រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងចូលរួមកិច្ចប្រជុំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីការពារជាតិបីប្រទេស និងពិធីបិទលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពកម្ពុជា-ឡាវ-វៀតណាម នៅប្រទេសឡាវ (Video inside)

13-10-2025 10:55

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន រដ្ឋមន្ត្រីការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបីប្រទេស កម្ពុជា-ឡាវ-វៀតណាម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីការពារជាតិបីប្រទេស និងពិធីបិទលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រដ្ឋធានីវៀងច័ន្ទន៍។

ការអញ្ជើញចូលរួមកិច្ចប្រជុំរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងបញ្ជាក់ជាថ្មីម្តងទៀត នូវចំណងមិត្តភាព សាមគ្គីភាពដ៏យូរអង្វែង និងការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជា នៃកងយោធពលខេមរភូមិន្ទ រវាងកងទ័ពប្រជាជនឡាវ និងកងទ័ពប្រជាជនវៀតណាម សំដៅបង្កើននូវទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយគ្នាទៅវិញទៅមក ឱ្យកាន់តែស៊ីជម្រៅរឹងមាំបន្ថែមទៀត ស្របគ្នានេះដែរ ក៏ចូលរួមការពារថែរក្សានូវសន្តិសុខ សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ ប្រកបដោយចីរភាព និងសាមគ្គីភាព មិត្តភាព សម្រាប់តំបន់ និងសកលលោកទាំងមូល៕