អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹកខេត្តព្រះវិហារ ចំនួន ២,៦២០គ្រួសារ

12-10-2025 20:03

(ព្រះវិហារ)៖ នៅថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំចម្អិនម្ហូបផ្គត់ផ្គង់ជនភៀសសឹកចំនួន ២គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៦២០គ្រួសារដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។

ផេកហ្វេសប៊ុកយុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា ២គោលដៅ ជនភៀសសឹកខេត្តព្រះវិហារ បន្តទទួលបានការផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺនៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៨៧៧គ្រួសារ ស្មើ ៦,៤៤៥នាក់ និងជំរំវត្តកំពង់សង្កែ ស្រុកឆែប ចំនួន ៧៤៣គ្រួសារ ស្មើ​២,០០៣នាក់ សរុបចំនួន ២,៦២០គ្រួសារ ស្មើ ៨,៤៤៨នាក់។

ការបន្តបេសកកម្មរៀបចំចម្អិនម្ហូបអាហាររបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ៕