ក្មេងតូចៗរបស់ខ្មែរនៅភូមិជោគជ័យ កើតការភិតភ័យនៃភ្លើងសង្គ្រាម ព្រោះការទន្ទ្រានដីពីសំណាក់ទ័ពថៃ (Video inside)

11-10-2025 17:43

(បន្ទាយមានជ័យ)៖ ការទន្ទ្រានដីខ្មែរនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពីសំណាក់កងទ័ពថៃ បានបង្កអារម្មណ៍ភ័យខ្លាចដល់ប្រជាពលរដ្ឋ រួមទាំងក្មេងតូចៗផងដែរ។

ភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាភូមិឋានរបស់ខ្មែរ ហើយមានប្រជាពលរដ្ឋខ្មែររាប់រយគ្រួសារបានរស់នៅរង្វង់៤០ឆ្នាំមកហើយ។ ភូមិទាំងពីរនេះ បានរងការទន្ទ្រានពីសំណាក់កងទ័ពថៃ កាលពីថ្ងៃទី១២ និង១៣ ខែសីហា ដោយពួកគេបានយកបន្លាលួស និងកង់ឡានមកព័ទ្ធយកដីភូមិឋាន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ ដោយបំពានបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា និងអនុស្សារណៈស្តីពីដំណោះស្រាយព្រំដែនឆ្នាំ២០០០។

ការទន្ទ្រាននេះមិនទាន់បញ្ឈប់ឡើយ កងទ័ពថៃ នៅតែបន្តចិញ្ចឹមចិត្តទន្ទ្រានយកដីភូមិឋាន ផ្ទះសម្បែង ជាពិសេសបានព្រមានបណ្តេញពលរដ្ឋខ្មែរចេញពីភូមិឋានផ្ទះសម្បែង ដែលជាទង្វើរំលោភពបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស។

ការទន្ទ្រាននេះ បានបង្កើតអារម្មណ៍ភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងភូមិដែលមានទាំងជនចាស់ជរា ជនពិការ អ្នកជំងឺ និងក្មេងតូចៗផងដែរ។

ក្មេងតូចៗនៅក្នុងភូមិដែលធ្លាប់រស់នៅសុខសាន្ត សប្បាយរីករាយ បានប្រែក្លាយទៅជាក្មេងដែលស្គាល់ និងយល់ពីនិយមន័យនៃសង្គ្រាម ហើយសូម្បីដែលល្បែងដែលគេលេងកម្សាន្តក៏ខុសពីក្មេងនៅតំបន់មិនប្រឈមនឹងសង្គ្រាមដែរ។ ល្បែងកម្សាន្តរបស់ពួកគេ គឺធ្វើលេណដ្ឋាន ដែលជាកន្លែងសម្រាប់មនុស្សជ្រកកោណពីគ្រាប់ក្នុងពេលកើតមានសង្គ្រាម។

ក្រុមក្មេងៗតូច បាននិយាយថា «ខ្ញុំខ្លាចសង្គ្រាម មិនចង់មានសង្គ្រាមទេ។ សង្គ្រាមមនុស្សបាញ់គ្នា ធ្វើឱ្យស្លាប់»

ពីក្មេងដែលចេះតែលេងសប្បាយ ក្លាយជាខ្លាចសង្គ្រាម។ តើអង្គការអន្តរជាតិនានា គួរបន្តឱបដៃឈរមើលការរំលោភទន្ទ្រានដីខ្មែរ និងការគំរាមកំហែងបញ្ឆេះសង្គ្រាមពីសំណាក់កងទ័ពថៃ មកលើភូមិឋានរបស់ខ្មែរទៀតឬយ៉ាងណា?