលក្រុមអ្នកវិភាគបានលើកឡើង៖
* តែងតាំងលោក Lecornu ឡើងវិញ
តាមផ្លូវច្បាប់ លោក Macron អាចតែងតាំងនរណាក៏ដោយដែលលោកពេញចិត្តឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី។ ប៉ុន្តែតាមច្រកនយោបាយ លោកចាំបាច់ត្រូវតែងតាំងមនុស្សម្នាក់ដែលទទួលបាន ការគាំទ្រភាគច្រើនពីសមាជិករដ្ឋសភាទាំង៥៧៧រូប ដើម្បីអាចប្រមូលបានសំឡេងគាំទ្រគ្រប់គ្រាន់ក្នុងការអនុម័តកញ្ចប់ថវិកាឆ្នាំ២០២៦។ លោក Macron ត្រូវបានគេមើលឃើញថាគិតពីជម្រើសនេះ ក្រោយលោក Bruno Le Maire ជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង បាននិយាយថារូបលោកនឹងដកខ្លួនចេញពីរដ្ឋាភិបាល។ វិមានប្រធានាធិបតីបារាំង Elysee បានប្រកាសថាលោក Lecornu មានរយៈពេល២ថ្ងៃ ដើម្បីរៀបចំផែនការសកម្មភាពរួមមួយដែលនាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះនិយាយថាលោកនឹងដឹកនាំកិច្ចពិភាក្សាចុងក្រោយជាមួយគ្រប់គណបក្សនយោបាយទាំងអស់។
ក៏ប៉ុន្តែ វាមិនទាន់ច្បាស់ថាតើលោក Lecornu មានលទ្ធភាពបង្កើតរដ្ឋាភិបាលមួយដែលអាចឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាជាទីដែលគណបក្សប្រឆាំងក្ដាប់សំឡេងភាគច្រើន បានឬក៏យ៉ាងណានោះទេ? ម្យ៉ាងវិញទៀត បើទោះជាបេសកកម្មរបស់ទទួលបានជោគជ័យក៏ដោយ ក៏ការតែងតាំងលោក Lecornu ជានាយករដ្ឋមន្ត្រីឡើងវិញ មិនមែនត្រូវធ្វើដោយស្វ័យប្រវត្តិឡើយ។ នេះបើតាមមន្ត្រីម្នាក់មកពីវិមានប្រធានាធិបតីបារាំង។ លោក Paul Taylor ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌលគោលនយោបាយអឺរ៉ុប (European Policy Centre) បានលើកឡើងថា «មូលដ្ឋាននៃបញ្ហានៅតែមានដដែល មិនថាមាន ឬមិនមានលោក Le Maire ពីព្រោះក្រុមគណបក្សនយោបាយផ្សេងទៀតនៅក្នុងរដ្ឋសភា នឹងមិនយល់ព្រមលើការអនុម័តកញ្ចប់ថវិកា ការធ្វើកំណែទម្រង់សោធននិវត្តន៍ និងអន្តោប្រវេសន៍នោះទេ»។
* នាយករដ្ឋមន្ត្រីថ្មី
ប្រសិនបើលោក Macron តែងតាំងនាយករដ្ឋមន្ត្រីថ្មី នោះរូបគេនឹងក្លាយជានាយករដ្ឋមន្ត្រីទី៨នៅក្រោមអាណត្តិដឹកនាំរបស់លោក និងជានាយករដ្ឋមន្ត្រី៣ ក្នុងឆ្នាំ២០២៥នេះដែលនេះមិនមែនជារឿងល្អ ចំពោះមុខមាត់របស់បារាំងនោះឡើយ។ ក្រុមអ្នកនយោបាយឆ្វេងនិយមចង់ឱ្យលោក Macron តែងតាំងមនុស្សម្នាក់ដែលនឹងជំរុញការអនុម័តកញ្ចប់ថវិកាធំជាងមុន។ តែវាមិនទាន់ច្បាស់ថាតើលោក Macron នឹងយល់ព្រម ឬយ៉ាងណាទេ ហើយបើទោះជាលោកយល់ព្រម ក៏វាមិនប្រាកដថានាយករដ្ឋមន្ត្រីថ្មីអាចនឹងទទួលបានការគាំទ្រពីអ្នកនយោបាយឆ្វេងនិយមទាំងអស់នោះដែរ។ «នាយករដ្ឋមន្ត្រីថ្មី ណាមួយ អាចនឹងត្រូវបានទម្លាក់ចេញពីតំណែងក្នុងពេលត្រឹមប៉ុន្មានសប្ដាហ៍ ដែលនេះនឹងធ្វើឱ្យការបោះឆ្នោតសភាមុនអាណត្តិ មើលទៅរឹតតែចៀសមិនរួច»។ នេះជាការគូសបញ្ជាក់របស់ក្រុមហ៊ុនវិភាគ Eurasia Group។
* ការបោះឆ្នោតមុនអាណត្តិ
លោក Macron តែងតែជំទាស់ជានិច្ចចំពោះការរៀបចំការបោះឆ្នោតមុនអាណត្តិ ជាពិសេសបន្ទាប់ពីហ្គេមនយោបាយរបស់លោកដោយអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសភាមុនអាណត្តិ កាលពី ឆ្នាំ២០២៤ ធ្វើឱ្យរដ្ឋាភិបាលរបស់លោកបាត់បង់សំឡេងគាំទ្រ និងបន្សល់ទុកឱ្យគ្មានគណបក្សណាមួយមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា។ «យ៉ាងណាក៏ដោយ លោកប្រធានាធិបតី Macron នឹងនៅតែបន្តបំពេញទំនួលខុសត្រូវរបស់លោក បើទោះជាលោក Lecornu បរាជ័យក្នុងការចរចានៅ២ថ្ងៃខាងមុខក៏ដោយ»។ នេះជាការបញ្ជាក់របស់មន្ត្រីបារាំងម្នាក់ដោយទំនងជាចង់ឆ្លើយតបទៅនឹង ការអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតមុនអាណត្តិ។ ការបោះឆ្នោតមុនអាណត្តិត្រូវបានគេរំពឹងថានឹងធ្វើឱ្យគណបក្សស្ដាំនិយមជ្រុល National Rally (RN) របស់លោកស្រី Marine Le Pen ឈ្នះអាសនៈកាន់តែច្រើននៅក្នុងរដ្ឋសភា ដើម្បីត្រួសត្រាយផ្លូវឱ្យមនុស្សជំនិតរបស់លោកស្រី គឺលោក Jordan Bardella មានឱកាសក្លាយជានាយករដ្ឋមន្ត្រី។ តែសម្រាប់លោកស្រី Celia Belin ជាប្រធានការិយាល័យទីក្រុងប៉ារីសនៃស្ថាប័នក្រុមប្រឹក្សាអឺរ៉ុបស្ដីពីទំនាក់ទំនងការបរទេស (European Council on Foreign Relations) យល់ថាលទ្ធផលនៃការបោះឆ្នោតមុនអាណត្តិ ពិបាកនឹង ស្ទាបស្ទង់ណាស់ បើទោះជាលោកស្រី Le Pen ចាត់ទុកការបោះឆ្នោតរបៀបនេះជារឿងសំខាន់ត្រូវតែធ្វើដាច់ខាតក៏ដោយ។ «វាមិនច្បាស់នោះទេថាតើការបោះឆ្នោតថ្មីនឹងផលិតបានលទ្ធផលខុសប្លែកពី ការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំមុន ឬក៏អត់»។ នេះជាការយល់ឃើញរបស់លោកស្រី Celia Belin។
* លាលែងចេញពីតំណែង
លោក Macron កន្លងមកបានច្រានចោលជានិច្ចការលាលែងចេញពីតំណែងមុនចប់អាណត្តិរបស់លោក ដែលនឹងបើកផ្លូវទៅរកការរៀបចំការបោះឆ្នោតប្រធានាធិបតីមុនអាណត្តិ។ ប៉ុន្តែ បច្ចុប្បន្ន លោក Macron កំពុងរងសម្ពាធយ៉ាងខ្លាំងមិនធ្លាប់មាន។ លោកស្រី Celia Belin បានកត់សម្គាល់ថា «ប្រសិនបើការបោះឆ្នោតមុនអាណត្តិថ្មីមួយមិនអាចបង្កើតរដ្ឋាភិបាលមួយមានសំឡេងភាគច្រើនទេ នោះ វិបត្តិនយោបាយអាចនឹងក្លាយទៅជាវិបត្តិរបបដឹកនាំ។ ក្នុងករណីនេះ សមត្ថភាពរបស់លោកប្រធានាធិបតី Macron ដើម្បីបន្តកាន់អំណាចអាចនឹងរង្គោះរង្គើរ»។
នៅបារាំង ប្រធានាធិបតីបានលាលែងចេញពីតំណែងតែម្ដងគត់អំឡុងសាធារណរដ្ឋទី៥នៃប្រទេសបារាំង នៅពេលដែលលោក Charles de Gaulle បានចុះចេញពីតំណែងក្នុងឆ្នាំ១៩៦៩ បន្ទាប់ពី បរាជ័យក្នុងការបោះឆ្នោតប្រជាមតិមួយ៕