Fresh Exclusive៖ សង្គ្រាមផ្លូវចិត្ត៖ អំពើអយុត្តិធម៌ថ្មីរបស់ថៃ ធ្វើដាក់មកលើប្រជាជនកម្ពុជានៅភូមិព្រៃចាន់

11-10-2025 17:13

(ភ្នំពេញ)៖ ថៃ បានបំភ័យអ្នកស្រុកនៅក្នុងភូមិព្រៃចាន់ ដោយការប្រើឧបករណ៍បំពងសំឡេងដ៏គ្រលួចនាពេលរាត្រី ដើម្បីបំបាក់ស្មារតីពលរដ្ឋខ្មែរ។ នេះគឺជាល្បិចកលយុទ្ធសាស្ត្រនៃសង្គ្រាមចិត្តសាស្ត្រ របស់ថៃ ដែលធ្វើបន្ទាប់ពីល្បិចកលលួចយកដីបន្តិចម្តងៗ Salami Slicing ។ គេត្រូវចងចាំថា សង្គ្រាមផ្លូវចិត្ត អាចធ្វើឲ្យមនុស្សភ័យខ្លាច ប៉ុន្តែមិនអាចបំបាក់ស្មារតីនៃជាតិខ្មែរ តែងចេះស្រលាញ់ទឹកដីរបស់ខ្លួនតាំងពីកំណើតមក។ ដូច្នេះសូម្បីសំឡេងយុទ្ធសាស្ត្រផ្លូវចិត្តនោះ មានអនុភាពប៉ុនណាក៏ដោយក៏វាមិនអាចលុបបំបាត់សម្លេងនៃភាពស្រឡាញ់ជាតិ និងការពារអធិបតេយ្យភាពខ្មែរបានឡើយ។ Fresh Exclusive៖ មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

វេលាមុនអាធ្រាត្រ យប់មួយនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ភាពស្ងប់ស្ងាត់នៃភូមិដ៏ស្ងាត់ជ្រងំនោះ ត្រូវបានគេបំភ័យ ដោយសម្លេងបំពងដ៏លាន់គ្រលួច ដូចជាសម្រែកឆ្កែលូ ឬខ្មោចលង និងបន្តដោយសំឡេងយន្តហោះ បង្កការចាក់ត្រចៀកយ៉ាងក្រៃលែង។ សំឡេងដែលបង្កអារម្មណ៍ភ័យស្លន់ស្លោនោះ តាមពិតមិនមែនមកពីខ្មោច ឬសត្វសាហាវណាមួយឡើយ ប៉ុន្តែជាសម្លេងតាមភាពច្នៃប្រឌិត ក្នុងបំណងបង្កឱ្យអារម្មណ៍ភ័យស្លន់ស្លោ ដូចជាចង់ធ្វើឱ្យមនុស្សបាក់បបខ្លាច និងរត់ភៀសខ្លួនតែប៉ុណ្ណោះ។

នោះជាផ្នែកមួយនៃយុទ្ធសាស្ត្រ សង្គ្រាមផ្លូវចិត្តសាស្ត្រ (Psychological Warfare) ដែលភាគីថៃកំពុងអនុវត្ត ក្នុងតំបន់ព្រំដែនជាមួយកម្ពុជា។ ការបំពានលើដីក្នុងភូមិព្រៃចាន់ កាលពីថ្ងៃទី១០ តុលា ដោយប្រើគ្រឿងចក្រឈូសឆាយដីប្រជាពលរដ្ឋខ្មែរ ក្រោមលេសថា «ចូលដោះមីន» មិនត្រឹមជាអំពើរំលោភលើអធិបតេយ្យភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការសាបព្រួសចាប់ផ្តើមនៃសង្គ្រាមផ្លូវចិត្ត ដែលបង្កសម្ពាធផ្លូវអារម្មណ៍ និងបំបាក់ស្មារតីប្រជាជនដើម្បីបង្ខំឲ្យពួកគេចាកចេញពីដីកំណើតរបស់ខ្លួន។

* អ្វីជាសង្គ្រាមផ្លូវចិត្តសាស្ត្រ Psychological Warfare?
សង្គ្រាមផ្លូវចិត្តសាស្ត្រ ឬ Psychological Warfare គឺជាវិធីសាស្ត្រដែលប្រើមិនមែនអាវុធ ឬកាំភ្លើងទេ ប៉ុន្តែជាវិធីសាស្ត្រប្រើសារព័ត៌មាន, ប្រើសំឡេង, ប្រើការផ្សាយបំភ័ន្ត, ប្រើការគំរាម, ការបង្កអារម្មណ៍ភ័យស្លន់ស្លោ និងការបំផ្លាញស្មារតីមនុស្ស ដើម្បីឲ្យគោលដៅបោះបង់ចោលឆន្ទៈក្នុងការតស៊ូ ឬបោះបង់ការពារដីធ្លីរបស់ខ្លួន។ វាជាសង្គ្រាមផ្លូវអារម្មណ៍ (war of emotions and perception) មិនមែនដូចជាផ្លូវយោធាដែលមានអំពើបាញ់ប្រហារទេ។ គោលបំណងសំខាន់នៃសង្គ្រាមចិត្តសាស្ត្រនេះគឺ៖
១. បំបាក់ឆន្ទៈ និងស្មារតីអ្នកស្រុកឱ្យខ្លាច និងបាក់ស្បាត។
២. បង្កើតភាពច្របូកច្របល់ក្នុងសង្គម និងបំបាក់ការជឿជាក់លើអធិបតេយ្យភាពជាតិ។
៣. បង្ខំឲ្យគោលដៅ ធ្វើសកម្មភាពតាមបំណងរបស់អ្នកបង្កសង្គ្រាម។

សកម្មភាពបង្កជាការចាក់សំឡេងរំខាន ឬសំឡេងបំភ័យពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ កាលពីយប់ទី១០ ខែតុលា ឆ្នាំ២០២៥ គឺជាគំរូច្បាស់នៃសង្គ្រាមផ្លូវចិត្តសាស្ត្រ។ ដោយឡែកការផ្សាយព័ត៌មានបំភ័ន្ត ឬការបង្ហោះរូបភាពបន្លំ «ដោះមីន» របស់ថៃ ក៏ជាផ្នែកមួយនៃសង្គ្រាមផ្លូវចិត្ត ដើម្បីបំភ័ន្តសាធារណមតិអន្តរជាតិផងដែរ។

សង្គ្រាមផ្លូវចិត្តសាស្ត្រ គឺជាល្បិចកលមួយ ដែលថៃតែងធ្វើបន្ទាប់ពីយុទ្ធសាស្ត្រលួចកាត់ដីបន្តិចម្តងៗ Salami Slicing។ យុទ្ធសាស្ត្រ Salami Slicing គឺជាវិធីសាស្ត្រនៃផ្លូវយុទ្ធសាស្ត្រ និងនយោបាយ ដើម្បីយកដីកាន់កាប់បន្តិចម្ដងៗ ដើម្បីឲ្យគេមើលទៅដូចជារឿងមិនសំខាន់ឡើយ ប៉ុន្តែបន្ទាប់ពីកាន់កាប់បានផ្ទៃដីមួយផ្នែកហើយ អ្នកអនុវត្ត (ដូចជាភាគីថៃ) តែងតែបន្តជំហានថ្មីរបស់ខ្លួនមួយទៀតនោះគឺ សង្គ្រាមផ្លូវចិត្តសាស្ត្រ ដើម្បីបង្កើតការភ័យខ្លាច និងធ្វើឲ្យប្រជាជននៅតំបន់ព្រំដែន បោះបង់ចោលដីរបស់គេដោយការបំបាក់ស្មារតី។

ដូច្នេះយុទ្ធសាស្ត្រ «សង្គ្រាមផ្លូវចិត្តសាស្ត្រ Psychological Warfare» គឺជាដំណាក់កាលបន្ទាប់ពីការឈូសឆាយដីតាមរយៈយុទ្ធសាស្ត្រ Salami Slicing ដើម្បីធ្វើឲ្យ «ដីលួចបន្លំ» ក្លាយជាដីស្ងប់ស្ងាត់ដោយសារមនុស្សខ្លាចបានរត់ចេញនិងបោះបង់ចោល។

* សកម្មភាពឈ្លានពានថ្មីរបស់ថៃនៅភូមិព្រៃចាន់៖ ដោះមីន ឬ បន្លំដោះដី?
ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាតំបន់ដែលទាហានថៃបានប្រើគ្រឿងចក្រឈូសឆាយដីអ្នកភូមិខ្មែរ ដោយប្រើលេសថា «ចូលដោះមីន» ខណៈដែលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនកំពុងវត្តមាននៅទីនោះ។ ក្រុមសង្កេតការណ៍បណ្តោះអាសន្ន IOT ក៏បានផ្តិតយករូបភាពជាភស្តុតាងផងដែរ ប៉ុន្តែភាគីថៃវិញ ពេលនោះបានប្រញាប់ដាក់ក្រុមរាវមីនរបស់ថៃ ចេញបង្ហាញខ្លួន ដោយធ្វើសកម្មភាពនៅពីក្រោយគ្រឿងចក្រឈូសឆាយ ដើម្បីបិទបាំងអំពើឈ្លានពាន។ សកម្មភាពរាវមីន នៅពីក្រោយគ្រឿងចក្រនេះ គឺជាអំពើមួយដ៏ចម្លែកនិងខុសទម្លាប់ទាំងស្រុង ពីស្តង់ដារនៃវិជ្ជាជីវៈដោះមីន។

តាមទម្លាប់អន្តរជាតិ ការដោះមីន តម្រូវឲ្យក្រុមអ្នកជំនាញធ្វើរាវរកសញ្ញាមីនឱ្យអស់សិន មុននឹងអនុញ្ញាតឲ្យគ្រឿងចក្រចូលឈូសឆាយដី។ ប៉ុន្តែរូបភាព «ដោះមីន» របស់ភាគីថៃ កាលពីថ្ងៃទី១០ ខែតុលា កន្លងទៅវិញ គឺកើតឡើងក្រោយពេលគ្រឿងចក្របានឈូសឆាយលើដីនៃ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ។ វាជារបៀបដោះមីនខុសវិជ្ជាជីវៈ និងខុសតាមស្តង់ដារសន្តិសុខយោធាអន្តរជាតិ ដែលបង្ហាញថា «ការដោះមីន» នោះ គ្រាន់ជាលេសបន្លំសម្រាប់គ្របអំពើបំពានលើទឹកដីជាក់ស្តែងប៉ុណ្ណោះ។

អំពើនេះ មិនមែនជាសកម្មភាពដោះមីន ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋឡើយ ប៉ុន្តែជាវិធីបន្លំយកដីដើម្បីលាក់បាំងពីការយកចិត្តទុកដាក់របស់ក្រុមសង្កេតការណ៍អន្តរជាតិតែប៉ុណ្ណោះ។ សកម្មភាពដ៏ខុសឆ្គងនេះ បានបង្ហាញយ៉ាងច្បាស់ថា សកម្មភាព «ដោះមីន» របស់ថៃ គឺជាការប្រើរូបភាពបន្លំ (Deceptive Image Operation) ដើម្បីបង្កើតការយល់ច្រឡំ និងបិទបាំងនូវអំពើឈ្លានពានលើទឹកដីកម្ពុជាតែប៉ុណ្ណោះ។

ការឈូសឆាយដីនៅក្នុងភូមិព្រៃចាន់នោះទៀត ក៏មិនមែនជាសកម្មភាពបំពានលើកដំបូងឡើយ។ វាជាទង្វើ ដែលបានបន្តពីការរាយលួសបន្លា និងការលួចកាត់ដីតាមយុទ្ធសាស្ត្រ Salami Slicing ដែលថៃបានអនុវត្តតាំងពីថ្ងៃទី១៣ ខែសីហា និងបានធ្វើជាបន្ថែមទៀត ក្រោយការហ៊ុំព័ទ្ធ រយៈពេលជិត២ខែរួចមកនេះ។ ដូច្នេះសកម្មភាពដោះមីនបែបបន្លំ នៅថ្ងៃទី១០ ខែតុលា មិនមែនជាការដោះមីននោះទេ ប៉ុន្តែជាឧបាយកលបន្លំដើម្បីបំភ្លេចភ្នែកពិភពលោកពីអំពើឈ្លានពានពិតប្រាកដ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សភ្ញាក់ផ្អើលជាងនេះទៀតនោះ គឺការបង្ហាញយុទ្ធសាស្ត្រថ្មីមួយបន្ថែមគឺ «សង្គ្រាមផ្លូវចិត្ត»។ សង្គ្រាមផ្លូវចិត្តសាស្ត្រត្រូវបានថៃតែងអនុវត្ត បន្ទាប់ពីយុទ្ធសាស្ត្រ Salami Slicing។

នៅវេលា ១០៖៤៤នាទីយប់ ក្រោមមេឃងងឹតសូន្យសុង ទាហានថៃបានប្រើឧបករណ៍បំពងសំឡេងដ៏ខ្លាំង បង្កសំឡេងរំខានដូចស្រែកខ្មោច និងសម្លេងយន្តហោះបង្កការចាក់ត្រចៀកជាខ្លាំង។ សំឡេងនោះបន្តរហូតដល់ ១២៖០៤អាធ្រាត្រ ហើយឡើងវិញនៅ ៣៖២២ទាបភ្លឺថ្ងៃ រហូតដល់ ៣៖៥៣ព្រឹក។ សកម្មភាពនេះ មិនមែនមានគោលបំណងកម្សាន្តអ្វីនោះទេ ប៉ុន្តែជាវិធីបំបាក់ស្មារតីប្រជាពលរដ្ឋ ឲ្យភ័យខ្លាច រំសាយទឹកចិត្តតស៊ូ ដើម្បីបោះបង់ដីសម្បត្តិបុព្វបុរស។

ការប្រើសំឡេងបង្កការភ័យខ្លាចដូចជាវិធីសាស្ត្រផ្លូវចិត្តនេះ ត្រូវបានគេដាក់ជាការអនុវត្តក្នុងវិធីសាស្ត្រសង្គ្រាមស្ដីពី «ការគ្រប់គ្រងស្មារតីមនុស្ស»។ វាជាការវាយប្រហារផ្លូវអារម្មណ៍ ដែលគ្មានកាំភ្លើង ឬគ្រាប់បែក ប៉ុន្តែមានអនុភាពធំដូចគ្នាក្នុងការបំផ្លាញឆន្ទៈ និងកម្លាំងអត់ធ្មត់របស់ប្រជាពលរដ្ឋ។

ក្នុងការសន្និដ្ឋានជារួម៖ អំពើបំពានដ៏អយុត្តិធម៌នេះ បង្ហាញឲ្យឃើញថា ភាគីថៃមិនត្រឹមប្រើតែយុទ្ធសាស្ត្រផ្លូវយោធា ដូចជា Salami Slicing ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើយុទ្ធសាស្ត្រផ្លូវចិត្ត Psychological Warfare ដើម្បីធ្វើឲ្យប្រជាជនខ្មែរ បាត់ស្មារតីការពារជាតិថែមទៀត។ ទោះជាយ៉ាងណា កម្ពុជានៅតែរក្សាភាពអត់ធ្មត់ សង្ឃឹមលើសមត្ថភាពដោះស្រាយតាមផ្លូវច្បាប់ និងសន្តិវិធី ដើម្បីការពារទឹកដីនិងកិត្តិយសជាតិ។ សង្គ្រាមផ្លូវចិត្ត អាចធ្វើឲ្យមនុស្សភ័យខ្លាច ប៉ុន្តែមិនអាចបំបាក់ស្មារតីនៃជាតិ ដែលខ្មែរតែងចេះស្រលាញ់តាំងពីកំណើតរបស់ខ្លួនឡើយ។ ដូច្នេះសូម្បីសំឡេងយុទ្ធសាស្ត្រផ្លូវចិត្ត មានអនុភាពខ្លាំងប៉ុនណា ក៏វាមិនអាចលុបបំបាត់សំឡេងនៃការស្រឡាញ់ជាតិ និងការពារអធិបតេយ្យភាពខ្មែរបានឡើយ៕