ជនជាតិវៀតណាម៣០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ក្រោយចាប់ខ្លួនពាក់ព័ន្ធបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានជនជាតិចិនជាមេក្លោង
11-10-2025 15:37
(ភ្នំពេញ)៖ ជនជាតិវៀតណាមចំនួន៣០នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ក្រោយចាប់ខ្លួនពាក់ព័ន្ធបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានជនជាតិចិនជាមេក្លោង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ បានបណ្តេញចេញជនជាតិវៀតណាម សរុបចំនួន ៣០នាក់ ស្រី១៣នាក់ តាមច្រកព្រំដែនអន្តរជាតិ បាវិត ក្រោយកិច្ចសហប្រតិបត្តិការ រវាងសមត្ថកិច្ចជំនាញនៃគណៈបញ្ជាការ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតវៀតណាម។
ជនជាតិវៀតណាមទាំង៣០នាក់ ត្រូវបានគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាប បទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនក្នុងកិច្ចប្រតិបត្តិការថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ក្នុង ចំណោមជនបរទេសសរុបចំនួន ៣៣នាក់ នៅទីតាំងមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។
ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការសម្ភាសន៍កំណត់សញ្ញាណរងគ្រោះ ដោយអំពើជួញដូរមនុស្សរួចរាល់តាមនីតិវិធីជាតិ និងអន្តរជាតិ ដោយមិនមានសញ្ញាណរងគ្រោះនោះទេ។
ជនបរទេសទាំង៣៣នាក់ បានសម្ងំលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានមេខ្លោងជាជនជាតិចិនចំនួន ០៣នាក់ ក្រោមរូបភាព "Malware-Enabled Scam” ដោយប្រើប្រាស់ ទឹកដីកម្ពុជាធ្វើសកម្មភាពឆបោកប្រជាពលរដ្ឋវៀតណាម នៅប្រទេសវៀតណាម។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងសម្ភារៈបម្រើដល់ប្រតិបត្តិការឆបោកមួយចំនួនរួមទាំងប្រាក់ជាផលនៃ បទល្មើសចំនួន ២៨,៨០០ដុល្លាអាមេរិក និង ១២,០០០,០០០រៀល និងបានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យជាមេខ្លោងឆបោកជនជាតិចិន ចំនួន៣នាក់ ទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីអនុវត្តច្បាប់ពីបទឆបោក និងសម្អាតប្រាក់៕