គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ប្រកាសបើកដំណើរការទទួលពាក្យប្រឡងចូលរៀនថ្នាក់ជាតិឆ្នាំសិក្សា ២០២៥-២០២៦ តាមប្រព័ន្ធអនឡាញ

12-10-2025 21:06

(ភ្នំពេញ)៖ គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បើកដំណើរការទទួលពាក្យប្រឡងចូលរៀនថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលតាមប្រព័ន្ធអនឡាញ ចាប់ពីម៉ោង0៨:00នាទី ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ តទៅ (https://medical-exam.poscar.cloud/) ។

សិស្សានុសិស្សដែលមាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ ស្រមតាមលក្ខខណ្ឌកំណត់ក្នុងសេចក្តីជូនដំណឹងលេខ ២២០/២៥គបជ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ របស់គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ស្តីពី ការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៥-២០២៦ អាចដាក់ពាក្យចូលជាបេក្ខជនបាន។

លទ្ធផលជាប់ស្ថាពរនៃការប្រឡងនឹងជ្រើសយកបេក្ខជនដែលមានពិន្ទុមធ្យមភាគសរុប (Moyenne générale) កំណត់ជាប់តាមលំដាប់ពិន្ទុពីខ្ពស់មកទាប តាមចំនួនកំណត់អតិបរមានៃមុខជំនាញ និងតាមអាទិភាពរបស់បេក្ខជនដែលបានដាក់ពាក្យនៅតាមគ្រឹះស្ថានបណ្តុះបណ្តាល។ យោងតាមប្រកាសលេខ០២៧៥អបស.អធម.ប្រក ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ របស់ក្រសួងសុខាភិបាល ស្តីពី ការកំណត់ចំនួននិស្សិតមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឱ្យចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឬឆ្នាំទី១ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ មានចំនួនសរុប ១១ ១៦៥ នាក់ ដោយបែងចែកទៅតាមគ្រឹះស្ថានបណ្តុះបណ្តាលដែលមានឯកទេសនិងចំនួនដូចខាងក្រោម៖

ក. កម្រិតបរិញ្ញាបត្រ៖ ថ្នាក់វេជ្ជបណ្ឌិតទូទៅ ចំនួន ៩៥០នាក់ ថ្នាក់បរិញ្ញាបត្រឱសថ ចំនួន ១០១០នាក់ ថ្នាក់ទន្តបណ្ឌិត ចំនួន ៥១០នាក់ ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ចំនួន ៨៧០នាក់ ថ្នាក់បរិញ្ញាបត្រឆ្មប ចំនួន ៤៩៥នាក់ ថ្នាក់បរិញ្ញាបត្រសុខភាពសាធារណៈ ចំនួន៤០នាក់ ថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនា ចំនួន១២០នាក់ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្របច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ចំនួន៦០នាក់។

ខ.កម្រិតបរិញ្ញាបត្ររង៖ ថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក ចំនួន៣០៦០នាក់ ថ្នាក់បរិញ្ញាបត្ររងឆ្មប ចំនួន ២២៧០នាក់ ថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ ចំនួន ៩៨០នាក់ ថ្នាក់បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក ចំនួន ៤៧០នាក់ ថ្នាក់បរិញ្ញាបត្ររងព្យាបាលដោយចលនា ចំនួន ១៧០នាក់ ថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសវិទ្យុសាស្រ្ត ចំនួន១៦០នាក់

កាលបរិច្ឆេទចុះឈ្មោះប្រឡង និងការដាក់ពាក្យ សម្រាប់កម្រិតបរិញ្ញាបត្រ ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទី ជាកំហិត និងសម្រាប់កម្រិតបរិញ្ញាបត្ររង ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៧:00នាទី ជាកំហិត។

ការដាក់ពាក្យប្រឡងតាមរយៈប្រព័ន្ធអនឡាញ៖

• បេក្ខជនត្រូវមានអាសយដ្ឋានអ៊ីម៉ែល និងលេខទូរសព្ទដែលប្រើប្រាស់តេឡេក្រាមដើម្បីចុះឈ្មោះចូលប្រព័ន្ធ
• បេក្ខជនអាចស្កេន QR Code ខាងក្រោម ឬចូលទៅកាន់គេហទំព័រ https://medical-exam.poscar.cloud/ ដើម្បីបំពេញព័ត៌មានសុំសិទ្ធប្រឡង និងស្កេនបញ្ចូលឯកសារតម្រូវសម្រាប់ការដាក់ពាក្យ។

• បេក្ខជននឹងទទួលព័ត៌មានអំពីការចុះឈ្មោះប្រឡងរបស់ខ្លួនតាមរយៈអាសយដ្ឋានអ៊ីម៉ែលដែលបានប្រើប្រាស់ ឬតេឡេក្រាម(ករណីបើមាន)
• ក្នុងករណីមានចម្ងល់ពាក់ព័ន្ធនឹងការចុះឈ្មោះ បេក្ខជនអាចទាក់ទងមកកាន់ទូរសព្ទលេខ ០៧៨ ២៣២ ២៨២ ឬ ០៨៨ ៥៩០ ៥១៥៤ ឬ ០១៦ ៧០០ ៦៤២។
កាលបរិច្ឆេទនៃការប្រឡងសម្រាប់៖
- កម្រិតបរិញ្ញាបត្រ ៖ ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ និង
- កម្រិតបរិញ្ញាបត្ររង៖ ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។


ការទទួលពាក្យប្រឡងថ្នាក់ជាតិចូលរៀនតាមប្រព័ន្ធអនឡាញនេះ គឺអនុវត្តទៅតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ហើយក្នុងគោលបំណងដើម្បីកាត់បន្ថយនូវការចំណាយពេលវេលា និងថវិកា ហើយក៏ជាសម្រួលដល់បេក្ខជនដែលមានបំណងដាក់ពាក្យចូលរួមការប្រឡងឱ្យមានភាពងាយស្រួល និងធានាបាននូវតម្លាភាព និងប្រសិទ្ធភាពនៃការដាក់ពាក្យ។
ការប្រឡងថ្នាក់ជាតិចូលរៀនក្នុងវិស័យសុខាភិបាល គឺដើម្បីជ្រើសរើសនិស្សិតពូកែ មានសមត្ថភាពខ្ពស់ចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាល។


គណៈកម្មាធិការប្រឡងថ្នាក់ជាតិ បានជ្រើសយកក្រុមហ៊ុន POSCAR DIGITAL ជាក្រុមហ៊ុនដែលធ្លាប់មានបទពិសោធន៍ខ្ពស់ជាមួយនឹងការប្រឡងជ្រើសរើសមន្ដ្រីតាមបណ្ដាក្រសួងស្ថាប័នសាធារណៈ ដូចជាក្រសួងអប់រំយុវជន និងកីឡា ក្នុងពេលកន្លងទៅនេះ។ ដូច្នេះគណៈកម្មាធិការប្រឡងថ្នាក់ជាតិ មានការទុកចិត្ដ និងជឿជាក់ទៅលើក្រុមហ៊ុន POSCAR DIGITAL ដែលការរៀបចំនេះ គឺជារៀបចំបែបទំនើប ដែលបានសម្រួលច្រើនដល់ប្រជាពលរដ្ឋយើង ព្រោះថាបើសិនជាពលរដ្ឋយើងមកដាក់ពាក្យប្រឡងនៅរាជធានីភ្នំពេញដោយខ្លួនឯង ចំណាយថវិកាច្រើន ទាំងការធ្វើដំណើរ ការស្នាក់នៅ ការហូបចុក និងអាចមានបញ្ហាតាមដងផ្លូវទៀត ពិសេសនៅអ្នកនៅតាមបណ្ដាខេត្ដដាច់ស្រយាល ប៉ុន្ដែនៅពេលនេះបន្ទុកទាំងនេះត្រូវថ្នាក់ជាតិយើងជួយសម្រួល តាមរយៈចុះឈ្មោះតាមប្រព័ន្ធអនឡាញនេះ។

ព័ត៌មានលម្អិតសូមចូលមើលបន្ថែមរបស់គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល៖
https://t.me/NECHScambodia)https://t.me/NECHScambodia