បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងអគារ MORGAN កោះពេជ្រ ឃាត់ខ្លួនជនបរទេស៨០នាក់ និងដកហូតសម្ភារមួយចំនួនធំ
11-10-2025 21:07
(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៦:០០នាទី បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំង១កន្លែង ស្ថិតនៅចំណុចអគារMORGAN ជាន់ទី៣៤ ផ្លូវកោះពេជ្រ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយមានការស្រាវជ្រាវសង្ស័យថាមាន ការលួចលាក់ប្រព្រឹត្តការឆបោកអនឡាញ ដែលជាអំពើល្មើសច្បាប់។ ពេលបានចុះដល់ទៅតាំងខាងលើ សមត្ថកិច្ចបានពិនិត្យឃើញមានមនុស្ស កំពុងបម្រើការងារនៅទីនោះចំនួន ៨០នាក់ មានស្រ្តី ១៥នាក់ មកពី ៧សញ្ជាតិ។
ក្នុងចំណោមមនុស្សទាំង ៨០នាក់ ដែលត្រូវបានឃាត់ខ្លួនទាំងនោះ មានជនជាតិចិន ៥៧នាក់(ស្រ្តី ៤, ចិនតៃវ៉ាន់១នាក់), នេប៉ាល់ ២នាក់, ម៉ាឡេស៊ី ចំនួ ៥នាក់ (ស្រ្តី ២), វៀតណាម ២នាក់(ស្រ្តី ១នាក់ ), មីយ៉ាន់ម៉ា ៩នាក់(ស្រ្តី៣) និងស្រ្តីជនជាតិខ្មែរ៥នាក់។
ក្នុងប្រតិប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន ម៉ូនីទ័រ ២០៤គ្រឿង, ធុង CPU ១២៨គ្រឿង, និងកុំព្យូទ័រយួរដៃ ០៣គ្រឿង។ បច្ចុប្បន្ន សមត្ថកិច្ចខណ្ឌចំការមនកំពុងសហការជាមួយ មន្ត្រីជំនាញនៃការិយាល័យប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យរកអ្នកជាប់ពាក់ព័ន្ធ ក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងទៀត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ៕