លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់អ្នកជំនាន់ក្រោយ បន្តយកចិត្តទុកដាក់លើការគាំពារមនុស្សចាស់នៅក្នុងសង្គម និងរួមចំណែកលើកស្ទួយវប្បធម៌ដ៏ផូរផង់ររបស់ខ្មែរ (Video inside)

13-10-2025 10:16

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំពាវនាវដល់យុវជន-យុវតីជំទាន់ក្រោយ សូមបន្ដយកចិត្ដទុកដាក់លើការគាំពារមនុស្សចាស់នៅក្នុងសង្គម និងបន្ដរួមចំណែកលើកស្ទួយវប្បធម៌ផូរផង់របសខ្មែរយើង ឱ្យបានកាន់តែរុងរឿងនិរន្ដរ៍ទៅ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកជំទាវបណ្ឌិត ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិព័រណ៌ លោកយាយអប្សរា ដែលជាស្នាដៃរបស់ក្រុម ហ្វៀល ដឺរើម និងអង្គការមូលនិធិកុមារកម្ពុជា មានលោក ស្កុត នីសិន ស្ថានិក និងនាយកប្រតិបត្តិ។ ពិធីនេះបានប្រព្រឹត្តទៅនៅសារមន្ទីរជាតិកម្ពុជា នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងបន្ដថា ជាក់ស្ដែងដូចពិព័រណ៍នេះ គឺមិនត្រឹមតែលើកស្ទួយមនុស្សចាស់នៅតំបន់ស្ទឹងមានជ័យប៉ុណ្ណោះទេ ប៉ុន្តែជាការលើកស្ទួយវប្បធម៌ប្រពៃណី និងជាវេទិកាមួយដែលលើកស្ទួយមនុស្សចាស់នៅកម្ពុជាទាំងមូលផងដែរ ព្រោះថាសង្គមនិងវប្បធម៌ប្រពៃណីខ្មែរ បានផ្តល់ការគោរពទៅលើការមើលថែមនុស្សវ័យចំណាស់។

ក្នុងនោះកម្មវិធីទ្រទ្រង់មនុស្សចាស់របស់អង្គការមូលនិធិកុមារកម្ពុជា ស្របទៅនឹងគោលនិយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវគុណភាពជីវិតរបស់មនុស្សវ័យចំណាស់តាមរយៈការលើកស្ទួយជីវភាព និងសុខមាលភាពរបស់មនុស្សចាស់ ដែលជាក់ស្តែងរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តគោលនិយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ (២០១៧-២០៣០) ដើម្បធានាឲ្យបានមនុស្សត្រូវបានជំរុញឲ្យចូលរួមយ៉ាងពេញលេញដោយសេចក្តីថ្លៃថ្នូរនៅក្នុងគ្រួសារ សហគមន៍ និងសង្គមដែលពួកគាត់រស់នៅ។

«ដូច្នេះនាងខ្ញុំសង្ឃឹមថាពិព័រណ៍នេះអាចបង្ហាញឲ្យឃើញ កាន់តែទូលំទូលាយនូវសារសំខាន់នៃការគាំពារមនុស្សចាស់នៅកម្ពុជាយើង ព្រមទាំងផ្សារភ្ជាប់យ៉ាងជិតស្និទទៅនឹងវប្បធម៌ជាតិខ្មែររបស់ដូនតាយើង។ ខ្ញុំសូមអំពាវនាវដល់យុវជនយុវតី ជំនាន់ក្រោយបន្តយកចិត្តទុកដាក់លើការគាំពារមនុស្សចាស់នៅក្នុងសង្គម និងបន្តរួមចំណែកលើកស្ទួយវប្បធម៌តាមគ្រប់លទ្ធភាពតាមរូបភាពដែលអាចធ្វើទៅបាន»។នេះតាមការបញ្ជាក់បន្ថែមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ទន្ទឹមនឹងនោះលោកជំទាវបណ្ឌិត ក៏បានថ្លែងអបអរសារទរដល់អង្គការមូលនិធិកុមារកម្ពុជា ដែលរៀបចំពិព័រណ៍គម្រោងលោកយាយអប្សរានេះឡើងបានយ៉ាងជោគជ័យម្តងទៀត។ នេះគឺជាគម្រោងមួយនៅក្នុងចំណោមគម្រោង និងសកម្មភាពសំខាន់ៗជាច្រើនដែលអង្គការមូលនិធិកុមារកម្ពុជា បានធ្វើឡើងនៅក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។

លោកជំទាវបណ្ឌិត បានកោតសសើរដោយស្មោះម្តងហើយម្តងទៀតចំពោះលោក Scott និងបុគ្គលិកនៃអង្គការ CCS ទាំងអស់ ដែលបានចូលរួមបេសកកម្មក្នុងការផ្លាស់ប្តូរជីវិតកុមារ ជាជនរងគ្រោះដែលរស់នៅក្នុងតំបន់ដែលជាអតីតកន្លែងចាក់សំរាមស្ទឹងមានជ័យ ហើយមិនតែជីវិតកុមារទាំងអស់នោះទេ គឺ CCS និងលោក Scott បានលើកស្ទួយជីវភាពប្រជាជន ជាពិសេសលោកយាយដែលរស់នៅតំបន់នោះឱ្យបានល្អប្រសើរឡើង ហើយបានវាយតម្លៃខ្ពស់ចំពោះអង្គការមូលនិធិកុមារកម្ពុជា ដែលមានគំនិតផ្តួចផ្តើមនូវកម្មវិធីទ្រទ្រង់មនុស្សចាស់ ហើយមិនមែនតែកម្មវិធីនេះទេដែលលោកជំទាវបណ្ឌិតបានចូលរួម គឺមានកម្មវិធីជាច្រើនទៀតកន្លងមក មានលោកតាលោកយាយសម្តែងសិល្បៈរាំ។

លោកជំទាវបណ្ឌិតបានគូសរម្លឹកថា «ខ្ញុំបានជួបលោក Scott រយៈពេលជាង១០ឆ្នាំមកហើយតាំងពី២០១៣ ខ្ញុំឃើញក្មួយៗមានការផ្លាស់ប្តូររៀនចប់វិទ្យាល័យ ឥលូវចូលរៀនមហាវិទ្យាល័យទៀត នេះជាមោទនភាព និងសូមថ្លែងអំណរគុណដល់លោក Scott ដែលបានខិតខំប្រឹងប្រែងជួយ ជាពិសេសនៅក្នុងថ្ងៃនេះគម្រោងលោកយាយអប្សរាតែម្តង ដែលផ្តួចផ្តើមឡើងដោយលោក Scott និងមូលនិធិកុមារកម្ពុជា CCS ដើម្បីជួយដល់លោកតាលោកយាយដែលមានអាយុច្រើន អត់មានសាច់ញាតិ មិនអាចប្រកបរបរចិញ្ចឹមជីវិតបាន ដោយបានទទួលការមើលថែរ មានការប្រាស្រ័យទាក់ទងជាមួយសហគមន៍ ជាពិសេសគឺយុវជនជំនាន់ក្រោយ»។

មួយវិញទៀតលោកជំទាវបណ្ឌិតក៏បានថ្លែង ពីការលើកឡើងពីអារម្មណ៍លោកយាយៗ ដែលស្លៀកពាក់ក្នុងសម្លៀកបំពាក់អប្សរាថា «ពីមុនមានលោកយាយខ្លះបានប្រាប់ថា មួយជីវិតមិនដែលបានស្លៀកពាក់បែបនេះទេ លោកយាយខ្លះបានប្រាប់ថា គាត់មានមោទនភាពដែលបានតុបតែងបែបនេះ ទោះបីស្លាប់ទៅក៏អស់ចិត្តដែរ។ នេះហើយដែលជាគម្រោងនៃលោកយាយអប្សរា គឺធ្វើយ៉ាងណាលើកទឹកចិត្តលោកយាយ បង្ហាញពីក្តីស្រលាញ់ដែលពួកយើងមានចំពោះលោកយាយ ដើម្បីផ្លាស់ប្តូរលោកយាយពីអ្នកហ្វឹកហាត់ក្លាយជាតួអង្គអប្សរាមួយរូប ដែលទាំងអស់នេះហើយ ជាការផ្សាភ្ជាប់ជាមួយនឹងវប្បធម៌ដ៏ផូរផង់របស់យើងថែមទៀត»

លោកជំទាវបណ្ឌិតបានសង្កត់ធ្ងន់ថា យើងដឹងហើយថាសម្លៀកបំពាក់អប្សរានេះ គឺជាតំណាងឲ្យវប្បធម៌ និងអរិយធម៌ដ៏សែនចំណាស់ ព្រមទាំងបង្ហាញនូវតម្លៃនៃភាពទន់ភ្លន់របស់ស្រ្តីខ្មែរ ដែលជាមោទនភាពរបស់ប្រទេសកម្ពុជាយើង។ សំលៀកបំពាក់អប្សរានេះអាចស្លៀកពាក់បានគ្រប់វ័យទាំងអស់។ ពេលឃើញលោកយាយស្លៀកពាក់បែបនេះ លោកជំទាវបណ្ឌិត ក៏ចង់ស្លៀកដូចគ្នាដែរពិតជាស្រស់ស្អាតណាស់។

អប្សរា គឺជាអត្តសញ្ញាណជាតិរបស់ខ្មែរយើង ដែលត្រូវបានទទួលស្គាល់ពីគ្រប់ជម្ឈដ្ឋាននៃសង្គមខ្មែរបច្ចុប្បន្ន និងនៅលើឆាកអន្តរជាតិ ដូច្នេះការរៀបចំពិព័រណ៍គម្រោងលោកយាយអប្សរានាពេលនេះ គឺពិតជាមានសារៈសំខាន់មួយ ក្នុងការចូលរួមចំណែកលើកស្ទួយមនុស្សចាស់ ក៏ដូចជាការលើកស្ទួយវប្បធម៌ខ្មែរឲ្យកាន់តែមានភាពរីកចម្រើន​និងរស់រវើកនៅក្នុងសង្គម។ ជាក់ស្តែងការតាំងបង្ហាញរូបថតលោកយាយៗ ដែលបានគ្រងនូវឈុតអប្សរានាពេលនេះ គឺជាការយកចិត្តដាក់របស់យើងទាំងអស់គ្នាចំពោះមនុស្សចាស់ ដោយរួមផ្តល់ក្តីសង្ឃឹមដល់ពួកគាត់តាមលទ្ធភាព។

លោកជំទាវបណ្ឌិតបានជឿជាក់ថា តាមរយៈពិព័រណ៍លោកយាយនឹងទទួលបានស្នាមញញឹមនិងមោទនភាព ដែលបានមកពីការទទួលស្គាល់ និងការផ្តល់តម្លៃ ជាពិសេសការផ្តល់ក្តីស្រលាញ់ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងនៅក្នុង និងនៅក្រៅប្រទេស ព្រមទាំងបញ្ជាក់ថាលោកយាយគឺមិននៅឯកានោះទេ។ អ្វីៗដែលលោកយាយបានបង្ហាញនៅពេលនេះ គឺត្រឹមតែជាចូលរួមចំណែកលើកស្ទួយសិល្បៈវប្បធម៌ខ្មែរប៉ុណ្ណោះទេ តែជាការបង្ហាញនូវស្នាមញញឹមប្រកបដោយក្តីសង្ឃឹម ក្នុងនាមជាស្រ្តីខ្មែរមួយដែលខិតខំប្រឹងប្រែងតស៊ូ ជំនះគ្រប់ឧសគ្គស្ទើពេញមួយជីវិត ដើម្បីសម្រេចនូវក្តីស្រមៃរបស់ខ្លួន។

សូមជម្រាបថានៅក្នុងកម្មវិធីនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ជូនដល់លោកយាយ បងប្អូន កូន ក្មួយ ដែលបានចូលរួមក្នុងកម្មវិធីនាពេលនោះផងដែរ៕