កម្ពុជា និងកុំមិនវែលដូមីនីក ឯកភាពពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែជម្រៅលើគ្រប់វិស័យ (Video inside)

11-10-2025 13:37

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថាកម្ពុជា និងកុំមិនវែលដូមីនីក ឯកភាពពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែជម្រៅលើគ្រប់វិស័យ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា របស់លោកបណ្ឌិត រូសឺវ៉ែល ស្តីរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រី នៃកុំមិនដែលដូមីនីក ដែលបានបញ្ចប់ដំណើរទស្សនកិច្ចការងារប្រកបដោយជោគជ័យ កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត រូសឺរ៉ែល ស្តីរឹត បានចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃ ព្រះរាជាណាចក្រកម្ពុជា និងបានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការស្វាគមន៍យ៉ាងកក់ ក្តៅចំពោះដំណើរទស្សនកិច្ចការងាររបស់លោកបណ្ឌិត ស្តីរឹត ដែលធ្វើឡើងស្របពេលនឹងការ ប្រារព្ធខួបដ៏សំខាន់លើកទី១៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងកុំមិនដែលដូមីនីក។

លោកបណ្ឌិត រូសឺរ៉ែល ស្តីរីត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ លោកបណ្ឌិត បានកោតសរសើរចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរបស់កម្ពុជា និងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី កម្ពុជានឹងបន្តភាពរីកចម្រើន និងវិបុលភាពបន្ថែមទៀត។

ក្នុងជំនួបពិភាក្សាទ្វេភាគី សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកបណ្ឌិត បានរំឭកអំពីដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់ លោកបណ្ឌិត វីន ហេនដីសាន់ (Vince Henderson) រដ្ឋមន្ត្រីក្រសួងការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពលនៃកុំមិនដែល ថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៣ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជាការទូត ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទេសចរណ៍ និងវប្បធម៌ ព្រមទាំងវិស័យផ្សេងទៀតដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានយល់ព្រមបន្តការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និង អន្តរជាតិ រួមទាំងក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ផងដែរ។ ក្នុងន័យនេះ នាយករដ្ឋមន្ត្រី កុំមិនដែលដូមីនីក បានប្រកាសគាំទ្របេក្ខភាពរបស់កម្ពុជា ជាសមាជិកនៃគណៈកម្មាធិការអន្តរដ្ឋាភិបាល នៃអង្គការយូណេស្កូ សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី (ICS-ICH) សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣០ និងជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ឆ្នាំ ២០២៨-២០៣០។

ថ្នាក់ដឹកនាំទាំងពីរ បានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសកម្ពុជា និងកុំមិនដែល ដូមីនីកនិងបានជំរុញឱ្យរៀបចំយន្តការនេះឱ្យបានឆាប់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើ វិស័យទាំងអស់ដែលមានសក្តានុពល៕