កូនឈើចម្រុះ ប្រមាណ ៧០០ដើម ត្រូវបានដាំនៅក្នុងបរិវេណ អនុវិទ្យាល័យអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់
12-10-2025 17:47
(ពោធិ៍សាត់)៖ កូនឈើចម្រុះ ប្រមាណ៧០០ដើម រួមមាន៖ ច្រេស ក្ងោក សាគូរ៉ា និងត្នោត ត្រូវបានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បាននាំយកមកដាំនៅក្នុងបរិវេណ អនុវិទ្យាល័យអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីកែលម្អសោភណ្ឌភាពសាលាឱ្យស្រស់ស្អាត និងមានម្លប់ជ្រកកោន ខណៈដែរសាលារៀននេះ ទើបនឹងសាងសង់រួច ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ចលនាដាំកូនឈើចម្រុះខាងលើនេះ ដឹកនាំដោយ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក លៀង ពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំ មន្ទីរ ជំនាញ អាជ្ញាធរមូលដ្ឋាន និងក្មួយៗយុវជនយ៉ាងច្រើនកុះករ។
លោក ខូយ រីដា បានថ្លែងថា គោលបំណងនៃចលនាដាំកូនឈើ នៅក្នុងបរិវេណ នៃអនុវិទ្យាល័យអូរសោមនេះ គឺដើម្បីបណ្តុះគំនិត ដល់អាជ្ញាធរមូលដ្ឋាន ក្មួយៗយុវជន និងសិស្សានុសិស្ស ឱ្យចូលរួមស្រលាញ់ ការពារ និងអភិរក្សធនធានធម្មជាតិ ដែលមានតម្លៃសម្រាប់សង្គមជាតិ និងអនាគតកូនចៅយើង ជំនាន់ក្រោយ។ ចលនាដាំកូនឈើនេះ យើងត្រូវដាំឱ្យរស់ ដាំឱ្យមានសោភ័ណ ភាព ហើយយើងមិនត្រឹមតែធ្វើនៅទីនេះប៉ុណ្ណោះទេ ពោលគឺធ្វើទូទាំងខេត្ត ពិសេសនៅតាមដងផ្លូវសាធារណៈ ទីប្រជុំជន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងសួនច្បារ។
លោកអភិបាលខេត្ត បានលើកឡើងថា ជាភ័ព្វសំណាងណាស់ ដែលប្រជាពលរដ្ឋឃុំអូរសោម (ឃុំដាច់ស្រយាល) ទទួលបានអគារសិក្សាដ៏ថ្មីស្រឡាង រួមទាំងហេដ្ឋារចនាសម្ព័ន្ធដ៏ទៃផ្សេងទៀត ជាអំណោយដ៏ថ្លៃថ្លា បស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនកូនក្មួយសិស្សានុសិស្ស បានសិស្សារៀនសូត្រ នៅជិត និងក្បែរផ្ទះ មិនចំណាយថវិកាច្រើន ដើម្បីទៅបន្តការសិក្សានៅទីរួមស្រុក ឬទីរួមខេត្ត។
លោក ខូយ រីដា សូមឱ្យមាតាបិតា អាណាព្យាបាល បន្តជម្រុញកូនចៅមករៀនឱ្យបានទៀងទាត់ និងចូលរួមថែរក្សាការពារនូវសមិទ្ធផលនេះ ឱ្យបានគង់វង្ស ព្រោះថាសាលារៀន គឺជាថ្នាលបណ្តុះនូវធនធានមនុស្ស មានចំណេះដឹង ចំណេះធ្វើ និងមានគុណធម៌។
ជាមួយគ្នានោះ លោកក៏សូមអំពាវនាវ ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តឱ្យបាន នូវកិច្ចការងាររៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ដោយត្រូវធ្វើយ៉ាងណាខិតខំដាំដើមឈើលម្អ ដើម្បីជាយុទ្ធសាស្ត្រទាក់ទាញអារម្មណ៍អ្នកដំណើរ និងអ្នកទេសចរ ក្នុងការលើកកម្ពស់សោភ័ណភាពមូលដ្ឋានឱ្យស្រស់បំព្រងឡើង៕