ថៃគ្មានសណ្តានជាមនុស្ស បញ្ចប់ការចាក់សំឡេងរំខាននៅភូមិជោគជ័យ វេលាម៉ោង១០៖១៧នាទីយប់ នៅពេលអ្នកសង្កេតការណ៍ចុះដល់

11-10-2025 23:11

(បន្ទាយមានជ័យ)៖ បន្ទាប់ពីចាក់សំឡេងរំខានលាន់ឭយ៉ាងកងរំពងរយៈពេលជាងមួយម៉ោង ថៃគ្មានសណ្តានជាមនុស្ស បានបញ្ចប់ការចាក់សំឡេងរំខានប្រជឫពលរដ្ឋនៅភូមិជោគជ័យហើយនាវេលាម៉ោង១០៖១៧នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅពេលអ្នកអង្កេតការណ៍ចុះទៅដល់។

ការចាក់សំឡេងលាន់ឭដ៏ខ្លាំងនេះ បានចាប់ផ្តើមនៅវេលាម៉ោង ៨៖៤១នាទីយប់ ក្រោមការដឹកនាំរបស់បុគ្គលជនជាតិថៃឈ្មោះ កាន់ ចមផ្លាំង ដែលជាអ្នកមានប្រជាប្រិយភាពលើបណ្តាញសង្គមរបស់ថៃ។

សូមបញ្ជាក់ថា នេះជាយប់ទី២ហើយ ដែលបុគ្គល កាន់ ចមផ្លាំង ដោយមានការអនុញ្ញាតពីកងទ័ព និងអាជ្ញាធរថៃផងនោះ បានចាក់សំឡេងរំខានដំណេកប្រជាពលរដ្ឋនៅភូមិជោគជ័យ និងព្រៃចាន់។

ការចាក់សំឡេងនេះ បានធ្វើឱ្យរំខានដំណេក ប៉ះពាល់ផ្លូវចិត្ត ស្មារតី និងអារម្មណ៍យ៉ាងធ្ងន់ធ្ងររបស់អ្នកភូមិរួមមានជនចាស់ជរា ជនពិការ អ្នកមានជំងឺ និងក្មេងៗផងដែរ។

ទង្វើដ៏អាក្រក់ខ្វះសារធាតុជាមនុស្សរបស់ជនជាតិថៃនេះ ត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់សំឡេងរំខាន ពីសំណាក់កងទ័ពថៃគឺជាអំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់មួយនៃការ បំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ៕