រដ្ឋមន្រ្តីសុខាភិបាល ណែនាំគ្រូពេទ្យផ្នែកថ្នាំសណ្តំ ដែលជាសសរគ្រឹះដ៏ចាំបាច់បំផុត ជួយអ្នកជំងឺរស់រានមានជីវិត ត្រូវបំពេញភារកិច្ចដោយប្រុងប្រយ័ត្នខ្ពស់ និងមានគុណធម៌

12-10-2025 08:05

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា អ្នកដាក់ថ្នាំសណ្តំ គឺជាសសរគ្រឹះនៃជីវិត និងជាវីរជនបិទមុខ ដែលជួយអ្នកជំងឺរស់រានមានជីវិត ហើយជាអ្នករក្សាសន្តិសុខសុខភាពអ្នកជំងឺ និងបំពេញភារកិច្ចដោយស្ងប់ស្ងាត់ ដូច្នេះលោកបានណែនាំដល់អ្នកជំនាញខាងលើនេះទាំងអស់ ត្រូវបំពេញកិច្ចការងារប្រកបដោយការយចិត្ដទុកដាក់ខ្ពស់ ប្រុងប្រយ័ត្នខ្ពស់គ្រប់វិនាទី និងមានគុណធម៌។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសន្និសីទប្រចាំឆ្នាំលើកទី២៩ របស់សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងលើកទី២២ របស់សមាគមគិលានុបដ្ឋាកឯកទេសសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជាក្រោមប្រធានបទ៖ «ការងារពហុជំនាញប្រកបដោយនវានុវត្តន៍ ដើម្បីការធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា» នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសថ្លែងទៀតថា ជាក់ស្ដែងប្រធានបទយើងនៅថ្ងៃនេះ គឺជារំលេចឱ្យឃើញថា បុគ្គលម្នាក់ៗទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ត្រូវបន្តការអភិវឌ្ឍនូវចំណេះដឹងជំនាញ បង្កើនសមត្ថភាពវិជ្ជាជីវៈជាមួយនឹងការទំនាក់ទំនងល្អ ធ្វើការងារជាក្រុម មានភាពរវៀសរវៃ គិតទុកជាមុន នូវស្ថានភាពដែលអាចកើតមានឡើង ដើម្បីយើងបានត្រៀមទុកជាស្រេច នូវដំណោះស្រាយទាន់ពេលវេលា ក្នុងករណីចាំបាច់ (Early Recognition - Early Response and Treatment)។

លោកសាស្រ្តាចារ្យ ក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់បុគ្គលិកសុខាភិបាលម្នាក់ៗថា «មន្ដ្រីយើងត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ ប្រកបដោយសុច្ឆន្ទៈ មោះមុត ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីជាការផ្តល់នូវតម្លៃ ទំនុកចិត្តដល់ក្រុមការងារ អ្នកជំងឺ និងក្រុមគ្រួសារ ជាពិសេសត្រូវតែជាអ្នកដែលអាចប្រាស្រ័យទាក់ទងបាន ចេះឈឺឆ្អាល និងផ្តល់នូវការគាំទ្រគ្នាទៅវិញទៅមក ដោយភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍រួម គឺការបម្រើសេវាសុខភាពប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព និងសមធម៌ជូនអ្នកជំងឺ ហើយត្រូវតែតម្កល់ផលប្រយោជន៍ និងសុវត្ថិភាពរបស់អ្នកជំងឺជាចម្បង (Patient Centered Care and Patient Safety) មាននិយមការពិនិត្យផ្ទៀងផ្ទាត់ឱ្យច្បាស់លាស់ បានមានគ្រប់ដំណាក់កាលទាំងអស់។
លើសពីនោះបុគ្គលិកសុខាភិបាល ដែលមានឯកទេសជំនាញផ្សេងៗ គឺចាត់ទុកថា ជាអ្នកដែលបានពុះពារ ប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលបំណង ចង់ក្លាយជាអ្នកជួយសង្គ្រោះ ព្យាបាល ផ្តល់ភាពសុខសាន្តជូនអ្នកជំងឺ ដែលនេះគឺជាភាពចាំបាច់មួយ ក្នុងនាមជាអ្នកបម្រើសេវាកម្មផ្នែកសុខាភិបាល»។

ឆ្លៀតក្នុងឱកាសនេះ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តីបានផ្តល់នូវអនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមទាំងពីរ បន្តរួបរួមសាមគ្គីគ្នា និងបន្តអនុវត្ត ដូចជា៖

១៖ ការកសាងសមត្ថភាពជំនាញបន្ថែម បន្តការរៀបចំវគ្គបណ្តុះបណ្តាល និងផលិតគ្រូបង្គោលឱ្យបានកាន់តែច្រើន រួមគ្នាបង្កើនធនធានមនុស្សឱ្យបានច្រើន
២៖ ត្រូវគោរពនិយាមក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន
៣៖ អ្នកដាក់ថ្នាំសណ្តំ ត្រូវកំណត់ឱ្យបានច្បាស់ ហើយត្រូវមានវិន័យ ហើយស្ថិតនៅផ្លូវបំបែកទាំងបច្ចេកវិទ្យា និងគុណធម៌ ហើយត្រូវគោរពអ្នកជំងឺ គ្រប់ពេលដែលត្រូវដាក់ថ្នាំសណ្តំ
៤៖ អ្នកដាក់ថ្នាំសណ្តំ ត្រូវឈរលើគុណភាពឈរលើការប្រតិបត្តិ សាមគ្គី ប្រុងប្រយ័ត្ន ហ្មត់ច្មត់ និងបណ្តុះបណ្តាលជាបន្ត។ បើគ្មានសណ្តំនិងប្រពោធកម្មល្អទេ គ្មានការវះកាត់មួយដែរល្អដែរ
៥៖ ត្រូវខិតខំធ្វើយ៉ាងណាលើកកម្ពស់ការងារសណ្តំ សង្រ្គោះបន្ទាន់ ប្រពោធកម្មឱ្យកាន់តែប្រសើរឡើង ហើយត្រូវកសាងអ្នកជំនាញជំនាន់ថ្មី ដើម្បីឱ្យទទួលបានការជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

ជាទីបញ្ចប់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី មានសង្ឃឹមយ៉ាងមុតមាំថា សន្និសីទនេះនឹងផ្តល់ឱកាសរួមចំណែកយ៉ាងទូលំទូលាយដល់សមាជិក សមាជិកាសមាគម ក៏ដូចជាអ្នកចូលរួមទាំងអស់នូវចំណេះដឹង បទពិសោធន៍ការងារ និងរបកគំហើញថ្មីៗលើសកលលោក ដោយខិតខំនិងស្វែងរកនូវបច្ចេកវិទ្យាថ្មីៗយកមកអនុវត្ត។

សូមជម្រាបថាការប្រារព្ធសន្និសីទនេះ ក្នុងគោលបំណង ដើម្បីជួបជុំគ្នារវាងអ្នកជំនាញ និងអ្នកវិជ្ជាជីវៈសុខាភិបាល ដោយយកចំណេះដឹងមកចែករំលែក ទៅអនុវត្តការងារប្រចាំថ្ងៃដោយសុក្រិត្យភាព ផ្តល់ជាប្រយោជន៍ធំធេងក្នុងការព្យាបាលអ្នកជំងឺ។ តាមរយៈសន្និសីទនេះ បានបញ្ជាក់ឱ្យឃើញនូវការខិតខំប្រឹងប្រែង ព្យាយាម និងការលះបង់ប្រកបដោយសាមគ្គីភាពរឹងមាំ ជាមួយនឹងជំហរស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់ និងទទួលចំណេះដឹងថ្មីៗ ដើម្បីបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈបន្ថែមទៀត ដល់សហភាតរៈរួមជំនាញទាំងផ្នែកសាធារណៈ និងឯកជន ដែលជាដៃគូបំពេញឱ្យគ្នា ព្រមទាំងដល់ប្អូនៗនិស្សិតឯកទេសជំនាន់ក្រោយៗទៀត៕