មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ គ្រូពេទ្យត្រូវមានកិត្តិយស សេចក្តីថ្ងៃថ្នូរ និងសីលធម៌សង្គមខ្ពស់

12-10-2025 09:57

(កំពត)៖ លោកសាស្ត្រាចារ្យមហាបរិញ្ញា សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានលើកឡើងថា គ្រូពេទ្យត្រូវមានកិត្តិយស សេចក្តីថ្ងៃថ្នូរ និងសីលធម៌សង្គមខ្ពស់។

លោកបន្តថា មុននឹងទទួលបានសិទ្ធិប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ត្រូវមានលក្ខខ័ណ្ឌ៣សំខាន់ រួមមាន៖ ទី១- មានគុណវុឌ្ឍិ (ចំណេះជំនាញវិជ្ជាជីវៈ ក្រមសីលធម៌..) ទី២- កាយសម្បទាល្អ និងទី៣-មិនធ្លាប់ជាប់ទោស។

ថ្លែងបែបនេះក្នុងលោកសាស្ត្រាចារ្យ សុខ ជួរ អញ្ជើញជាអធិបតីភាព ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី១៦ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប នៅសណ្ឋាគារភាព សុខុម នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។

លោកសាស្ត្រាចារ្យ សុខ ជួរ បានលើកឡើងទៀតថា គ្រូពេទ្យ គឺជាវិស្វករមនុស្ស មិនមែនវិស្វករសំណង់ ធ្វើខុសវាយចោល ធ្វើថ្មីបានទេ គ្រូពេទ្យបើព្យាបាលខុស គឺស្លាប់មនុស្ស។ ហើយដើម្បីទទួលបាននូវការគោរព ស្រឡាញ់ពីប្រជាជន និងអ្នកជងឺ គ្រូពេទ្រ ឬអ្នកប្រកបវិជ្ជាជិវៈវេជ្ជសាស្ត្រ ត្រូវមានកត្តាសំខាន់៤យ៉ាង មិនអាចខ្វះបានទេ នោះគឺ៖ ១- គ្រូពេទ្យ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ, ២- ត្រូវគិតផលប្រយោជន៍អ្នកជំងឺជាធំ, ៣- គ្រូពេទ្យ មិនត្រូវបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ និង៤- គ្រូពេទ្យត្រូវមានភាពយុត្តិធម៌ សមធម៌ក្នុងខ្លួន។

លោកវេជ្ជបណ្ឌិត កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បានបញ្ជាក់ថា ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៦ គឺសំដៅបង្កើនការអនុវត្តន៍ដែនកំណត់ និងនិយាមវិជ្ជាជីវៈវេជ្ជសាស្ត្រ ការបណ្តុះបណ្តាលបន្ត ជំរុញការលើកកម្ពស់សមត្ថភាព គុណវុឌ្ឍន៍ ក្រមសីលធម៌វិជ្ជាជីវៈ សម្បទា ដែលមានវិសាលភាពទូទាំងព្រះរាជាណាចក្រកម្ពុជា សម្រាប់អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ទាំងសេវាសាធារណៈ និងឯកជន ដើ្បម្បីធានាបាននូវសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាប្រកបដោយប្រសិទ្ធិភាព សុវត្ថិភាព មានទំនុកចិត្ត ដើម្បីចូលរួមកាត់បន្ថយអត្រាឈឺ ស្លាប់ ពិការភាព និងអត្រាគ្រោះថ្នាក់ផ្សេងៗ បណ្តាលមកពីការព្យាបាល ការប្រើប្រាស់ឪសថផ្សេងៗ ។ល។

លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត ក៏បានបញ្ជាក់ដែរថា ខេត្តកំពតមានមណ្ឌលសុខភាព ៦៦កន្លែង ប៉ុស្តិ៍សុខភាព ២កន្លែង និងមូលដ្ឋានសុខាភិបាលឯកជន ៨៩៩កន្លែង។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប មានសមាជិក សមាជិកា សរុបចំនួន ៣៣៦រូប ស្រី ៧៧រូប ក្នុងនោះជនជាតិខ្មែរ ៣៣៣រូប ជនជាតិបរទេស ៣រូប ស្រី២រូប៕