អ្នកកាសែតល្បីម្នាក់នៅថៃ លោក Pravin Rojanaphruk បានបញ្ចេញប្រតិកម្មចំពោះសកម្មភាពចាក់សំឡេងខ្មោចនៅភូមិជោគជ័យ និងភូមិព្រៃចាន់ និងបានអំពាវនាវឲ្យរដ្ឋាភិបាល បញ្ឈប់ជាបន្ទាន់ (Video inside)

12-10-2025 15:53

(ភ្នំពេញ)៖ លោក Pravin Rojanaphruk ជាអ្នកកាសែតល្បីម្នាក់នៅថៃ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ចេញប្រតិកម្មចំពោះសកម្មភាពចាក់សំឡេងខ្មោច នៅភូមិជោគជ័យ និងភូមិព្រៃចាន់ និងបានស្នើឱ្យរដ្ឋាភិបាលលោក Anutin ធ្វើអន្តរាគមន៍ជាបន្ទាន់ និងបញ្ឈប់ការចាក់សំឡេងរំខាននេះ។

លោក Pravin Rojanaphruk បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជំរុញឱ្យរដ្ឋាភិបាល លោក Anutin ធ្វើអន្តរាគមន៍ជាបន្ទាន់ និងបញ្ឈប់ការចាក់សំឡេងរំខានដូចជាសំឡេងខ្មោចជាដើមនៅឯតំបន់ព្រំដែនពីសំណាក់អ្នកលេងបណ្ដាញទំនាក់ទំនងសង្គម ម្នាក់ អស់រយៈពេល២យប់មកហើយ»

លោក Pravin Rojanaphruk បានបន្ថែមថា នេះមិនត្រឹមតែជាការបំពានលើសិទ្ធិ និងដំណេកអ្នកជិតខាងរបស់យើង ជាសង្រ្គាមចិត្តសាស្ត្រមួយមួយប៉ុណ្ណោះទេ តែពាក្យបណ្ដឹងមួយក៏ត្រូវបានដាក់ជូនទៅកាន់អង្គការសហប្រជាជាតិផងដែរ។

លោក Pravin Rojanaphruk បានបញ្ជាក់ទៀតថា សូមកុំធ្វើឱ្យថៃ ក្លាយជាឃ្លាំងផ្ទុកសំណើចនៅក្រោមក្រសែភ្នែកសហគមន៍អន្តរជាតិ ក៏ព្រោះតែមនុស្សស្មោគគ្រោគមួយចំនួនដែលគ្មានប្រយោជន៍៕