គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញត្តិបន្ទាន់ជូនឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្សពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខានដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ពីសំណាក់កងទ័ពថៃ
11-10-2025 21:40
(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ បានផ្ញើញត្តិបន្ទាន់ជូនលោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពីសំណាក់កងទ័ពថៃ។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ គ.ស.ម.ក. បានទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និងប្រជាជនរស់នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានអះអាងថា កងយោធាថៃបានចាក់សំឡេងខ្មោចលងតាមរយៈឧបករណ៍បំពងសំឡេងដែលឮខ្លាំងៗ ចាប់ពីម៉ោង១០ និង៤៤នាទីរសៀល រហូតដល់ម៉ោង ១២ និង៤នាទីកណ្តាលអាធ្រាតុ និងបានបន្តចាក់សំឡេងរំខានជាសំឡេងយន្តហោះ ពីម៉ោង ៣ និង២២នាទី រហូតដល់ម៉ោង ៣ និង៥៣នាទីទាបភ្លឺ ដោយមានគោលបំណងរំខាននិងបំភ័យប្រជាជនកម្ពុជា ដែលរស់នៅក្នុងសហគមន៍ក្បែរៗនោះ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តថា សំឡេងទាំងនេះ ត្រូវបានចាត់ទុកជាសំឡេងខ្លាំង និងមានកម្រិតខ្ពស់ ក្នុងរយៈពេលយូរបានបង្កជាការរំខានដល់ការទទួលទានដំណេកធ្វើឱ្យថប់អារម្មណ៍ និងបង្កឱ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាជនរស់នៅក្នុងតំបន់នោះ រួមទាំងស្ត្រី កុមារ ចាស់ជរា ជនមានពិការភាព និងអ្នកជំងឺ។ សកម្មភាពបែបវិទ្ធង្សនា និងបង្កហេតុទាំងនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ផ្លូវកាយនិងផ្លូវចិត្តរបស់ប្រជាជនកម្ពុជានោះទេ ថែមទាំងជាការគំរាមកំហែង និងបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរទៀតផង។ សកម្មភាពទាំងនេះមិនគួរមានក្នុងសង្គមដែលមានអរិយធម៌ និងផ្ទុយទាំងស្រុងទៅនឹងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលប្រកាន់ខ្ជាប់សន្តិភាព សិទ្ធិមនុស្ស និងការគោលរពអធិបតេយ្យភាពរគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិទាំងអស់។
សកម្មភាពខាងលើ គឺជាការរំលោភ យ៉ាងធ្ងន់ធ្ងរនូវស្មារតីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាង កម្ពុជានិងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងកម្ពុជា និងថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងបណ្តាលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិរួមមាន៖ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស, កតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ, កតិកាសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, អនុសញ្ញាស្តីពីសិទ្ធិកុមារ, អនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ, អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព, អនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើឱ្យផ្តួចផ្តើមការស៊ើបអង្កេតជាបន្ទាន់ អំពីការប្រើប្រាស់សំឡេងរំខាន ដោយកងទ័ពថៃ នៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បំពានច្បាប់សិទ្ធិមនុស្សនេះ។ និងធានាឱ្យមានការទទួលខុសត្រូវចំពោះការរំលោភ និងអំពាវនាវឱ្យបញ្ឈប់គ្រប់សកម្មភាព ដែលគំរាមកំហែងផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ជា ពិសេសការប្រើប្រាស់សំឡេងរំខាននៅពេលយប់អាធ្រាតុ។ ធានាការការពារ និងការផ្តល់ជំនួយវេជ្ជសាស្ត្រនិងផ្លូវចិត្តចាំបាច់ផ្សេងៗ ដល់ជនរងគ្រោះ រួម ទាំងស្ត្រី កុមារ និងមនុស្សចាស់។
លើកទឹកចិត្តក្នុងការពង្រឹងកិច្ចសន្ទនាតាមព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីទប់ស្កាត់ការកើត ឡើងវិញនូវភាពតានតឹង និងប្រកាន់ខ្ជាប់ការគោរពតាមស្មារតីកិច្ចព្រមព្រៀងស្តីពីបទ ឈប់បាញ់រវាងកម្ពុជានិងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងកម្ពុជានិងថៃ។
ជាមួយគ្នានេះ គ.ស.ម.ក. សូមគោរពអញ្ជើញឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ចុះមកសង្កេតការណ៍ដោយផ្ទាល់ឱ្យបាន ឆាប់រហ័ស បំផុតនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ គ.ស.ម.ក. នឹងធានារ៉ាប់រងរាល់ការចំណាយ និងសម្របសម្រួលជាមួយនឹងអាជ្ញាធរពាក់ព័ន្ធទាំងអស់។
បេសកកម្មនេះនឹងអនុញ្ញតឱ្យ OHCHR ចុះសង្កេតការណ៍ដោយផ្ទាល់អំពីស្ថានភាពនៅក្នុងតំបន់នោះ និងចូលរួមក្នុងការការពារសិទ្ធិមនុស្ស និងគោលការណ៍មនុស្សធម៌នៅនឹងកន្លែង។ គ.ស.ម.ក. សូមគូសបញ្ជាក់ថា សកម្មភាពគំរាមកំហែង ការយាយី ឬការប្រព្រឹត្តបែបឃោរឃៅ អមនុស្សធម៌ និងបន្ទាបបន្ថោក ចំពោះប្រជាជនកម្ពុជា គឺមិនអាចទទួលយកបានឡើយ ទោះស្ថិតក្រោម កាលៈទេសៈណាក៏ដោយ។
ប្រទេសកម្ពុជា នៅតែប្រកាន់ខ្ជាប់ដោយឥតងាករេចំពោះសិទ្ធិមនុស្ស អធិបតេយ្យភាព និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។ ប៉ុន្តែ សកម្មភាពដោយបំពាននិងយាយីមកលើប្រជាជន គឺមិនអាចលើកលែង ឱ្យបានឡើយ។
គ.ស.ម.ក. នៅតែប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងលោក ព្រមទាំងសហការី ក្នុងការដោះស្រាយបញ្ហា និងការពារសិទ្ធិមនុស្សរបស់ប្រជាជនស្លូតត្រង់រស់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ៕