នៅហៃទី មនុស្សជិត ៦លាននាក់ប្រឈមមុខនឹងភាពអត់ឃ្លាន (Video inside)
11-10-2025 20:46
(ប្រាក)៖ របាយការណ៍ចាត់ថ្នាក់រួមបញ្ចូលស្តីពីសន្តិសុខស្បៀង (IPC) នៅថ្ងៃទី១០ ខែតុលា បានឱ្យដឹងថា ស្ថានភាពអសន្តិសុខស្បៀងរបស់ប្រទេសហៃទី អាចនឹងកាន់តែស៉ីជម្រៅនៅពាក់កណ្តាលឆ្នាំ ២០២៦ ចំពេលមានអំពើហិង្សាដោយក្រុមជនអន្ធពាល និងការដួលរលំសេដ្ឋកិច្ច។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បច្ចុប្បន្ន ប្រជាជនហៃទី ចំនួន ៥.៧លាននាក់ដែលស្មេីនឹងជាងពាក់កណ្តាលនៃប្រជាជនសរុប កំពុងប្រឈមមុខនឹងកម្រិតខ្ពស់នៃអសន្តិសុខស្បៀង ដោយមាន ១.៩លាននាក់ស្ថិតក្នុងកម្រិតត្រូវការសង្គ្រោះ ជួបប្រទះការខ្វះខាតអាហារធ្ងន់ធ្ងរ និងកង្វះអាហារូបត្ថម្ភខ្លាំង។
IPC ដែលគាំទ្រដោយអង្គការសហប្រជាជាតិ លេីការងារវាស់ស្ទង់ភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភនៅចំណុចក្តៅជុំវិញពិភពលោក បានឱ្យដឹងទៀតថា មនុស្ស ប្រហែល ៥.៩១លាននាក់នឹងជួបប្រទះអសន្តិសុខស្បៀង នៅពាក់កណ្តាលឆ្នាំ ២០២៦ រួមទាំងជិត ២លាននាក់ស្ថិតនៅកម្រិតត្រូវការសង្គ្រោះបន្ទាន់។
លោកស្រី Martine Villeneuve នាយិកាអង្គការមិនរកប្រាក់ចំណេញមួយនៅហៃទី បាននិយាយថា ហៃទីនៅតែស្ថិតក្នុងចំណោមប្រទេសដែលមានវិបត្តិសន្តិសុខស្បៀងដ៏អាក្រក់បំផុតទាំង ៥ទូទាំងពិភពលោក ដោយជាងពាក់កណ្តាលនៃចំនួនប្រជាជនពឹងផ្អែកលើជំនួយ។
គួរបញ្ជាក់ថា វិបត្តិស្បៀងអាហារកាន់តែស៉ីជម្រៅនៅហៃទីកើតចេញពីបញ្ហាសេដ្ឋកិច្ចរយៈពេល ៦ឆ្នាំជាប់ៗគ្នា និងការកើនឡើងនៃអំពើហិង្សារបស់ក្រុមជនអន្ធពាល ដែលធ្វេីឱ្យមានការជម្លៀសចេញ រំខានដល់ការចិញ្ចឹមជីវិត និងការបំផ្លាញទិន្នផលកសិកម្ម។ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធ កសិករប្រឈមនឹងការជំរិតទារប្រាក់ ហើយអាជីវកម្មខ្នាតតូចត្រូវបានបង្ខំឱ្យបិទ៕