ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀង អំពាវនាវពលរដ្ឋកុំជឿតាមការឃោសនារបស់ទណ្ឌិត សម រង្ស៊ី ដែលបង្កើតរដ្ឋាភិបាលនិរទេសខុសច្បាប់

11-10-2025 20:42

(ស្វាយរៀង)៖ លោក គង់ ម៉ាស់ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងថា នយោបាយទណ្ឌិត សម រង្ស៊ី ធ្វើឲ្យអ្នកដើរតាមជាប់គុកបន្ថែមទៀត ដោយការបង្កើតរាជរដ្ឋាភិបាលនិរទេសខុសច្បាប់ ដែលជានយោបាយដល់ផ្លូវបំបែក ទាល់ច្រក និងអស់ថាមពល ដូច្នេះសូមពលរដ្ឋទាំងអស់កុំជឿតាមការញុះញង់របស់ទណ្ឌិត សម រង្ស៊ី ឱ្យចូលរួមជាមួយជាដាច់ខាត។

លោក គង់ ម៉ាស់ បានរំលឹកអំពីប្រវត្តិជូរចត់ដែលធ្លាប់ហែលឆ្លងជាមួយអតីតគណបក្សសង្គ្រោះជាតិ និងជឿតាមលោកសម រង្ស៊ី, លោក កឹម សុខា និងធ្លាប់ជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ។ ជាមួយគ្នានេះដោយមើលឃើញអំពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកក៏បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យមានទាំងសាលារៀន មន្ទីរពេទ្យ ផ្លូវគមនាគមន៍ ប្រឡាយទឹកខ្វាត់ខ្វែង វត្តអារាម ជាពិសេសបានគិតគូរដល់ជីវភាពរស់នៅ និងសុខមាលភាពប្រជាពលរដ្ឋផងដែរ។

លោកបានបញ្ជាក់ថា ការបង្កើតរដ្ឋាភិបាលនិរទេសរបស់ក្រុមសម រង្ស៊ី គឺគ្មាននៅក្នុងច្បាប់រដ្ឋធម្មនុញ្ញទេ ហើយក៏សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា ដែលតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសស្របពេលដែលប្រទេសថៃកំពុងឈ្លានពានទឹកដីប្រទេសយើងផងដែរ៕