កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកសង្គ្រោះបឋម ២០២៥ ក្រោមប្រធានបទ «រត់ដើម្បីសុខភាព សន្តិភាព និងការប្រែប្រួលអាកាសធាតុ» (Video inside)

12-10-2025 15:32

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានរៀបចំកម្មវិធីអបអរទិវាពិភពលោកសង្គ្រោះបឋម ២០២៥ ក្រោមប្រធានបទ «រត់ដើម្បីសុខភាព សន្តិភាព និងការប្រែប្រួលអាកាសធាតុ» ដើម្បីផ្សព្វផ្សាយ និងផ្តល់ជំនាញការយល់ដឹងអំពីសារះសំខាន់នៃចំណេះសង្គ្រោះបឋមនិងការប្រែប្រួលអាកាសធាតុ និងឆ្លុះបញ្ចាំងអំពីការចូលរួមថែរក្សាសន្តិភាព ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ក្នុងពេលបច្ចុប្បន្ន។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី​លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងអ្នកចូលរួមប្រមាណ ៧០០នាក់ ដោយមានការរត់ចម្ងាយ ៥គីឡូម៉ែត្រ តាមផ្លូវមាត់ទន្លេសាប ជុំវិញសួនច្បារជិតសណ្ឋាគារសុខា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធីលោកស្រី ពុំ ចន្ទីនី បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទោះជាលោកមិនបានអញ្ជើញមកចូលរួមជាមួយយើងទាំងអស់គ្នាក៏ដោយ ក៏ទឹកចិត្តនិងមនោសញ្ចេតនា នៅជាមួយយើងគ្រប់គ្នា និងជានិច្ចកាលឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជាឱ្យមានដំណើរការល្អ
អាចឆ្លើយតប បានទាន់ពេលវេលាចំពោះប្រជាពលរដ្ឋងាយរងគ្រោះដែលត្រូវការឱ្យជួយ។

លោកស្រី ពុំ ចន្ទីនី បានថ្លែងថា «ពិភពលោកសង្គ្រោះបឋម គឺជាទិវាដែលគ្រប់សមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម នៅលើពិភពលោក ត្រូវតែប្រារព្វឡើងដើម្បីផ្សព្វផ្សាយលើកកម្ពស់ នឹងទទួលស្គាល់ថា ជំនាញ/ចំណេះដឹង វិជ្ជាសង្រ្គោះបឋមនេះ ជាជំនាញនិងចំណេះដឹងដ៏មានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះមនុស្សជាតិ ព្រោះការផ្តល់សេវា សង្គ្រោះបឋម ជាទង្វើរបស់មនុស្សជាតិ ដែលផ្តល់អំណាចឱ្យយើងម្នាក់ៗ ក្នុងការជួយសង្គ្រោះជីវិត នៅពេលដែលមិនមានពេទ្យ ឬមុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ»

លោកស្រីបានបន្ដថា ការលើកកម្ពស់សុខភាព និងពង្រឹងភាពធន់សហគមន៍ ព្រោះសុខភាពជាទ្រព្យ/សម្បត្តិ ដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិ/មនុស្សម្នាក់ៗ/បុគ្គលម្នាក់ៗ នៅលើពិភពលោក។ មានភាពធន់សហគមន៍ គឺមានន័យថា បុគ្គលម្នាក់ៗទទួលខុសត្រូវលើសុខភាពដោយខ្លួនឯង គឺការពារខ្លួន មិនឱ្យមានជំងឺមិនឆ្លង ដែលជាជំងឺអាចការពារបានដល់ទៅ ៨០%។ មួយវិញទៀត ភាពធន់សហគមន៍ គឺសហគមន៍មួយទទួលខុសត្រូវលើការងារគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងសុខភាពផងដោយខ្លួនឯង ដោយចេះទុកដាក់ថែរក្សាបរិស្ថានស្អាត បរិស្ថានបៃតង ចេះទុកដាក់សំរាម ចេះចូលរួមកាត់បន្ថយ និងបញ្ចប់ការបំពុលដោយផ្លាស្ទិក ដោយចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ»«កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ពន្លកបៃតង» ជាដើម។ល។

លើសពីនេះទៀត ថ្ងៃនេះគឺជ្រើសយកមូលបទសន្តិភាព ព្រោះប្រជាជនកម្ពុជាគ្រប់រូបត្រូវការសន្តិភាពស្មើអាយុជីវិត សម្រាប់កម្ពុជាសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត កាន់តែមិនអាចខ្វះបានឡើយ។
ដូចនេះ រត់ថ្ងៃនេះ គឺដើម្បីកាយសម្បទាផង លើកកម្ពស់ការចូលរួមការពារសន្តិភាពផង និងដើម្បីបរិស្ថានផង។

សូមបញ្ជាក់ថា ទិវាពិភពលោកសង្គ្រោះបឋម ២០២៥ ក្រោមប្រធានបទ «រត់ដើម្បីសុខភាព សន្តិភាព និងការប្រែប្រួលអាកាសធាតុ»
ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងផ្តល់ជំនាញការយល់ដឹងអំពីសារះសំខាន់នៃចំណេះសង្គ្រោះបឋមនិងការប្រែប្រួលអាកាសធាតុ និងឆ្លុះបញ្ចាំងអំពីការចូលរួមថែរក្សាសន្តិភាព ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ក្នុងពេលបច្ចុប្បន្ន។ អប់រំឲ្យយើញឃើញថាដើម្បីមានសុខភាពល្អត្រូវហាត់ប្រាណជាទៀងទាត់ ត្រូវចូលរួមសំអាតបរិស្ថាន ដែលជាបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ជាងនេះទៅទៀត គឺឆ្លុះបញ្ចាំងអំពីការចូលរួមថែរក្សាសន្តិភាព ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ក្នុងពេលបច្ចុប្បន្ន។

ការ «រត់ដើម្បីសុខភាព សន្តិភាព និងការប្រែប្រួលអាកាសធាតុ» កាកបាទក្រហមកម្ពុជា ក៏មានជ្រើសរើសអ្នកឈ្នះ៦រូប ស្ដ្រី ៣រូប (លេខ ១ដល់៣) និងបុរស ៣រូប ( ១ដល់៣) សម្រាប់ម្ចាស់ជយលាភីផ្នែកនារីម្នាក់ «លេខ១» និងបុរសម្នាក់ ដោយទទួលបានពានមាស ១ ក្រមា១ ពែង១ កញ្ចប់សង្គ្រោះបឋម១ ថង់កក្រក១ និងថវិកា១០ម៉ឺនរៀល។ លេខ២ ទទួលបានពានប្រាក់១ ក្រមា១ ពែង១ កញ្ចប់សង្គ្រោះបឋម១ ថង់កក្រក១ និងថវិកា ១០ម៉ឺនរៀល និងលេខ៣ ទទួលបានពានសំរិទ្ធ១ ក្រមា១ ពែង១ កញ្ចប់សង្គ្រោះបឋម១ ថង់កក្រក១ និងថវិកា១០ម៉ឺនរៀល។

ការរៀបចំទិវាពិភពលោកសង្គ្រោះបឋមឆ្នាំនេះ គឺមានការឧបត្ថម្ភគាំទ្រពី ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB, ក្រុមហ៊ុន FUTURE FOCUS SOLUTIONS & PHARMA CO.,LTD , KOI Thé Cambodia (ខយ តេ កម្ពុជា) , TUBE COFFEE (ធ្យូបកាហ្វេ), ក្រុមហ៊ុនត្រូពិខេមហ្វ៊្រត អេនវេជីថេបល (ចេកពិសិទ្ធ), ក្រុមPOCARI SWEAT, ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), ទឹកបរិសុទ្ធឱរ៉ាល់, និងក្លឹបរត RUTT និងកិច្ចសហការពីអាជ្ញាធរខណ្ឌជ្រោយចង្វារ ដែលបានផ្តល់ទីកន្លែង រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ ក្នុងនោះក៏មានការចូលរួមពីមន្ត្រី ក្រុមប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញផងដែរ៕