សមាជិកព្រឹទ្ធសភាថៃ រំលឹកទៅរដ្ឋាភិបាលថៃ ពិនិត្យមើលជុំវិញបញ្ហាការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យនៅតាមព្រំដែនថៃ ចូលទៅក្នុងប្រទេសកម្ពុជា
12-10-2025 14:22
(ភ្នំពេញ)៖ លោកស្រី Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ បានជំរុញឱ្យរដ្ឋាភិបាលថៃ ក៏ដូចជាក្រសួងការបរទេសរបស់ថៃ ពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញសង្គម បានប្រើប្រាស់សំឡេងខ្មោច នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) អំពីការលើកឡើងរបស់លោកស្រី Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ។
យោងសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ដូចនេះថា យោងតាមកាសែត Khaosod English ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ អំពីការលើកឡើងរបស់លោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ ចំពោះញត្តិបន្ទាន់របស់ គ.ស.ម.ក. ប្តឹងទៅឧត្តមស្នងការអង្គការសប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។
គ.ស.ម.ក. សូមដកស្រង់ខ្លឹមសារបស់លោកស្រី Angkhana Neelapaijit ដែលបានបញ្ជាក់ដូចនេះថា «រាជរដ្ឋាភិបាលថៃ គួរតែបានដឹងថារាល់សកម្មភាពទាំងឡាយណា បង្កឱ្យមានអារម្មណ៍ភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជន ទោះបីជាអ្នកស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះ ដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្ម ឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលប្រទេសថៃជារដ្ឋភាគី។
លោកជំទាវ បានជំរុញឱ្យក្រសួងការបរទេសរបស់ប្រទេសថៃ ពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញសង្គម បានប្រើប្រាស់សំឡេងខ្មោច នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា៕