រដ្ឋមន្ដ្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខអ្នកជំងឺ រួមទាំងគ្រួសារអ្នកជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត

12-10-2025 12:48

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីបញ្ចប់ សន្និសីទប្រចាំឆ្នាំលើកទី២៩ របស់សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងលើកទី២២ របស់សមាគមគិលានុបដ្ឋាកឯកទេសសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជា កាលព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានចុះពិនិត្យនៅផ្នែកសេវាពិគ្រោះជំងឺក្រៅ ផ្នែកអ្នកជំងឺស្រាល និងផ្នែកសង្រ្គោះកម្រិតធ្ងន់។ ជាមួយគ្នានេះលោកសាស្រ្តាចារ្យ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយអ្នកជំងឺ និងគ្រួសារអ្នកជំងឺពីសុខភាព ក្រោយពេលទទួលបានការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ជាការឆ្លើយតប អ្នកជំងឺ និងគ្រួសារអ្នកជំងឺបាន សម្ដែងការពេញចិត្ដ និងទុកចិត្ដ ជឿជាក់ និងកោតសរសើរពីទឹកចិត្ដគ្រូពេទ្យ ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពកក់ក្ដៅ។

ក្រៅពីការបម្រើសេវាសុខាភិបាលបានយ៉ាងល្អ ប្រជាពលរដ្ឋក៏បានបង្ហាញភាពនឹកស្មានមិនដល់ថា នៅមន្ទីរពេទ្យស្រុកខ្មែរយើង មានសម្ភារៈបរិក្ខារពេទ្យទំនើបៗ បន្ទប់ស្អាតៗ មានអនាម័យល្អ មិនចាញ់ប្រទេសជិតខាងនោះឡើយ។

ទោះទទួលបានពេញនូវការបម្រើសេវាសុខាភិបាល ពីប្រជាពលរដ្ឋក្ដី ក៏លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យ ព្រមទាំងបុគ្គលិកទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្តទៀត ដើម្បីបម្រើសេវាជូនអ្នកជំងឺកាន់តែល្អប្រសើរ និងប្រកបដោយគុណភាពជានិច្ច៕