ការនាំចូលទំនិញពីថៃមកកម្ពុជា ក្នុងខែកញ្ញា មានតម្លៃជាង ២០៧លានដុល្លារ ថយចុះជាង៣២%
11-10-2025 13:10
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ ការនាំចូលទំនិញពីថៃមកកាន់កម្ពុជា មានតម្លៃជាង ២០៧លានដុល្លារ មានការថយចុះប្រមាណ ១០០លានដុល្លារឬ ប្រមាណ ៣២.៥% បើធៀបនឹងពីខែកញ្ញា ឆ្នាំ២០២៤ មានតម្លៃជាង ៣០៧លានដុល្លារ។
ទោះជាយ៉ាងនេះ បើទោះបីជាប្រទេសទាំង២ មានជម្លោះព្រំដែន និងឈានទៅដល់ការបិទព្រំដែនក៏ដោយ ប៉ុន្តែបើធៀបការនាំចូលទំនិញពីថៃមកកម្ពុជា រវាងខែកញ្ញា និងខែសីហា ឆ្នាំ២០២៥នេះ មានការធ្លាក់ចុះតិចតួចប៉ុណ្ណោះក្នុងរង្វង់៦លានដុល្លារ ពោលគឺក្នុងសីហា ឆ្នាំ២០២៥ ការនាំចូលមានតម្លៃ ជាង២១៣លានដុល្លារ ខណៈខែកញ្ញា មានតម្លៃជាង ២០៧លានដុល្លារ។ នេះបើយើងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែល។
ទិន្នន័យបានឱ្យដឹងដែរថា ចំណែកនាំចេញពីកម្ពុជាទៅកាន់ថៃ មានតម្លៃ ៤១លានដុល្លារ ថយចុះ ៤៤% បើធៀបនឹងកាលពីខែកញ្ញា ឆ្នាំ២០២៤ ដែលមានតម្លៃជាង ៧៣លានដុល្លារ និងធៀបជាមួយនឹងខែសីហា ឆ្នាំ២០២៥ ថយចុះប្រមាណ ៥លានដុល្លារ ដែលកាលពីខែសីហាកន្លងទៅនេះ កម្ពុជានាំចេញទំនិញជាង ៤៦លានដុល្លារទៅថៃ។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល៩ខែឆ្នាំ២០២៥នេះ កម្ពុជា-ថៃ សម្រេចបានទំហំពាណិជ្ជកម្មជាង ៥៧៦លានដុល្លារ ថយចុះ១០.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃជាង ៦៤៥លានដុល្លារ។
ឆ្លើយតបនឹងការគម្រាបរបស់ថៃ កាលពីខែមិថុនា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់រាល់ការនាំចូលគ្រប់បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈទាំងអស់របស់ថៃ ចំណែកទំនិញផ្សេងទៀតនៅដំណើរការនាំចូលធម្មតា តាមច្រកព្រំដែន ដែលមិនមែនព្រំដែនគោកដែលថៃបិទជាឯកតោភាគី៕