វិភាគអន្តរជាតិ៖ តើក្រុមហាម៉ាសនឹងយល់ព្រម «រំសាយអាវុធ» ឬ?
10-10-2025 20:48
(វ៉ាស៊ីនតោន)៖ អ៉ីស្រាអែល និងក្រុមហាម៉ាសបានយល់ព្រមអនុវត្តតាមដំណាក់កាលទី១ នៃផែនការសន្តិភាពសម្រាប់តំបន់ហ្កាហ្សារបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប៉ុន្តែ ការខ្វែងគំនិតគ្នារវាងភាគីទាំង២នៅតែមាន ជាពិសេសនៅពេលនិយាយដល់ការរំសាយអាវុធរបស់ហាម៉ាស។ អ៉ីស្រាអែលបានទទូចជាយូរណាស់មកហើយថាហាម៉ាសត្រូវតែរំសាយអាវុធ ទាំងស្រុង ព្រមទាំងទាមទារឱ្យចលនាតស៊ូប៉ាឡេស្ទីនមួយនេះបោះបង់ចោលអំណាចគ្រប់គ្រងហ្កាហ្សា និងរំលាយខ្លួនចោលតែម្ដងជាលក្ខខណ្ឌបិទបញ្ចប់សង្រ្គាមស៊ីពេល ២ឆ្នាំមកនេះ។ ម្ដងហើយម្ដងទៀត ហាម៉ាសបានច្រានចោលជាសាធារណៈទៅនឹងការអំពាវនាវឱ្យក្រុមខ្លួនរំសាយអាវុធ ប៉ុន្តែក្រុមអ្ន្កកវិភាគខ្លះបាននិយាយថាហាម៉ាសជាលក្ខណៈឯកជន បានបើកចំហចំពោះការរំសាយអាវុធមួយផ្នែកនៃឃ្លាំងអាវុធរបស់ខ្លួន។
* បទឈប់បាញ់ដ៏ផុយស្រួយ
តាមក្រុមអ្នកវិភាគ កិច្ចចរចាពាក់ព័ន្ធនឹងឃ្លាំងអាវុធរបស់ហាម៉ាសអាចនឹងធ្វើឱ្យបទឈប់បាញ់ដួលរលំ និងជំរុញឱ្យអ៉ីស្រាអែលបើកធ្វើសង្រ្គាមឡើងវិញ។ លោក Azmi Keshawi ជាអ្នកស្រាវជ្រាវម្នាក់មកពីស្ថាប័ន International Crisis Group (ICG) បាននិយាយថាអ៉ីស្រាអែលទំនងជានឹងព្យាយាម ហើយធ្វើការទាមទារដូចមុនៗដដែល នោះគឺឱ្យហាម៉ាស រំសាយអាវុធ។ ប៉ុន្តែ ហាម៉ាសទំនងជានឹងមិនព្រមរំសាយអាវុធចោលទាំងស្រុងឡើយ។ លោកបន្តថាហាម៉ាសអាចនឹងយល់ព្រមបោះបង់ចោលអាវុធមួយចំនួនរបស់ខ្លួនដូចជាគ្រាប់រ៉ុក្កែត រយៈចម្ងាយខ្លី និងរយៈចម្ងាយឆ្ងាយ។ តែទោះជាបែបនេះក្ដី អ្នកស្រាវជ្រាវរូបនេះយល់ថាហាម៉ាសនឹងមិនបោះបង់ចោលអាវុធធុនតូច និងធុនស្រាល ឬក៏ប្រគល់ផែនទីផ្លូវរូងក្រោមដីដែល ខ្លួនបានចាយពេលរាប់ទសវត្សរ៍ក្នុងការសាងសង់ដើម្បីតតាំងនឹងអ៉ីស្រាអែលនោះទេ។
«ក្រុមហាម៉ាសអាចនឹងបោះបង់ចោលអាវុធធុនស្រាល លុះត្រាតែអាវុធទាំងអស់នោះលែងមានសារៈសំខាន់តែប៉ុណ្ណោះ។ នេះមានន័យថាពួកគេអាចនឹងប្រគល់អាវុធទាំងនោះទៅឱ្យអាជ្ញាធរ ប៉ាឡេស្ទីនណាមួយដែលគ្រប់គ្រងតំបន់ហ្កាហ្សានៅក្រោយការបិទបញ្ចប់អាណានិគមរបស់អ៉ីស្រាអែល»។ នេះជាការគូសបញ្ជាក់របសលោក Keshawi។
* អំំណាចនៅទំនេរ?
នៅហ្កាហ្សា ចលនាប្រដាប់អាវុធមិនមែនមានតែហាម៉ាសនោះទេ។ ក្រៅពីហាម៉ាស នៅមានចលនាប្រដាប់អាវុធផ្សេងទៀតដូចជា Palestinian Islamic Jihad (PIJ), Popular Front for the Liberation of Palestine (PFLP) និង Al-Aqsa Martyrs Brigades។ ចលនាប្រដាប់អាវុធទាំងនេះបានប្ដេជ្ញាចិត្តជាយូរណាស់មកហើយក្នុងការតស៊ូ ប្រដាប់អាវុធប្រឆាំងនឹងអ៉ីស្រាអែល ហើយវាមិនច្បាស់ថាតើចលនាប្រដាប់អាវុធទាំងនេះត្រូវបានបំផ្លាញដល់កម្រិតណាឡើយ នៅក្នុងសង្រ្គាម និងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល លើតំបន់ហ្កាហ្សា ២ឆ្នាំមកនេះ។
អំឡុងសង្រ្គាមនៅហ្កាហ្សាជាទីដែលអ៉ីស្រាអែលរងការចោទប្រកាន់ថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ អ៉ីស្រាអែលក៏បានជួយទំនុកបម្រុងពួកក្រុមជនអន្ធពាលនៅក្នុងតំបន់ហា្កហ្សា ដើម្បី ប្រឆាំងនឹងក្រុមហាម៉ាសផងដែរ។ តាមលោកស្រី Taghreed Khodary ជាអ្នកវិភាគម្នាក់ស្ដីពីអ៉ីស្រាអែល និងប៉ាឡេស្ទីនមកពីតំបន់ហ្កាហ្សា បានប្រាប់សារព័ត៌មាន Al Jazeera ថា ប្រជាជនប៉ាឡេស្ទីនភាគច្រើនជឿជាក់ថាហាម៉ាសគួរតែរក្សាទុកនូវសមត្ថភាពយោធាមួយចំនួនដើម្បីបញ្ឈប់ពួកជនអន្ធពាលកុំឱ្យទាញយកប្រយោជន៍ពីអំណាចនៅទំនេរណាមួយ។ លោកស្រី បន្តទៀតថាអ៉ីស្រាអែលបានបង្កើតពួកជនអន្ធពាល ជាមួយការផ្ដល់អាវុធ រួមទាំងកាំភ្លើងដើម្បីសម្លាប់ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។ ឥលូវ អ៉ីស្រាអែលចង់បណ្ដេញហាម៉ាស ប៉ុន្តែ ប្រជាជនប៉ាឡេស្ទីននៅតែត្រូវការហាម៉ាសក្នុងការថែរក្សាការពារសន្តិសុខក្នុងតំបន់ហ្កាហ្សា។
* ហាម៉ាសជាមនោគមន៍វិជ្ជា
អ៉ីស្រាអែលបានអះអាងថាគោលដៅចម្បងនៃសង្រ្គាមរបស់ខ្លួននៅហ្កាហ្សា គឺកម្ទេចក្រុមហាម៉ាស។ តែលោក Keshawi បាននិយាយថាហាម៉ាសនឹងមិនអាចត្រូវបានកម្ទេចទាំងស្រុងទេ។ លោកបានព្យាករថាក្រុមហាម៉ាសនៅតែមានសមត្ថភាពអាចអូសទាញយុវជនប៉ាឡេស្ទីនឱ្យកាន់អាវុធចូលរួមជាមួយក្រុមខ្លួន ហើយហាម៉ាសមិនមែនត្រឹមតែជាអង្គការមួយប៉ុណ្ណោះទេ តែក៏ជា មនោគមន៍វិជ្ជានៃនិមិត្តរូបចលនាតស៊ូផងដែរ។ «ហាម៉ាសបានបង្កើតជាឧទាហរណ៍មួយនៅក្នុងពិភពអារ៉ាប់ នោះគឺពួកគេបានធ្វើសង្រ្គាមជាមួយអ៉ីស្រាអែល ជាសង្រ្គាមមួយដែល គ្មានប្រទេសណាក្នុងតំបន់អាចធ្វើបាន បើទោះជាសង្រ្គាមនេះត្រូវលះបង់តម្លៃដ៏សម្បើមក៏ដោយ»។ នេះជាការបន្ថែមរបស់លោក Keshawi។ យ៉ាងណាក៏ដោយ លោក Hugh Lovatt ជាអ្នកជំនាញស្ដីពីអ៉ីស្រាអែល និងប៉ាឡេស្ទីន មកពីស្ថាប័ន European Council on Foreign Relations (ECFR) យល់ថាហាម៉ាសនៅតែមានភាពប្រាកដនិយម និងមានបំណងធ្វើសម្បទានពង្រីកបទឈប់បាញ់ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។
បើតាមលោក Lovatt និរន្តរភាពនៃបទឈប់បាញ់ វាគឺអាស្រ័យលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមទាំងមេដឹកនាំលោកខាងលិចផ្សេងទៀត ដើម្បីគ្រប់គ្រងអ៉ីស្រាអែល និងលក្ខខណ្ឌដាច់ខាតរបស់អ៉ីស្រាអែល។ អ្នកជំនាញរូបនេះបានកត់សម្គាល់ថា វាមានលទ្ធភាពខ្ពស់ថាអ៉ីស្រាអែលអាចនឹងជោគជ័យក្នុងការបញ្ចុះបញ្ចូលបណ្ដាប្រទេសលោកខាងលិច ថាហាម៉ាសត្រូវតែរំសាយអាវុធទាំងស្រុងជាមុនសិន មុននឹងការធ្វើអាណានិគមន៍ត្រូវបិទបញ្ចប់។ ប្រសិនបើរឿងនេះកើតឡើងពិតមែន នោះវានឹងក្លាយជាលេសថ្មីសម្រាប់លោកខាងលិច ទុកឱកាសឱ្យអ៉ីស្រាអែលរួចផុតពីការអនុវត្តកាតព្វកិច្ចរបស់ខ្លួននៅក្រោមកិច្ចព្រមព្រៀង Oslo Accords៕