អភិបាលខណ្ឌច្បារអំពៅ នាំអំណោយចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយសារទឹកលិច
12-10-2025 13:47
(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមមន្ត្រីនៃរដ្ឋបាលខណ្ឌ និងសង្កាត់ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ចែកជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៣០០គ្រួសារ កំពុងរស់នៅតំបន់ផ្សារបឹងព្រលិត ស្ថិតក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលកំពុងរងផលប៉ះពាល់ដោយបញ្ហាទឹកលិចផ្លូវ និងលំនៅឋាន។
ការចុះសួរសុខទុក្ខនេះbanចុះដល់តាមខ្នងផ្ទះរបស់បងប្អូនតែម្តង ដើម្បីសំណេះសំណាល និងពិនិត្យស្ថានភាពជាក់ស្តែង អំពីទុក្ខលំបាក នៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយលោក ចេង មុនីរ៉ា បានផ្តែផ្តាំផ្ញើពាក្យសួរសុខទុក្ខពីសំណាក់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ដែលលោកតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសនៅរៀងរាល់ពេលដែលបងប្អូនជួបការលំបាក។
លោកអភិបាលខណ្ឌ បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវថែទាំសុខភាពឲ្យបានល្អ, ថែទាំអនាម័យ នៃការរស់នៅ ពិសេសអាណាព្យាបាល ដែលមានកូនតូចៗ ឬមនុស្សចាស់ជរា សូមមានការប្រុងប្រយ័ត្នចំពោះទឹកដែលកំពុងជន់លិច ជៀសវាងការដើរដួលរអិល ឬជួបគ្រោះថ្នាក់ជាយថាហេតុណាមួយ ។
បច្ចុប្បន្ននេះ កម្លាំងអាជ្ញាធរបានខិតខំទាំងយប់ទាំងថ្ងៃ ក្នុងការប្រើគ្រប់វិធីសាស្ត្រ ដើម្បីព្យាយាមរំដោះទឹកចេញពីតំបន់ខាងលើ ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីបង្កខណៈងាយស្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ៕