ដបទឹកក្តៅចំនួន ២៥០០ដប មានឆ្លាក់រូបសម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អមនឹងអក្សរ «ពុកម៉ែនៅក្បែរកូនជានិច្ច» បន្តចែកជូនដល់កងទ័ពជួរមុខ ក្នុងខេត្ដព្រះវិហារ និងខេត្តឧត្តរមានជ័យ

12-10-2025 18:18

(ឧត្តរមានជ័យ)៖ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ និងជាប្រធានក្រុមសេនាតេជោសន្តិភាព រួមជាមួយក្រុមការងារ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ នាំយកដបទឹកក្តៅ ចំនួន២,៥០០ដប មានឆ្លាក់រូបសម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចែកជូនដល់កងទ័ពកងពលធំអន្ដរាគមន៍៣ នៅក្នុងខេត្ដព្រះវិហារ និងនៅទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី នៅក្នុងខេត្តឧត្តរមានជ័យ។

ជាការចាប់អារម្មណ៍ រូបនៅលើដកទឹកក្ដៅទាំងនោះ ដោយមានឆ្លាក់រូបសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដែលមានឯកសណ្ឋានជាយោធា អមជាមួយនឹងអក្សរថា «ពុកម៉ែនៅក្បែរកូនជានិច្ច» ដើម្បីជួយជំរុញលើកទឹកចិត្ដកងទ័ព ក្នុងកិច្ចការពារបូរណភាពទឹកដី។

នាឱកាសនោះលោក កែវ ផុង បាននាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជូនដល់កងកម្លាំងការពារព្រំដែនទាំងអស់ និងចូលរួមថែសុខភាពឱ្យបានល្អប្រសើរ រួមគ្នាជាធ្លុងមួយក្នុងកិច្ចការពារបូរណភាពទឹកដីឱ្យបានគង់វង្ស ដោយមិនឱ្យសត្រូវណាឈ្លានពានបាននោះឡើយ។

ជាមួយគ្នានេះ កងទ័ពកងពលធំអន្ដរាគមន៍៣ នៅក្នុងខេត្ដព្រះវិហារ និងកម្លាំងយោធាឈរជើងនៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី បានគោរពថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុន សែន និងសម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងប្ដេជ្ញាក្នុងការការពារបូរណភាពទឹកដីកម្ពុជា៕