រដ្ឋមន្ត្រី ហួត ហាក់៖ កម្ពុជា ត្រៀមខ្លួនជាគោលដៅទេសចរណ៍មូស្លីមប្រកបដោយភាពកក់ក្ដៅ សុវត្ថិភាព និងទំនុកចិត្ត
11-10-2025 20:26
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថា ក្នុងពិធីបើកសម្ពោពពិព័រណ៍ឧបករណ៍ផ្ទះបាយសម្រាប់ផ្ទះ និងពាណិជ្ជកម្មអន្តរជាតិ (Home & Commercial Kitchen Exhibition) ដែលរៀបចំដោយក្រុមហ៊ុន Universal Alliance Co. Ltd នៅសណ្ឋាគារហ៊ីម៉ាវារី។
កម្មវិធីពិព័រណ៍ដែលផ្តោតលើការបង្ហាញនូវឧបករណ៍ផ្ទះបាយទំនើប និងបច្ចេកវិទ្យាចុងក្រោយសម្រាប់វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ព្រមទាំងការបង្ហាញពីស្តង់ដារអាហារហាឡា (Halal standard) សម្រាប់ជួយលើសុវត្ថិភាពម្ហូបអាហារ មានការចូលរួមពីសំណាក់លោក Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា, លោកបណ្ឌិត Santo Darmo Sumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌូណេស៊ីប្រចាំកម្ពុជា, លោក-លោកស្រីជារដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ និងតំណាងអង្គទូតវៀតណាម សិង្ហបូរី ចុងភៅប្រចាំសណ្ឋាគារល្បីៗ ពីប្រទេសម៉ាឡេស៊ី និងកម្ពុជា ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិជាង ១០០នាក់។
រដ្ឋមន្រ្តី ហួត ហាក់ បានគូសបញ្ជាក់ថា ពិព័រណ៌អន្តរជាតិនៅថ្ងៃនេះ ពិតជាបានបង្ហាញឱ្យឃើញពីកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជាក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ ការត្រៀមខ្លួនជាស្រេច ដើម្បីចាប់យកទីផ្សារទេសចរណ៍មូស្លីម ដែលជាទីផ្សារប្រកបដោយសក្តានុពលមួយ មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់ សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
សូមជម្រាបថា ពិព័រណ៌នេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ដោយមានការដាក់តាំងពិព័រណ៍នូវឧបករណ៍បរិក្ខារផ្ទះបាយដ៏ទំនើបៗ និងសេវាកម្មទេសចរណ៍៕