ថ្នាក់ដឹកនាំខេត្តកែប រួមគ្នាដង្ហែរអង្គកឋិនទានសាមគ្គី ឆ្ពោះទៅកាន់វត្តបវរពិសិដ្ឋ ហៅវត្តភ្នំរាប នៅក្នុងស្រុកដំណាក់ចង្អេីរ

12-10-2025 17:46

(កែប)៖​ ក្រុមប្រឹក្សាខេត្តកែប រួមទាំងមានមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ទូទាំងខេត្តកែប សប្បុរសជន រួមនឹងពុទ្ធបរិស័ទជិតឆ្ងាយ ក្រោមគំនិតផ្តួចផ្តើម របស់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកស្រី នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើអង្គកឋិនទានសាមគ្គី ដង្ហែឆ្ពោះទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមា វត្តបវរពិសិដ្ឋ ហៅវត្តភ្នំរាប ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប ដើម្បីក្រាលគ្រងតាមពុទ្ធានុញ្ញាត និងប្រមូលបច្ច័យ កសាងសមិទ្ធផលនានាក្នុងវត្ត។

អង្គកឋិនទាន បានប្រព្រឹត្តទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលដូនតាខ្មែរយើង បានបន្សល់ទុកតាំងពីដើមរៀងមក ដោយមានការជួបជុំមន្ត្រីរាជការទូទាំងខេត្ត ពុទ្ធបរិស័ទជិត ឆ្ងាយ ធ្វើបទនមស្សការព្រះតរនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា នៅបរិវេណទីតាំងមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកែប ។ អង្គកឋិនទាន ត្រូវបានដង្ហែឆ្ពោះទៅកាន់វត្តបវរពិសិដ្ឋ(ហៅវត្តភ្នំរាប) ប្រទក្សិណជុំវិញព្រះវិហារ និងវេរអង្គកឋិនទាន ប្រគេនព្រះសង្ឃ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត លោក លោកស្រី ពុទ្ធបរិស័ទជិត ឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា ចូលរួមបច្ច័យ ក្នុងអង្គកឋិនទានសាមគ្គីនាពេលនេះ ដើម្បីបានបច្ច័យយកមកកសាងសមិទ្ធផលនានាក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យមានការរីកចម្រើនរុងរឿង។ មានតែសុខសន្តិភាពទេ ដែលធ្វើឱ្យយើងមានឱកាសក្នុងការរួមគ្នាកសាង និងអភិវឌ្ឍសង្គមជាតិទៅរកភាពរីកចំរើនបាន ។

លោកអភិបាលខេត្ត ក៏បានសំណូមពរ ប្រជាពលរដ្ឋ លោកយាយ លោកតា ពុទ្ធបរិស័ទ ទាំងអស់ សូមប្រកាន់យកនូវអំពើល្អ តាមលំអាន ដែលព្រះពុទ្ធ ព្រះបរមគ្រូនៃយើង បានប្រៀនប្រដៅទុកមក និងសូមចូលរួមអប់រំកូនចៅ ឲ្យបានក្លាយជាមនុស្សល្អ មានប្រយោជន៍ដល់សង្គមជាតិ ជាទំពាងស្នងឬស្សីក្នុងការបន្តវេន កសាងភូមិ ឃុំ ឲ្យបានរីកចម្រើន និងត្រូវចូលរួមសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ថ្នាក់ អនុវត្តន៍នូវគោលនយោបាយភូមិ ឃុំ សង្កាត់​ មានសុវត្ថិភាព រួមចំណែកថែរក្សាសន្តិភាព ការពារភាពសុខសាន្ត និងអ្វីៗ ដែលយើងមានសព្វថ្ងៃ ឲ្យបានស្ថិតស្ថេរ គង់វង្ស កុំឲ្យបាត់បង់ទៅវិញ។

ទន្ទឹមនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា បច្ច័យប្រមូលបានពីអង្គកឋិនទានសាមគ្គី នាពេលនេះ មានចំនួន ១០០ លានរៀលសម្រាប់កសាងបង្ហើយ ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តផងដែរ៕