នាយឧត្តមសេនីយ៍ សឹង សំណាង និងភរិយា ដង្ហែរអង្គកឋិនទានទៅកាន់វត្តទួលខ្សាច់ ឃុំជ្រៃបាក់ និងវត្តចំនួន៨ទៀត ក្នុងស្រុករលាប្អៀរ

12-10-2025 19:17

(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេ
បញ្ជាការកងទ័ពជើងអាកាស និងលោកស្រី អ៊ូ សិទ្ធិរី រួមជាមួយលោក លោកស្រី ជាមេបញ្ជាការរង នាយទាហាននៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស និងពុទ្ធបរិស័ទជាច្រើននាក់ នៅវេលាព្រឹកថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានដង្ហែរអង្គកឋិនទានទៅកាន់វត្តវាលុកថុល្លារាម ហៅវត្តទួលខ្សាច់ ឃុំជ្រៃបាក់ និងវត្តចំនួន៨ទៀត ក្នុងស្រុករលាប្អៀរ។

វត្តវាលុកថុល្លារាម ជាវត្តមួយកំពុងមានតម្រូវការចាំបាច់នូវបច្ច័យសម្រាប់សាងសង់សមិទ្ធផលនានាក្នុងវត្ត ដើម្បីបម្រើដល់ការគោរពប្រណិប័តន៍របស់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត។

បច្ច័យបានកើតចេញពីសទ្ធាដ៏ជ្រះថ្លានៃអង្គកឋិនផ្តួចផ្តើមដោយនាយឧត្តមសេនីយ៍ សឹង សំណាង និងលោកស្រី អ៊ូ សិទ្ធិរី ប្រមូលបច្ច័យប្រមាណ៣០លានរៀល សម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្ត។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សឹង សំណាង បានបង្ហាញទឹកចិត្តសប្បាយរីករាយជាខ្លាំងចំពោះការចូលរួមពីលោកមេបញ្ជាការរង នាយទាហាន និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពអាកាស និងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលចិត្តមូលគំនិតគ្នារៀបចំបុណ្យកឋិនទាននេះឡើង។

នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះការចូលរួមបច្ច័យអង្គព្រះកឋិនទានពីអស់លោក លោកស្រីជាមេបញ្ជាការរងនាយទាហាន នាយ
ទាហានរង ពលទាហានកងទ័ពជើងអាកាស និងមេបញ្ជាការកងការពារអាកាសអគ្គបញ្ជាការ និងពុទ្ធបរិស័ទបានរួបរួមគ្នា ដង្ហែមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅនៅវត្តវាលុកថុល្លារាម និងវត្តអារ៉ាមចំនួន ៨ទៀតក្នុងស្រុករលាប្អៀរ។

សូមរំលឹកថា នាយឧត្តមសេនីយ៍ សឹង សំណាង និងភរិយា តែងបានដឹកនាំនាយទាហាន និងក្រុមគ្រួសារក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ចូលរួមពិធីបុណ្យផ្កាសាមគ្គី ដង្ហែទៀនព្រះវស្សា ពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យផ្សេងៗទៀត ដើម្បីប្រមូលបច្ច័យកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងទីអារាម ទុកជូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធគោរពបូជា តាមគន្លងប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។

សូមបញ្ជាក់ថា អង្គកឋិនទានដែលផ្ដួចផ្ដើមឡើងដោយនាយឧត្តមសេនីយ៍ និងភរិយា បានវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៨ ក្នុងស្រុករលាប្អៀរ។ កម្លាំងសទ្ធាជ្រះថ្លាដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ៕