វិភាគអន្តរជាតិ៖ តើលោក ត្រាំ កំពុងត្រៀមអំណោយដ៏ធំសម្រាប់លោក ម៉ាឌូរ៉ូ ឬ?
08-10-2025 20:33
(វ៉ាស៊ីនតោន)៖ ខណៈសហរដ្ឋអាមេរិកបានអះអាងពីភាពស្របច្បាប់ក្នុងការវាយប្រហារលើទូកដែលត្រូវបានចោទថាដឹកគ្រឿងញៀននៅក្នុងតំបន់សមុទ្រ Caribbean សំណួរយ៉ាងក្ដៅគគុកមួយកំពុងត្រូវបាន ចោទសួរឡើងថាតើរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងត្រៀមអំណោយដ៏ធំមួយសម្រាប់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ឬក៏យ៉ាងណា?
លោក ត្រាំ កាលពីសប្ដាហ៍មុន បានប្រកាសថាសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងសង្រ្គាមប្រឆាំងពួកឧក្រិដ្ឋជនគ្រឿងញៀន នៅក្នុងឯកសារមួយជូនដំណឹងទៅកាន់សភាអាមេរិក ភ្ជាប់ជាមួយការគូសបញ្ជាក់ពីអំណាច ស្របច្បាប់ក្នុងការវាយប្រហារតាមផ្លូវអាកាស៤លើកមកនេះនៅក្នុងដែនទឹកអន្តរជាតិ ក្បែរវ៉េណេស៊ុយអេឡាដោយសម្លាប់មនុស្សយ៉ាងហោច ២១នាក់ ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ តែទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញច្បាប់អន្តរជាតិ រួមទាំងសមាជិកតំណាងរាស្ត្រទាំងមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋនៅតែបន្តចោទសួរពីភាពស្របច្បាប់នៃការវាយប្រហារទាំងនោះនៅឡើយ។ សារព័ត៌មាន CNN កាលពីថ្ងៃអង្គារ ទី៧ ខែតុលា ដោយផ្អែកលើប្រភពពីមន្ត្រីអាមេរិកដែលខ្លួនទទួលបាន បានរាយការណ៍ពីកំណតុ់ហេតុមួយរបស់ក្រសួងយុត្តិធម៌អាមេរិកដែលនិយាយថាលោក ត្រាំ មានអំណាចតាមផ្លូវច្បាប់ ក្នុងការបញ្ជាឱ្យបើកការវាយប្រហារប្រឆាំងនឹងពួកគេឧក្រិដ្ឋជនគ្រឿងញៀនដែលត្រូវបានចាត់ទុកថាបង្កការគំរាមកំហែងភ្លាមៗដល់ប្រជាជនអាមេរិក។
នៅត្រង់នេះអ្វីដែលគួរឱ្យកត់សម្គាល់ រដ្ឋបាលលោក ត្រាំ បានចោទប្រកាន់លោក ម៉ាឌូរ៉ូ ជាមេខ្លោងពួកឧក្រិដ្ឋជនគ្រឿងញៀន ជាការចោទប្រកាន់មួយដែលលោក Maduro បានច្រានចោល។ តាម CNN លោក ត្រាំ ក៏បានបញ្ជាឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ធ្វើសកម្មភាពនៅក្នុងតំបន់ផងដែរ។
* អស់ការអត់ធ្មត់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោកស្រី Pam Bondi កាលពីថ្ងៃអង្គារ ទី៧ ខែតុលា បានធ្វើសក្ខីកម្មនៅចំពោះមុខសភាអាមេរិក ដោយលោកស្រីបានបដិសេធមិនព្រមទទួលស្គាល់ថាពិតជាមាន ឬមិនមាន កំណត់ហេតុខាងលើនោះទេ។ «អ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នានោះគឺ (លោក) ម៉ាឌូរ៉ូ ជាភេរវករគ្រឿងញៀន»។ នេះជាការលើកឡើងរបស់លោកស្រី Bondi ដោយបញ្ជាក់ឡើងវិញពីការប្រកាសផ្ដល់រង្វាន់ ជាទឹកប្រាក់ ៥០លានដុល្លាររបស់ក្រសួងយុត្តិធម៌អាមេរិកសម្រាប់ការផ្ដល់ព័ត៌មានទាំងឡាយណាឈានទៅដល់ការចាប់ខ្លួនលោក ម៉ាឌូរ៉ូ មកកាត់ទោសតាមច្បាប់អាមេរិក។
លោក ត្រាំ ដូចគ្នាទៅនឹងអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិនដែរ គឺមិនបានទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់របស់វ៉េណេស៊ុយអេឡាឡើយ ដោយចោទថាលោក ម៉ាឌូរ៉ូ បានលួចបន្លំ សន្លឹកឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២៤។ នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថាតើរូបលោកចង់ឱ្យមានការផ្លាស់ប្ដូររបបដឹកនាំនៅវ៉េណេស៊ុយអេឡាឬ? លោក ត្រាំ បានឆ្លើយថា «ជាការពិតណាស់ យើងមិនមែនកំពុងនិយាយពីការផ្លាស់ប្ដូររបបដឹកនាំនោះទេ...ខ្ញុំគ្រាន់តែអាចនិយាយបានថាគ្រឿងញៀនមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារកំពុងហូរពីវ៉េណេស៊ុយអេឡា ចូលមក ក្នុងប្រទេសរបស់យើង»។ អមជាមួយនាវាចម្បាំងក្នុងសមុទ្រ Caribbean សហរដ្ឋអាមេរិកក៏បានដាក់ពង្រាយយន្ដហោះចម្បាំងបំបាំងកាយ F-35 ទៅកាន់ដែនដី Puerto Rico ផងដែរ។ រដ្ឋាភិបាលទីក្រុងការ៉ាកាស វិញដែលបានដាក់ឱ្យកងទ័ពប្រុងជើងការ និងចល័តកងជីវពលរាប់សែននាក់ បានចោទប្រកាន់កាលពីសប្ដាហ៍មុនថា F-35 បានហោះចូលក្បែរតំបន់ឆ្នេររបស់ខ្លួន។ លោក Evan Ellis ជាអ្នកសា្រវជ្រាវម្នាក់ពីតំបន់ អាមេរិកឡាទីនមកពីសាកលវិទ្យាល័យ US War College បាននិយាយថាការហោះហើររបៀបនេះ ព្រមទាំងសកម្មភាពរបស់នាវាចម្បាំងអាមេរិកដោយមានកងម៉ារីននៅលើនោះផង នៅក្បែរវ៉េណេស៊ុយអេឡា អាចសន្មត់បានថាសហរដ្ឋអាមេរិកប្រហែលជាមានផែនការបង្កើនការធ្វើសកម្មភាពយោធាកាន់តែខ្លាំង។ អ្នកស្រាវជ្រាវរូបនេះដែលធ្លាប់ធ្វើការនៅក្រោមអាណត្តិទី១របស់លោក ត្រាំ យល់ថា «លោកប្រធានាធិបតី ត្រាំ បានអស់ការអត់ធ្មត់ហើយ»។
* សម្ពាធលើលោក Maduro
លោក ត្រាំផ្ទាល់បានលើកឡើងជាសាធារណៈពីការបង្កើនការធ្វើសកម្មភាពប្រឆាំងនឹងពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀន អំឡុងថ្លែងសុន្ទរកថានៅឯព្រឹត្តិការណ៍មួយរបស់កងទ័ពជើងទឹកអាមេរិក កាលពីថ្ងៃអាទិត្យ ទី៤ ខែតុលា ដោយនិយាយថា «ពួកឧក្រិដ្ឋជនគ្រឿងញៀនមិនមែនមានតែនៅក្នុងតំបន់សមុទ្រទេ ដូច្នេះយើងនឹងតាមប្រមាញ់ពួកគេនៅលើដីគោកទៀត ពីព្រោះការធ្វើសកម្មភាពរបស់យើងនៅសមុទ្រ នឹងបង្ខំឱ្យពួកគេងាក មកធ្វើសកម្មភាពលើដីគោកវិញ»។ ប្រឈមជាមួយលោក ត្រាំ លោក ម៉ាឌូរ៉ូ បានផ្ញើលិខិតមួយទៅកាន់លោក ត្រាំ ដើម្បីសុំចរចា ប៉ុន្តែត្រូវបានខាងសេតវិមានទាត់ចោល។ បើតាមលោក Frank Mora ជាអតីតឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុកអឌ្ឍគោលខាងលិចអំឡុងអាណត្តិទី១របស់លោក បារ៉ាក់ អូបាម៉ា ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកលើពួកឧក្រិដ្ឋជនគ្រឿងញៀននៅលើដែនដីគោក របស់វ៉េណេស៊ុយអេឡា គឺអាចធ្វើទៅរួច ក៏ព្រោះតែរដ្ឋបាលលោក ត្រាំ បានបង្កើនវត្តមាននាវាចម្បាំងប្រហែលជាមិនមែនឱ្យនៅស្ងៀមមិនធ្វើអ្វីសោះ ឬក៏គ្រាន់តែវាយប្រហារលើទូកល្បឿនលឿនតែប៉ុន្មានគ្រឿងនោះទេ។ ប៉ុន្តែ លោកយល់ថារដ្ឋបាលលោក ត្រាំ ក៏មិនមានគោលដៅច្បាស់លាស់នោះដែរ។ «នៅម្ខាងលោកប្រធានាធិបតី ត្រាំ និយាយថារូបលោកចង់បំផ្លាញការជួញដូរគ្រឿងញៀន ប៉ុន្តែមានពេលខ្លះ លោកសង្ឃឹមថាយុទ្ធនាការរបស់លោកអាចនឹងនាំទៅរកការដួលរលំនៃរបបដឹកនាំលោក ម៉ាឌូរ៉ូ»។ នេះជាការគូសបញ្ជាក់របស់លោក Frank Mora។
តែយ៉ាងណា ពេលវេលាកាន់តែខើចទៅៗសម្រាប់រដ្ឋបាលលោក ត្រាំ ខណៈការប្រឆាំងរបស់សមាជិកសភាអាមេរិកទៅនឹងការដាក់ពង្រាយយោធារបស់លោកកំពុងកើនឡើង។ ក្រុមអ្នកការទូត និងអ្នកជំនាញយោធា អាចនឹងបន្តជជែកដេញដោល ប៉ុន្តែការសម្រេចចិត្តចុងក្រោយនៅតែអាស្រ័យលើលោក ត្រាំ ដូចដែលគេបានឃើញកន្លងមក នោះគឺសកម្មភាពយោធាអាមេរិកដូចជាការទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់។ សម្រាប់លោក Ellis វាក៏អាចទៅរួចដែរថាលោក ត្រាំនៅចុងបញ្ចប់ទៅអាចឈានដល់កិច្ចព្រមព្រៀងក្រោមទម្រង់ណាមួយដែលលោកពេញចិត្ត៕