ប្រកាសចូលកាន់មុខតំណែង លោក តឹក សុភាព ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ជំនួសលោក ខូយ ឌី ដែលបានចូលនិវត្តន៍ និងបន្តតួនាទី ជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល

13-10-2025 10:01

(ពោធិ៍សាត់)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក តឹក សុភាព ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ជំនួសលោក ខូយ ឌី ដែលបានចូលនិវត្តន៍ និងបន្តតួនាទី ជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។

ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំថ្មីសាលាខេត្ត ដោយមានចូលរួមពីលោកខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, តំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៥៦៨ អនក្រ.តក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ត្រូវបានតែងតាំងលោក តឹក សុភាព អត្តលេខ ១៧៣១៥០០២០៥ ឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ ដើមខ្សែពិសេស ថ្នាក់លេខ៤ នៃក្របខណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ជំនួសលោក ខូយ ឌី ដែលបានចូលនិវត្តន៍។ ដោយឡែក លោក ខូយ ឌី ក៏ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ តែងតាំងបន្ត ជាអនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល។

បន្ទាប់ពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងនូវការស្វាគមន៍ និងបានជម្រាបជូនអំពីស្ថានទូទៅ ព្រមទាំងវឌ្ឍនភាពលើវិស័យសុខាភិបាល ក្នុងខេត្តពោធិ៍សាត់នោះរួចមក, លោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ថ្មី បានប្តេជ្ញាស្មោះត្រង់ជានិច្ចចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសូងសុខាភិបាល និងរដ្ឋបាលខេត្ត។ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តការងារ តាមតួនាទីភារកិច្ច ប្រកបដោយឆន្ទះ មនសិការវិជ្ជាជីវៈ កែលម្អនូវរាល់ចំណុចខ្វះខាត នៃការដឹកនាំ និងអភិវឌ្ឍផ្នែកសុខាភិបាល ជាក្តីរំពឹងរបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។ រក្សាសាមគ្គីឯកភាពផ្ទៃក្នុង អង្គការដៃគូ និងគ្រប់ស្ថាប័ន ព្រមទាំងបន្តសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍យកគម្រូរៀមច្បងបន្ថែម និងគោរពទទួលយកនូវរាល់ប្រសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តទ្វេឡើងថែមទៀត។

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសរំលេចពីសារៈសំខាន់ នៃប្រធានបទថ្ងៃនេះ គឺតម្រូវឱ្យបុគ្គលម្នាក់ៗទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ត្រូវបន្តការអភិវឌ្ឍនូវចំណេះដឹងជំនាញ បង្កើនសមត្ថភាពវិជ្ជាជីវៈ ជាមួយនឹងការទំនាក់ទំនងល្អ ធ្វើការងារជាក្រុម មានភាពរវៀសរវៃ គិតទុកជាមុន នូវស្ថានភាពដែលអាចកើតមានឡើង ដើម្បីយើងបានត្រៀមទុកជាស្រេច នូវដំណោះស្រាយទាន់ពេលវេលា ក្នុងករណីចាំបាច់។

លោកសាស្រ្តាចារ្យ បានលើកឡើងពីតួនាទីដ៏សំខាន់របស់បុគ្គលិកសុខាភិបាលម្នាក់ៗ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ ប្រកបដោយសុច្ឆន្ទៈ មោះមុត ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីជាការផ្តល់នូវតម្លៃ ទំនុកចិត្តដល់ក្រុមការងារ អ្នកជំងឺ និងក្រុមគ្រួសារ។ មន្ត្រីសុខាភិបាល ត្រូវតែជាអ្នកដែលអាចប្រាស្រ័យទាក់ទង បានចេះឈឺឆ្អាល និងផ្តល់នូវការគាំទ្រគ្នាទៅវិញទៅមក ដោយភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍រួម គឺការបម្រើសេវាសុខភាពប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព និងសមធម៌ជូនអ្នកជំងឺ ហើយត្រូវតែតម្កល់ផលប្រយោជន៍ និងសុវត្ថិភាពរបស់អ្នកជំងឺជាចម្បង។

ឆ្លៀតក្នុងឱកាសនេះ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់លោកប្រធានមន្ទីរថ្មី ត្រូវបន្តរួបរួមសាមគ្គីគ្នា និងបន្តអនុវត្តដូចជា៖

ទី១-ការកសាងសមត្ថភាពជំនាញបន្ថែម បន្តការរៀបចំវគ្គបណ្តុះបណ្តាល និងផលិតគ្រូបង្គោលឱ្យបានកាន់តែច្រើន រួមគ្នាបង្កើនធនធានមនុស្សឱ្យបានច្រើន។
ទី២-ត្រូវគោរពនិយាមក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានខ្ជាប់ខ្ជួន។
ទី៣-អ្នកដាក់ថ្នាំសណ្តំ ត្រូវកំណត់ឱ្យបានច្បាស់ ហើយត្រូវមានវិន័យ ដែរស្ថិតនៅផ្លូវបំបែកទាំងបច្ចេកវិទ្យា និងគុណធម៌ ហើយត្រូវគោរពអ្នកជំងឺគ្រប់ពេល។
ទី៤-ត្រូវឈរលើគុណភាពឈរលើការប្រតិបត្តិ សាមគ្គី ប្រុងប្រយ័ត្ន ហ្មត់ច្មត់ និងបណ្តុះបណ្តាលជាបន្ត។ ត្រូវខិតខំធ្វើយ៉ាងណាលើកកម្ពស់ ឱ្យកាន់តែប្រសើរឡើង ហើយត្រូវកសាងអ្នកជំនាញជំនាន់ថ្មី ដើម្បីឱ្យទទួលបានការជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី មានសង្ឃឹមយ៉ាងមុតមាំថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តថ្មី និងមន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់ទាំងអស់ ពិតជាអនុវត្តនូវតួនាទី ភារកិច្ច និងយកចំណេះដឹង បទពិសោធន៍ការងារ និងខិតខំនិងស្វែងរកនូវបច្ចេកវិទ្យាថ្មីៗយកមកអនុវត្ត៕