ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកព្រះស្ដេច ណែនាំឱ្យសិស្សត្រៀមចូលរៀនមហាវិទ្យាល័យ គួរជ្រើសរើសជំនាញមានតម្រូវការទីផ្សារ ជាជាងជ្រើសយកជំនាញដែលខ្លួនស្រឡាញ់ តែគ្មានទីផ្សារការងារ
13-10-2025 09:46
(ព្រៃវែង)៖ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកព្រះស្តេច ខេត្តព្រៃវែង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សានុសិស្សនិទ្ទេស A និង B សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ មកពីស្រុកព្រះស្តេច ខេត្តព្រៃវែង ដើម្បីផ្តល់ការណែនាំត្រៀមចូលរៀននៅមហាវិទ្យាល័យ។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកព្រះស្តេច បានណែនាំឱ្យសិស្សត្រៀមចូលរៀនមហាវិទ្យាល័យ គួរជ្រើសរើសជំនាញ ដែលមានតម្រូវការទីផ្សារខ្ពស់ ជាជាងជ្រើសយកជំនាញ ដែលខ្លួនស្រឡាញ់ ប៉ុន្តែបែរជាមិនមានទីផ្សារការងារទៅវិញ។
លោកថ្លែងថា «“ខ្ញុំលើកជាឧទាហរណ៍ថា ប្រសិនបើយើងបើកហាងកាហ្វេមួយ តើយើងត្រូវឆុងកាហ្វេ យករសជាតិតម្រូវចិត្តខ្លួនឯង ឬត្រូវឆុងតម្រូវចិត្តភ្ញៀវ។ ត្រង់ចំណុចនេះ ប្រាកដណាស់ យើងត្រូវតែតម្រូវចិត្តភ្ញៀវ ដើម្បីឱ្យអាជីវកម្មនេះលក់ដាច់។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្ត ឱ្យសិស្សានុសិស្ស ជ្រើសរើសជំនាញ ដែលមានតម្រូវការទីផ្សារ ដើម្បីងាយស្រួលរកការងារធ្វើ នៅពេលរៀនចប់»។
លោកបានបន្តថា នៅពេលនិស្សិតនៅស្រុកព្រះស្ដេច រៀនពូកែ ដែលបានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ហើយមានជំនាញសមស្របនឹងតម្រូវការការងារនោះ, កំពង់ផែស្វយ័តភ្នំពេញ នឹងជ្រើសយកចូលធ្វើការងារតែម្តង។
ជាមួយគ្នានោះ លោក ហ៊ឺ បាវី ក៏បានលើកទឹកចិត្ត ឱ្យសិស្សប្រឡងមិនជាប់ថ្នាក់ទី១២ ដែលមិនចង់សិស្សបន្ត អាចទៅរៀនជំនាញវិជ្ជាជីវៈសមស្របណាមួយ ដើម្បីស្វែងរកការងារធ្វើ។
យោងតាមការធ្វើរបាយការណ៍ របស់លោក ភុន សម្ភស្ស អភិបាលស្រុកព្រះស្ដេច បានឱ្យដឹងថា លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅទូទាំងស្រុកព្រះស្ដេច មានបេក្ខជនដាក់ពាក្យប្រឡងសរុប៨៩០នាក់ ស្រី៤៧១នាក់, បេក្ខជន មកប្រឡងចំនួន៨៨៩នាក់ ស្រី៤៧០នាក់ និងមានបេក្ខជនប្រឡងជាប់សរុបចំនួន៧៨៧នាក់ ស្រី៤៣៧នាក់ ក្នុងនោះមានសិស្សនិទ្ទេសA ចំនួន១៦នាក់ ស្រី១២នាក់ និងសិស្សនិទ្ទេស B ចំនួន៧៤នាក់ ស្រី៤៤នាក់។
សម្រាប់ សិស្សានុសិស្ស ដែលទទួលបាន និទ្ទេស A និង B នៅឆ្នាំ២០២៥ នេះ លោក ហ៊ឺ បាវី គ្រោងផ្តល់អាហារូបករណ៍ចំនួន ២០ រូប ហេីយនៅចប់កម្មវិធី លោកបានផ្តល់វត្ថុ អនុស្សាវរីយ៍ ដោយសិស្សមួយនាក់ ទទួលបាន Tablet ចំនួន១គ្រឿង និងថវិកាចំនួន៥ម៉ឺនរៀល ចំនួន៩០នាក់ និងលោកគ្រូ-អ្នកគ្រូចំនួន ១៥នាក់ ទទួលបានថវិកាចំនួន១០ម៉ឺនរៀល/ម្នាក់។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងការចូលរួមលើកស្ទួយវិស័យអប់រំ យុវជន និងកីឡា នៅស្រុកព្រះស្តេច លោក ហ៊ឺ បាវី តែងតែយកចិត្តទុកដាក់ក្នុងផ្តល់អាហារូបករណ៍ និងវត្ថុអនុស្សាវរីយ៍ផ្សេងទៀត៕