ទោះបីមានបញ្ហាព្រំដែន ពលរដ្ឋខ្មែរ-ថៃ រស់នៅតាមព្រំដែននៅតែមានទំនាក់ទំនងល្អ និងការនឹករលឹកគ្នា
12-10-2025 12:40
(បន្ទាយមានជ័យ)៖ បើទោះបីព្រំដែនត្រូវខណ្ឌចែកដោយអំណាចឈ្លានពានរបស់ថៃយ៉ាងណាក្តី តែមិនអាចពុះបំបែកចំណងមេត្រីភាព ការរាប់រកគ្នារវាងប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-ថៃនោះឡើយ។
ពលរដ្ឋខ្មែររស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងពលរដ្ឋថៃ រស់នៅក្នុងភូមិណងយ៉ាកែវ ឃុំគោកសួង ស្រុកគោកសួង ខេត្តស្រះកែវរបស់ថៃ ធ្លាប់មានការប្រាស្រ័យទាក់ទង និងរាប់រកគ្នាយ៉ាងល្អ។ ទំនាក់ទំនងដ៏ល្អនោះ ក៏ក្លាយជាមានមនោសញ្ចេតនាស្រឡាញ់រាប់រកគ្នាយ៉ាងជ្រាលជ្រៅ។ ការរស់នៅ និងប្រាស្រ័យទាក់ទងគ្នាកើតមានរាប់សិបឆ្នាំមកហើយ ហើយក៏មិនដែលមានទំនាស់នឹងគ្នាផងដែរ។
ជម្លោះព្រំដែនផ្តើមចេញពីការទន្ទ្រានដីខ្មែរក្នុងភូមិព្រៃចាន់ ពីសំណាក់កងទ័ពថៃ បានឈានដល់ការបិទព្រំដែន ហើយក៏ក្លាយជាការកាត់ផ្តាច់ការទាក់ទងដោយផ្ទាល់ដែលធ្លាប់មានរវាងពលរដ្ឋនៃប្រទេសទាំងពីរ។ ទោះបីការទាក់ទងដោយផ្ទាល់ត្រូវបានកាត់ផ្តាច់ដោយអំណាចឈ្លានពានរបស់កងទ័ពថៃយ៉ាងណាក្តី តែមិនអាចកាត់ផ្តាច់នូវចំណងមេត្រីភាព មនោសញ្ចេតនា និងការស្រឡាញ់រាប់រកគ្នារវាងពលរដ្ឋភូមិព្រៃចាន់ និងភូមិណងយ៉ាកែវនោះឡើយ។
នៅរាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ពលរដ្ឋថៃរស់នៅភូមិណងយ៉ាកែវ បានខលតាមកម្មវិធី Messenger របស់ហ្វេសប៊ុក មកកាន់អ៊ំស្រី គឹម វី វ័យ ៦៩ឆ្នាំ រស់នៅភូមិព្រៃចាន់ ហើយបានជជែកសួរសុខទុក្ខគ្នាជាភាសាខ្មែរប្រកបដោយក្តីនឹករលឹក។ ក្នុងវីដេអូបានបង្ហាញនេះ អ៊ំស្រី គឹម វី និងជនជាតិថៃដែលបានខលមកនោះ បានជជែកគ្នាផងរំលេចនូវស្នាមញញឹមផង ជាការបង្ហាញឱ្យនូវការស្រឡាញ់រាប់រកគ្នាយ៉ាងល្អ។
អ៊ំស្រី គឹម វី ជាអ្នកបានរស់នៅភូមិព្រៃចាន់ ជាង៣០ឆ្នាំមកហើយ។ អ៊ំស្រី បានបញ្ជាក់ថា ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ អ៊ំស្រីតែងមានទំនាក់ទំនងល្អជាមួយពលរដ្ឋថៃរស់នៅភូមិណងយ៉ាកែវ។ អ៊ំស្រី បានបញ្ជាក់ថា ក្រៅពីគ្រួសាររបស់អ៊ំស្រី គ្រួសារដទៃទៀតរស់នៅភូមិព្រៃចាន់ និងគ្រួសារជនជាតិថៃ នៅណងយ៉ាកែវ ក៏មានទំនាក់ទំនងល្អនឹងគ្នាមិនធ្លាប់មានទំនាស់នឹងគ្នានោះឡើយ៕