កំណាត់ផ្លូវជាតិលេខ៥៥ នៅចំណុចអន្ទង់អាំង PK141+300 ដែលរងប៉ះពាល់ដោយទឹកភ្លៀងហូរច្រោះ បានជួសជុលជាបន្តបន្ទាប់ដេីម្បីសម្រួលការធ្វេីដំណេីរ
12-10-2025 12:54
(ភ្នំពេញ )៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ក្រុមការងារបច្ចេកទេស និងការដ្ឋាននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានចាប់ផ្តើមសកម្មភាពជួសជុល ស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥៥(ចំណុចអន្ទង់អាំង) PK141+300 ក្នុងខេត្តពោធិ៍សាត់ ដែលរងប៉ះពាល់ដោយទឹកភ្លៀងហូរច្រោះ ធ្លាក់ភក់ ដើមឈើ និងថ្មលើតួផ្លូវ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ លោក ផន រឹម បានបន្ថែមទៀតថា សកម្មភាពជួសជុល និងស្តារឡើងវិញនោះរួមមាន៖ ការជួសជុលផ្លូវដោយក្រាលកៅស៊ូDBSTដែលខូចខាត, ជួសជុលសំណង់ប្រឡាយ និងស្តារដីភក់ ដុំថ្ម ដើមឈើចេញពីប្រឡាយ។
សម្រាប់ស្ថានភាពចរាចរណ៍របស់ប្រជាពលរដ្ឋមានសភាពធម្មតា ខណៈដែលទឹកភ្លៀងបានថមថយខ្លះ ដែលបង្កលក្ខណៈងាយស្រួលដល់ដំណើរការការដ្ឋាន។
លោក ផន រឹម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ដោយត្រូវបើកបរក្នុងល្បឿនមួយដែលអាចគ្រប់គ្រងបាន ស្តាប់តាមការណែនាំរបស់ក្រុមការងារការដ្ឋាន និងសូមមេត្តាយោគយល់ដល់ដំណើរការការដ្ឋានរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕