សមត្ថកិច្ចប្រើពេលត្រឹម ២៥ម៉ោង បំបែកករណីឃាតកម្មចៅសម្លាប់យាយអាយុ៨៩ឆ្នាំ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

11-10-2025 21:44

(ព្រះសីហនុ)៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបំបែកករណីឃាតកម្មគិតទុកជាមុន (សម្លាប់រួចប្រមូលទ្រព្យសម្បត្តិគេចខ្លួន) មួយករណីនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយប្រតិបត្តិការនេះ ប្រើពេលត្រឹមតែ ២៥ម៉ោងតែប៉ុណ្ណោះ។

ដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគីរី បើកប្រតិបត្តិការស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យបានក្នុងរយៈពេល២៥ម៉ោងបន្ទាប់។

របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ អៀន ម៉ន ភេទស្រី អាយុ៨៩ឆ្នាំ ត្រូវបានសម្លាប់នៅក្នុងផ្ទះរបស់ខ្លួន ចំណែឯជនសង្ស័យមានឈ្មោះ ភុំ វាសនា (ហៅ ស្នា ឬ ម៉ៅ) អាយុ២០ឆ្នាំ ជាជនជាតិខ្មែរ ត្រូវជាចៅទួតរបស់ជនរងគ្រោះ ក្នុងករណីនេះជនសង្ស័យបានប្រើខ្នើយខ្ទប់មុខ និងច្របាច់ក ធ្វើឲ្យយាយស្លាប់ បន្ទាប់មកលួចយកខ្សែកមាសទម្ងន់ ១ជី៩ហ៊ុន និងប្រាក់៥០ម៉ឺនរៀល រួចចាក់សោទ្វារពីខាងក្រៅ ហើយរត់គេចខ្លួនទៅខេត្តរតនគិរី។

ក្រោយសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន ដោយមូលហេតុខឹងយាយជេរ និងចង់យកលុយទៅរកសង្សារ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕