សំណើរ និងសំណូមពររបស់ពលរដ្ឋនៅស្រុកកោះធំ ត្រូវបានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ ព្រមទទួលយក និងសន្យាដោះស្រាយជូន

12-10-2025 17:03

(កណ្ដាល)៖ ស្ថិតនៅក្នុងវេទិកាសាធារណៈនាចុងសប្ដាហ៍នេះ ប្រជាពលរដ្ឋក្នុងឃុំកោះធំ ខ ស្រុកកោះធំ បានស្នើរសុំក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំជាច្រើនករណី ហើយសំណើរ និងសំណូមពរទាំងអស់ត្រូវបាន លោក ចៅ តុល អនុប្រធានទី២ អចិន្ត្រៃយ៍ចុះជួយស្រុកកោះធំ ព្រមទទួលយក និងសន្យាដោះស្រាយជូនជាបន្តបន្ទាប់។

ជាមួយនឹងសំណើរនិងសំណូមពររបស់អ្នកស្រុកកោះធំ លោក ចៅ តុល បានធ្វើការឆ្លើយតបជាវិជ្ជមានចំពោះការលើកជាសំណើររបសប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួន ដែលស្នើរសុំតាមតម្រូវនៃសហគមន៍ និងជំនាញរបស់ក្រុមការងារខ្លួន ។ លើសពីនេះ លោកក៏ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បម្រើសេវាសាធារណៈដល់ពលរដ្ឋឲ្យបានល្អ ព្រោះយើងជាអ្នកបម្រើរាស្ត្រ ដូច្នេះត្រូវធ្វើការឲ្យបានល្អតាមតួនាទីរៀងៗខ្លួន។

លោក ចៅ តុល ក៏បានសង្កត់ធ្ងន់ទៅលើការអនុវត្តន៍នីតិវិធីរបស់សមត្ថកិច្ចផងដែរ ពោលគឺជម្រុញឲ្យថែរក្សាសណ្ដាប់ធ្នាប់សង្គមឲ្យបានល្អ បង្ក្រាបឲ្យអស់នូវរាល់សកម្មភាពក្មេងទំនើង គ្រឿងញៀន បទល្មើសលួច ឆក់ ប្លន់ជាដើម ពោលគឺធ្វើយ៉ាងណា រកសេចក្ដីសុខជូនពលរដ្ឋឲ្យបានខ្ចាប់ខ្ចួន ។ រីឯបទល្មើសដែលបានកើតរួច សូមកម្លាំងសមត្ថកិច្ចតាមចាប់ជនល្មើសឲ្យខានតែបាន ក្រោយកើតហេតុប្លន់ និងលួច ខណៈដែលចោរលួចប្លន់ និងចោរលួចពិតប្រាកដ ចាប់មិនទាន់បាននៅឡើយ បែជាទៅចាប់មនុស្សវិកលចរិតដាក់ពន្ធនាគារទៅវិញ ដែលនាំឲ្យពលរដ្ឋមួយភូមិកើតការតវ៉ាពេញសហគមន៍ និងប៉ះពាល់ដល់សតិអារម្មណ៍ពលរដ្ឋទៀតផង ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ចៅ តុល ក៏បានប្រាប់ពលរដ្ឋឲ្យមានការទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្រោយមានការឈ្លានពានពីសំណាក់យោធាថៃ ដែលបានបង្ករហេតុប៉ះទង្គិច និងបង្កររឿងនៅតាមព្រុំដែន ខណៈដែលរាជរដ្ឋាភិបាល ដើរក្ដីរឿងនេះតាមផ្លូវច្បាប់អន្តរជាតិរួចហើយ ហើយអន្តរជាតិក៏បានដឹងថា ភាគីថៃរំលោភបំពាន និងបង្ករទំនាស់មកកាន់ភាគីកម្ពុជាយើងមុនផងដែរ ។ ដូច្នេះសូមពលរដ្ឋបន្តគាំទ្រកងទ័ពខ្មែរយើង ពិសេសគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយើងឲ្យបានខ្ចាប់ខ្ចួន ព្រោះយើងជាអ្នកថ្លៃថ្នូរ ជាអ្នកស្រលាញ់សុខសន្តិភាព មិនដូចភាគីថៃឡើយ ។

លើសនេះ ក្រោយវេទិកាសាធារណៈរួចមក, លោក ចៅ តុល និងក្រុមការងារថ្នាក់ជាតិ ក៏បានប្រជុំជាមួយអាជ្ញាធរដែនដីផងដែរ ដើម្បីដាក់ទិសដៅ សម្រេចផែនការការងារបម្រើពលរដ្ឋឲ្យបានល្អ ពិសេសកុំធ្វើឲ្យពលរដ្ឋយើងមានការថ្នាំងថ្នាក់ ត្រូវដាក់ចិត្ត ដាក់កាយ ដាក់បេះដូងបម្រើសេវាឲ្យបានល្អ ទើបទទួលបានការគាំទ្រពីពលរដ្ឋកាន់តែច្រើនផងដែរ៕