* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពរបស់ក្រុមជ្រុលនិយមថៃ ដែលប្រព្រឹត្តមកលើសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជាផ្សេងទៀត

11-10-2025 11:26

(ភ្នំពេញ)៖ ក្នុងនាមក្រុមប្រឹក្សាគណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ សូមសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។

តាមរយៈញ្ញតិថ្កោលទោស រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «យើងខ្ញុំសូមសម្តែងនូវការសោកស្តាយជាពន់ពេក និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពអសីលធម៌ ខ្វះសេចក្តីថ្លៃថ្នូររបស់ជនជាតិថៃមួយចំនួន ដែលបានយករូបថត សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាន់ខ្ពស់កម្ពុជាដទៃទៀត ទៅធ្វើសកម្មភាពមិនគួរគប្បី និងអសីលធម៌នៅតាមទីសាធារណៈ ក្នុងប្រទេសថៃ។

អាកប្បកិរិយារបស់ជនជាតិថៃទាំងនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដល់ឧត្តមភាពរបស់ឥស្សរជនកំពូលកម្ពុជា ដែលប្រជាជនគោរពស្រឡាញ់ និងចាត់ទុក សម្តេចតេជោប្រធានព្រឹទ្ធសភា ជារដ្ឋបុរសជាតិកម្ពុជា ដែលបាន ធ្វើពលិកម្មតស៊ូ លះបង់ និងបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីប្រជាជាតិ និងមាតុភូមិកម្ពុជា។ ទង្វើនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឥស្សរជនកំពូលរបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែនេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃសីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ ជាពិសេសទំនាក់ទំនងក្នុងនាមជាប្រទេសជិតខាងថែមទៀតផង។

ជនជាតិអាស៊ី ជាពិសេសជនជាតិខ្មែរ និងជនជាតិថៃ មានប្រពៃណីគោរពយ៉ាងខ្ពង់ខ្ពស់ ចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ ក្នុងហេតុផលនេះហើយ បានជាថ្នាក់ដឹកនាំកំពូលកម្ពុជា តែងតែអំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរ សូមកុំយកព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ និងរូបថតថ្នាក់ដឹកនាំថៃ ទៅធ្វើសកម្មភាពណាមួយដែល មិនគួរគប្បី និងសូមកុំឱ្យមានការរើសអើងចំពោះប្រជាជនថៃដែលកំពុងស្នាក់នៅ និងប្រកបមុខរបរនៅកម្ពុជា។ ផ្ទុយមកវិញ ជនជាតិថៃមួយចំនួនបានប្រព្រឹត្តិអំពើអសីលធម៌ និងប្រមាថចំពោះថ្នាក់ដឹកនាំកម្ពុជាដោយចំហរ ប៉ុន្តែបែរជា គ្មានវិធានការអ្វីទាំងអស់ចំពោះបុគ្គលទាំងនោះ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមថ្កោលទោសចំពោះទង្វើអសីលធម៌ ខ្វះសេចក្តីថ្លៃថ្នូររបស់ជនជាតិថៃ មួយចំនួន និងសូមប្តេជ្ញាគាំទ្ររាល់វិធានការណ៍ និងគោលការណ៏របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន តាមច្បាប់ និងគោលការណ៏អន្តរជាតិជាធរមាន និងអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយមិនប្រព្រឹត្តិទង្វើអសីលធម៌ ខ្វះសេចក្តីថ្លៃថ្នូរតបតទៅលើ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និងប្រជាជនថៃនោះឡើយ»៕