ចិនជំរុញកម្ពុជា និងថៃដោះស្រាយជម្លោះដោយសន្តិវិធី និងគាំទ្រឱ្យម៉ាឡេស៉ី ជួយលើកកម្ពស់ការដោះស្រាយតាមរបៀបអាស៊ាន

11-10-2025 17:51

(ប៉េកាំង)៖ កាលពីថ្ងៃសុក្រ ទី១០ ខែតុលា ទីក្រុងប៉េកាំង បាននិយាយថា ចិនបានបង្ហាញការគាំទ្រជាថ្មី ឱ្យកម្ពុជានិងថៃព្យាយាមដោះស្រាយបញ្ហាវិវាទ តាមរយៈកិច្ចសន្ទនា និងពិគ្រោះយោបល់គ្នា ពោលគឺដោយសន្តិវិធី។ នេះបើការដកស្រង់ការផ្សាយចេញពី វែបសាយក្រសួងការបរទេសចិន នាថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥។

ការអត្ថាធិប្បាយដូចខាងលើ ត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ នាឱកាសនោះ លោក Guo បានបន្ថែមទៀតថា ចិនក៏គាំទ្រផងដែរដល់ម៉ាឡេស៉ី ក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន ក្នុងការជួយលើកកម្ពស់ដំណោះស្រាយនយោបាយ នៃបញ្ហានេះ តាមរបៀបអាស៊ាន។

ជាចុងក្រោយ លោក Guo បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំង ត្រៀមលក្ខណៈជាស្រេច ដើម្បីបន្តជួយលើកកម្ពស់ដូចគ្នា នូវកិច្ចពិភាក្សារកសន្តិភាព តាមរបៀបរបស់ចិន ហើយដើរតួនាទីស្ថាបនា ដើម្បីពង្រឹងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងជំរុញការស្វែងរកដំណោះស្រាយដោយសន្តិវិធីឱ្យបានឆាប់ សម្រាប់ជម្លោះ៕