អភិបាលស្រុកទឹកឈូ នាំយកអំណោយរបស់លោកអភិបាលខេត្តកំពត ចុះសួរសុខទុក្ខលោក ស៊ុន ចាន់ដុក វីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្សុី
12-10-2025 22:18
(កំពត)៖ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ និងលោកស្រី តាន់ គឹមហុង ប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកអភិបាលខេត្តកំពត ផ្ដល់ជូនដល់វីរកងទ័ពជួរមុខ អនុសេន៍យ៍ត្រី ស៊ុន ចាន់ដុក ភេទប្រុស អាយុ៥៦ឆ្នាំ មានអាសយដ្ឋានរស់នៅក្នុងស្រុកទឹកឈូ ខេត្តកំពត អត្តលេខ ២០៦១៣៤ នៅអង្គភាពកងអន្តរាគមន៍លេខ៣ ជើងគោក ឈរជើងនៅតំបន់មុំបី បានរងរបួស នៅពេលប្រយុទ្ធជាមួយកងទ័ពសៀមនៅមុំបី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានរងរបួសធ្ងន់ធ្ងរ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្សុី នៃរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកអភិបាលស្រុកទឹកឈូ បានពាំនាំនូវការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់ពីលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលលោកតែងតែគិតគូរអំពីសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់មូលដ្ឋាននៅទូទាំងភូមិសាស្ត្រខេត្តកំពត ដោយមិនប្រកាន់និន្នាការអ្វីឡើយ។
លោកអភិបាលស្រុក បន្តថា អំណោយដែលបានផ្ដល់ជូនវរកងទ័ពខាងលើ រួមមាន៖ អង្ករចំនួន ១០០គីឡូក្រាម និងថវិកាចំនួន ១,០០០,០០០រៀល៕